កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ុយក្រែន ស្នើមិនឱ្យក្រុមអឺរ៉ុបប្រកួតទល់ក្រុម U17 រុស្ស៊ី បើទោះមានការអនុញ្ញាតពី UEFA
29, Sep 2023 , 2:13 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អ៊ុយក្រែន (FA) បានដាក់លិខិតស្នើទៅកាន់ក្រុមប្រទេសសមាជិកនៃសមាគមបាល់ទាត់អឺរ៉ុបទាំងអស់កុំឱ្យក្រុមរបស់ពួកគេប្រកួតទល់នឹងក្រុមអាយុក្រោម ១៧ឆ្នាំ រុស្ស៊ី បើទោះបីជាមានការសម្រេចចិត្តអនុញ្ញាតឱ្យមានការប្រកួតឡើងវិញសម្រាប់ប្រទេសរុស្ស៊ីទៅលើកម្រិតយុវជនពីសំណាក់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA)។



ការសម្រេចចិត្តរបស់ UEFA ក៏មិនមានការគាំទ្រជាឯកច្ឆ័ន្ទផងដែរពីសំណាក់សមាជិកនៃសហព័ន្ធ បន្ទាប់ពីស្ថាប័នគ្រប់គ្រងបាល់ទាត់ដ៏ធំមួយនេះបានហាមឃាត់ភាគីរុស្ស៊ី ទាំងអស់បន្ទាប់ពីការលុកលុយចូលក្នុងប្រទេសអ៊ុយក្រែកកាលពីខែកុម្ភៈ ឆ្នាំ ២០២២។ ចំពោះការស្នើរបស់អ៊ុយក្រែន FA អង់គ្លេស បានប្រកាសថានឹងមិនអនុញ្ញាតឱ្យអង់គ្លេសលេងទល់នឹងក្រុមរុស្ស៊ីឡើយ ហើយចំណែកស៊ុយអែតក៏បានប្រាប់ទៅក្រុម U17 របស់ខ្លួនមិនឱ្យរៀបចំការប្រកួតជាមួយ U17 រុស្ស៊ី។
 
​UEFA បានផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីដើមសប្តាហ៍នេះ ចំពោះការសម្រេចចិត្តពីការបញ្ចូលក្រុមរុស្ស៊ីវិលចូលការប្រកួតឡើងវិញសម្រាប់ពានរង្វាន់ជើងឯកអឺរ៉ុប បុរស និងស្ត្រី ដែលនឹងប្រព្រឹត្តិទៅនៅឆ្នាំ ២០២៤ ដោយសារការចាប់ឆ្នោតវគ្គជម្រុះរៀងៗខ្លួននៃក្រុមបុរស នារី រុស្ស៊ី ត្រូវបានធ្វើឡើងរួចរាល់។
 
បើតាមសម្តីលោក Aleksander Ceferin ប្រធាន ​UEFA កីឡាករយុវជនត្រូវមានទោស និងមិនគួទទួលខុសត្រូវចំពោះសកម្មភាពរបស់រដ្ឋាភិបាលរុស្ស៊ីនោះទេ។ ប៉ុន្តែយ៉ាងណាក្តី ជំហរបស់អ៊ុយក្រែន នៅតែមិនចង់ឱ្យមានវត្តមានដែលតំណាងរុស្ស៊ីនៅក្នុងការប្រកួតអន្តរជាតិណាមួយឡើយ ប្រសិនបើប្រទេសរុស្ស៊ី មិនព្រមដកខ្លួនចេញ និងបញ្ឈប់សង្គ្រាមនៅក្នុងទឹកដីប្រទេសអ៊ុយក្រែន។
 
«យើងជឿជាក់ថាជំហានណាមួយឆ្ពោះទៅរកការរួមបញ្ចូលតំណាងរុស្ស៊ីឡើងវិញគឺជានិន្នាការដ៏គ្រោះថ្នាក់ និងគួរឱ្យភ័យខ្លាច ដែលមានន័យថាគ្មានអ្វីក្រៅពីការគាមទ្រដល់អំពើភេរវករុស្ស៊ី និងឧក្រិដ្ឋកម្មទាំងអស់របស់ពួកគេដែលបានប្រព្រឹត្តិនៅក្នុងប្រទេសអ៊ុយក្រែន។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ FA អ៊ុយក្រែន។
 
ការប្រកួតព្រឹត្តិការណ៍ពានរង្វាន់ UEFA U17 ជុំផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសស៊ីប នៅឆ្នាំ ២០២៤ ខណៈដែលការប្រកួត UEFA women’s U17 នឹងធ្វើឡើងនៅក្នុងប្រទេសស៊ុយអែតក្នុងខែឧសភា ឆ្នាំក្រោយដូចគ្នា។
 
បន្ទាប់ពីការហាមឃាត់ក្រុមរបស់ប្រទេសរុស្ស៊ីពីការប្រកួតអឺរ៉ុប UEFA ក៏បានដកហូតសិទ្ធិជាម្ចាស់ផ្ទះរបស់រុស្ស៊ីសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០២២ និង ២០២៣ Super Cup ដែលត្រូវធ្វើឡើងនៅក្នុងទីក្រុង Saint Peterburg និងក្នុងទីក្រុង Kazan រៀងៗខ្លួន ព្រមទាំងលុបចោលកិច្ចសន្យាឧបត្ថម្ភជាមួយនឹងក្រុមហ៊ុនយក្សរបស់ប្រទេសរុស្ស៊ី Gazprom ផងដែរ៕
 

Tag:
 UEFA
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com