អន្តរជាតិ
ថៃ នឹងបាញ់ផ្កាយរណបអង្កេតផែនដីទីពីរ នៅសប្តាហ៍ក្រោយ
29, Sep 2023 , 7:29 pm        
រូបភាព
ថៃ នឹងបាញ់ផ្កាយរណប THEOS-2 ដែលជាផ្កាយរណបអង្កេតផែនដីទីពីររបស់ខ្លួននៅថ្ងៃទី៧ ខែតុលា ពីមជ្ឈមណ្ឌលអវកាស Guiana នៅតំបន់អាម៉េរិកខាងត្បូង។ នេះបើតាមការប្រកាសរបស់រដ្ឋមន្រ្តីឧត្តមសិក្សា ការស្រាវជ្រាវ និងនវានុវត្តន៍ថៃ Supamas Isarabhakdi។

 
ក្នុងសន្និសីទសារព័ត៌មាននៅក្រសួងឧត្តមសិក្សា លោកស្រី Supamas Isarabhakdi បានប្រកាសពីការបាញ់ផ្កាយរណបអង្កេតផែនដីទីពីររបស់ខ្លួន ដែលកាន់គម្រោងដោយទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាអវកាស និងព័ត៌មានភូមិសាស្រ្ត (GISTDA) ចាប់តាំងពីឆ្នាំ២០១៩ មក។ 
 
«ការបាញ់ផ្កាយរណបនេះ ជាដំណើរវិវដ្តដ៏សំខាន់សម្រាប់ការអភិវឌ្ឍនវានុវត្តន៍ និងបច្ចេកវិទ្យាអវកាសថៃ»។ លោកស្រី Supamas បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២៧ ខែកញ្ញា ដោយបន្តថា ក្រសួង ក៏កំពុងរៀបចំគម្រោងលើ ផ្កាយរណបអង្កេតផែនដី THEOS-3 ផងដែរ ដើម្បីបង្កើនជំនាញរបស់ប្រទេសលើបច្ចេកវិទ្យាអវកាស។ 
 
ទន្ទឹមនេះ លោកស្រីរដ្ឋមន្រ្តីនវានុវត្តន៍រូបនេះ បានបន្ថែមថា បាញ់ផ្កាយរណបអង្កេតផែនដី THEOS-2 នឹងជួយប្រទេសក្នុងការគ្រប់គ្រងទិន្នន័យធនធានធម្មជាតិ ដែលអាចគ្រប់គ្រងដោយទីភ្នាក់ងាររដ្ឋ និងឯកជន។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
ទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាអវកាស និងព័ត៌មានភូមិសាស្រ្ត (GISTDA) បានកាន់គម្រោងផ្កាយរណប THEOS-2 ចាប់តាំងពីឆ្នាំ២០១៩ មក ក្នុងទំហំទឹកប្រាក់ប្រមាណ ២១៣,៤លានដុល្លារ។ 
 
ផ្កាយរណបដែលមានទម្ងន់៤២៥គីឡូក្រាមមួយនេះ នឹងបាញ់ចេញពីមជ្ឈមណ្ឌលអវកាសនៅអាម៉េរិកខាងត្បូង 
ក្នុងថ្ងៃទី៧ ខែតុលាខាងមុខ ហើយរដ្ឋមន្រ្តីថៃ ក៏នឹងតាមដានព្រឹត្តិការណ៍នោះផងដែរ។ 
 
តាមការបញ្ជាក់របស់លោក Pakorn Apaphant នាយកទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាអវកាស និងព័ត៌មានភូមិសាស្រ្ត ផ្កាយរណប THEOS-2 នឹងត្រូវប្រើប្រាស់សម្រាប់ផែនការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍកសិកម្ម ការគ្រប់គ្រងគ្រោះមហន្តរាយ និងការបញ្ចេញឧស្ម័នកាបូនជាដើម។ 
 
នាយកទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាអវកាស ក៏បញ្ជាក់ផងដែរថា ផ្កាយរណប THEOS-2 នឹងប្រើពេលពី៥ទៅ៦ថ្ងៃ ដើម្បីចូលទៅក្នុងគន្លងរបស់ផែនដី ហើយដាក់ក្នុងការសាកល្បងរយៈពេល ៦ខែសិន មុននឹងប្រតិបត្តិការពេញលេញ។ 
 
គួររំឭកថា ថៃបានបាញ់ផ្កាយរណបអង្កេតផែនដី THEOS-1 ដែលជាផ្កាយរណបដំបូងរបស់ខ្លួន តាំងពី១៥ឆ្នាំមុនមកម្លេះ៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com