អន្តរជាតិ
ប្រធានាធិបតីទីម័រខាងកើតថា គ្មានការជជែកពីកិច្ចសហប្រតិបត្តិការយោធាជាមួយចិនឡើយ
29, Sep 2023 , 3:27 pm        
រូបភាព
លោក Jose Ramos-Horta ប្រធានាធិបតីទីម័រខាងកើត។ រូបភាព AFP
លោក Jose Ramos-Horta ប្រធានាធិបតីទីម័រខាងកើត។ រូបភាព AFP
ប្រធានាធិបតីទីម័រខាងកើត លោក Jose Ramos-Horta បានបញ្ជាក់យ៉ាងច្បាស់ៗថា ទីម័រខាងកើត មិនបានពិភាក្សាកិច្ចសហប្រតិបត្តិការយោធាជាមួយចិន នៅក្នុងការអភិវឌ្ឍទំនាក់ទំនងការទូតទ្វេភាគីឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែកញ្ញា។

 
នៅសប្តាហ៍មុន នាយករដ្ឋមន្រ្តីទីម័រខាងកើត លោក Xanana Gusmao និងលោកប្រធានាធិបតីចិន ស៊ី ជិនភីង បានចុះហត្ថលេខាលើក្របខណ្ឌយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយផ្តោតលើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម។ ក្របខណ្ឌនេះ ក៏រួមបញ្ចូលទាំងការផ្តល់ហិរញ្ញវត្ថុ និងកម្ចីពាណិជ្ជកម្មពីសំណាក់ចិនផង។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Reuters ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា លោក Jose Ramos-Horta ប្រធានាធិបតីទីម័រខាងកើត បាននិយាយការពារថា រដ្ឋាភិបាលទីម័រខាងកើត មិនបានពិភាក្សាកិច្ចសហប្រតិបត្តិការយោធាជាមួយចិនទេ។ ការបញ្ជាក់បែបនេះ ធ្វើឡើងស្របពេលបណ្តាប្រទេសមួយចំនួន កំពុងបង្ហាញពីក្តីបារម្ភចំពោះសកម្មភាពចិន ដែលតែងព្យាយាមពង្រីកឥទ្ធិពលយោធា ក៏ដូចជាកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍ។ 
 
«ពេលនេះ យើងមិនមានកិច្ចព្រមព្រៀងលើកម្ចីណាមួយជាមួយចិនឡើយ»។ លោកប្រធានាធិបតីទីម័រខាងកើត បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា រដ្ឋាភិបាលរបស់លោក មិនធ្លាប់ជជែកពីកិច្ចសហប្រតិបត្តិការយោធាជាមួយចិនឡើយ ហើយភាគីចិន ក៏មិនបានលើកពីប្រធានបទកិច្ចសហប្រតិបត្តិការនោះដែរ។ 
 
ទន្ទឹមនេះ ប្រមុខរដ្ឋទីម័រខាងកើត បានបន្តថា នៅថ្ងៃអនាគត រដ្ឋាភិបាលទីក្រុងឌីលី អាចនឹងស្នើរកកម្ចីពីចិន ប៉ុន្តែខ្លួននឹងមិនទទួលកម្ចីដែលមានអត្រាការប្រាក់ខ្ពស់ គ្មានចីរភាព និងមិនអាចគ្រប់គ្រងបានផងដែរ។ 
 
កន្លងមក អ្នកនយោបាយអូស្រ្តាលី បានបង្ហាញពីក្តីបារម្ភថា ចិន និងទីម័រខាងកើត អាចមានការផ្លាស់ប្តូរយោធាជាមួយគ្នា ក្រោយក្របខណ្ឌយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ត្រូវបានចុះហត្ថលេខា។ 
 
ស្របគ្នានេះ មេដឹកនាំទីម័រខាងកើត បានប្តេជ្ញាថា ប្រទេសលោក នឹងមិនអនុញ្ញាតឱ្យមានកម្លាំងបរទេសណាមួយ មានវត្តមាននៅលើទីម័រខាងកើត ដែលអាចបង្កគ្រោះថ្នាក់ដោយគោលនយោបាយអព្យាក្រឹតរបស់អាស៊ាន ឬសន្តិភាព និងសន្តិសុខឡើយ។ ទីម័រខាងកើត ត្រូវបានរំពឹងថា នឹងក្លាយជាសមាជិកអាស៊ានផ្លូវការ នៅឆ្នាំ២០២៥។ កន្លងមក មេដឹកនាំអាស៊ាន បានទទួលប្រទេសមួយនេះជាសមាជិកជាគោលការណ៍រួចហើយ។
 
ដោយមានក្តីបារម្ភពីសំណាក់អ្នកនយោបាយអូស្រ្តាលីបែបនេះ លោក Ramos-Horta បានបកស្រាយថា ទីម័រខាងកើត មានកិច្ចសហប្រតិបត្តិការសន្តិសុខដ៏សំខាន់ជាមួយអូស្រ្តាលី ដោយកន្លងមកប្រទេសមួយនេះ បានផ្តល់ទាំងទីប្រឹក្សាប៉ូលិស និងយោធា រួមទាំងទូកល្បាតមកឱ្យខ្លួន៕ 
 

Tag:
 ចិន
  ទីម័រខាងកើត
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com