សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ញូវយ៉កនៅតែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេរបស់ពិភពលោក
29, Sep 2023 , 9:29 pm        
រូបភាព
រូបភាពពី New York Post ។
រូបភាពពី New York Post ។
ទីក្រុងញូវយ៉កបន្តក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេរបស់ពិភពលោក ចាប់តាំងពីវ៉ាដាច់ទីក្រុងឡុងដ៍ក្នុងខែកញ្ញា ឆ្នាំ២០១៨ ។ នេះបើតាមសន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុសកល (GFCI) ។

 
ទីក្រុងញូវយ៉ករបស់អាម៉េរិកនៅតែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេរបស់ពិភពលោក ខណៈដែលទីក្រុងឡុងដ៍តាមពីក្រោយដោយឈរនៅលំដាប់ទី២។ ប៉ុន្តែញូវយ៉ក កំពុងប្រឈមមុខនឹងការប្រជែងដ៏ខ្លាំងក្លាពីសិង្ហបុរី និងហុងកុង។ 
 
លើសពីនេះ​ ទីក្រុងញូវយ៉កបន្តស្ថិតក្នុងទីតាំងនាំមុខគេ ដោយកាន់កាប់ ៧៦៣ពិន្ទុនៅក្នុងក្របខ័ណ្ឌនៃការស្ទង់មតិ១៤៧កត្តាជាមួយនឹងមជ្ឈមណ្ឌលចំនួន១២១ រួមទាំងធនាគារពិភពលោក អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD ) និងអង្គការសហប្រជាជាតិ។
 
ចំណែកទីក្រុងឡុងដ៍បានបង្រួមគម្លាតជាមួយទីក្រុងញូវយ៉កបន្តិចដោយមានត្រឹមតែ ៧៤៤ពិន្ទុ។ ចំណាត់ថ្នាក់នេះ អាចធ្វើឱ្យវិនិយោគិនមិនសូវព្រួយបារម្ភទោះក្រុមហ៊ុនល្បីៗដូចជាក្រុមហ៊ុនរចនាបន្ទះឈីប Arm Holdings របស់អង់គ្លេសបានសម្រេចចិត្តចុះបញ្ជីនៅទីក្រុងញូវយ៉ក។
 
យ៉ាងណាមិញ បច្ចុប្បន្នសិង្ហបុរីខ្វះតែ ២ពិន្ទុប៉ុណ្ណោះ អាចតាមពីក្រោយទីក្រុងឡុងដ៍ដែលមាន ៧៤២ពិន្ទុ ខណៈហុងកុងខ្វះត្រឹមតែ ១ពិន្ទុប៉ុណ្ណោះឈរចំណាត់ថ្នាក់លេខ៣ ដែលជាសញ្ញានៃការប្រជែងដ៏ស្វិតស្វាញសម្រាប់ចំណាត់ថ្នាក់លេខ២នេះ ។
 
សន្ទស្សន៍នេះត្រូវបានចងក្រងជារៀងរាល់ប្រាំមួយខែម្តងដោយស្ថាប័នប្រឹក្សា Z/Yen មានមូលដ្ឋាននៅទីក្រុងឡុងដ៍ និងវិទ្យាស្ថានអភិវឌ្ឍន៍ចិន។ ការស្ទង់មតិបានបង្ហាញថា អាម៉េរិកដំណើរការបានល្អជាងគេដោយមានមជ្ឈមណ្ឌលអាម៉េរិកចំនួន៥ ក្នុងចំណោមលំដាប់ទាំង១០ ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសេដ្ឋកិច្ចអាម៉េរិក៕
 

Tag:
 ញូវយ៉ក
  ឡុងដ៍
  មជ្ឈមណ្ឌលហិរញ្ញវត្ថុ
  អាម៉េរិក
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com