សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ម៉ាឡេស៊ី​កំពុងខ្វះ​អង្ករ​ដែលផលិត​ក្នុង​ស្រុក
29, Sep 2023 , 8:29 pm        
រូបភាព
ផ្សារលក់អង្ករមួយកន្លែងនៅម៉ាឡេស៊ី ។ រូបភាព  FAIHAN GHANI ។
ផ្សារលក់អង្ករមួយកន្លែងនៅម៉ាឡេស៊ី ។ រូបភាព FAIHAN GHANI ។
តម្លៃអង្ករនាំចូលបានកើនថ្លៃខ្ពស់ បន្ទាប់ពីការប្រែប្រួលតម្លៃអង្ករពិភពលោកបណ្តាលឱ្យប្រជាជនម៉ាឡេស៊ីប្រញាប់ប្រញាល់ទិញអង្ករក្នុងស្រុករហូតដល់អស់ពីស្តុក។ បច្ចុប្បន្នតម្លៃអង្ករនាំចូលមានតម្លៃចន្លោះពី ៦,៣៧ ដល់ ១៤,៨៧ ដុល្លារសម្រាប់ ១០ គីឡូក្រាម។

 
ផ្សារទំនើប និងហាងលក់គ្រឿងទេសតូចៗជាច្រើននៅម៉ាឡេស៊ីមានធ្នើរទទេ ព្រោះអង្ករក្នុងស្រុកទម្ងន់ ៥គីឡូក្រាម និង ១០គីឡូក្រាមត្រូវបានអតិថិជនទិញអស់ពីស្តុក។ លោក Ameer Ali Mydin នាយកប្រតិបត្តិនៃបណ្តាញផ្សារទំនើប Mydin បាននិយាយថា កង្វះខាតនេះគឺដោយសារតែការកើនឡើងនៃតម្លៃខុសគ្នារវាងអង្ករដែលផលិតក្នុងស្រុក និងនាំចូល។
 
លោក Ameer Ali Mydin បាននិយាយាថា ៖ « ការខ្វះខាតនេះកើតឡើងដោយសារអ្នកប្រើប្រាស់មានការព្រួយបារម្ភនៅពេលដែលពួកគេឃើញភាពខុសគ្នានៃតម្លៃ។ ពួកគេប្រញាប់ប្រញាល់ទិញនិងស្តុកទុក​»។ 
 
បើតាម Nikkei Asia នៅម៉ាឡេស៊ី អង្ករក្នុងស្រុកគឺជាទំនិញដែលគ្រប់គ្រងដោយការកំណត់តម្លៃ ២៦រីងហ្គីត (៥,៥៤ដុល្លារ) ក្នុង ១០គីឡូក្រាម។ យ៉ាងណា វិស័យផលិតស្រូវអាចបំពេញតម្រូវការបានត្រឹមតែ ៧០ភាគរយប៉ុណ្ណោះ។ ដូច្នេះប្រទេសនេះត្រូវនាំចូលអង្ករជាចម្បងពីប្រទេសឥណ្ឌា ប៉ាគីស្ថាន ថៃ វៀតណាម និងកម្ពុជា។
 
អង្ករដែលនាំចូលជាទូទៅមានតម្លៃថ្លៃជាងអង្ករក្នុងស្រុកចាប់តាំងពីមុនពេលមានការកើនឡើងតម្លៃពិភពលោកនាពេលថ្មីៗនេះ។ បច្ចុប្បន្ន​តម្លៃ​អង្ករ​ដែល​នាំ​ចូល​មាន​តម្លៃ​ចន្លោះ​ពី៣០ទៅ៧០រីងហ្គីត (៦,៣៧ដល់១៤,៨៧ដុល្លារ) សម្រាប់១០គីឡូក្រាម។
 
ការ​ឡើង​ថ្លៃអង្ករពិភពលោក​បាន​ធ្វើ​ឱ្យ​តម្រូវ​ការ​អង្ករ​ក្នុង​ស្រុក​ដែល​មាន​តម្លៃ​ថោក​ឡើង​ថ្លៃផដែរ។ Kumaran អាយុ ៥៧ឆ្នាំ ជាកម្មករសំណង់នៅទីក្រុង Subang Jaya កាលពីចុងខែកញ្ញា បានជួបការលំបាកក្នុងការទិញអង្ករនៅក្នុងស្រុក។ លោក​បន្ត​ថា​៖ «​អ្នក​មិន​អាច​រក​អង្ករ​ក្នុង​ស្រុក​បាន​ទេ បើ​ស្ថានភាព​នេះ​នៅ​តែ​បន្ត​ទៀត អ្នក​រាល់​គ្នា​នឹង​រង​ផល​ប៉ះពាល់»។
 
អាកាសធាតុ​ស្ងួត​ដោយសារ​បាតុភូត El Nino បាន​ប៉ះពាល់​ដល់​ផលិតកម្ម​ស្រូវ​របស់​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ​នេះរ។ ភោជនីយដ្ឋាន និង​ហាងបាយ​មួយ​ចំនួន​កំពុងទទួលរងពីការ​ឡើង​ថ្លៃ​អង្ករ។ 
 
សន្ទស្សន៍តម្លៃអង្កររបស់អង្គការស្បៀងអាហារ និងកសិកម្មបានឈានដល់១៤២,៤ ក្នុងខែសីហា កើនឡើង៣១ភាគរយធៀបពេលដូចគ្នាក្នុងឆ្នាំ២០២២ ស្របពេលមានកង្វះខាតអង្ករជាសកល និងការហាមឃាត់ការនាំចេញគ្រាប់ធញ្ញជាតិរបស់ឥណ្ឌាចាប់តាំងពីខែកក្កដា។  
 
កាលពីដើមសប្តាហ៍នេះ លោក Chan Foong Hin អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ីបានព្យាករថា កង្វះខាតអង្ករក្នុងស្រុកនឹងត្រូវបានដោះស្រាយនៅពេលដែលការប្រមូលផលនៅរដ្ឋ Kedah បានចាប់ផ្តើម។
 
ម៉ាឡេស៊ីកំពុងព្យាយាមបង្កើនផលិតកម្មក្នុងស្រុកជាមួយនឹងកម្មវិធីពិសេសអង្ករសក្នុងស្រុក (BPT)។ ទន្ទឹមនេះ រដ្ឋាភិបាលបានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីក្នុងការបង្កើនផលិតកម្មស្រូវ និងប្រាក់ចំណូលរបស់កសិករដោយត្រូវដាំដំណាំស្រូវចំនួន ៥ដងក្នុងរយៈពេល ២ឆ្នាំ ដើម្បីបង្កើនផលិតភាព និងនាំមកនូវអត្រាផ្គត់ផ្គង់ស្រូវជាតិឱ្យបាន ៨០ភាគរយនៅឆ្នាំ២០៣០៕
 
 

Tag:
 ម៉ាឡេស៊ី
 ​អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com