ជាតិ
សង្គមជាតិ
ទិវាមនុស្សចាស់១តុលា! ជួយមនុស្ស​ចាស់គឺជួយយើងទាំងអស់គ្នា
29, Sep 2023 , 8:59 pm        
រូបភាព
ទិវាមនុស្ស​ចាស់កម្ពុជា និងទិវាមនុស្ស​ចាស់អន្តរជាតិ​លើកទី​២៥ នឹងប្រព្រឹត្តិទៅ​នៅថ្ងៃទី១ ខែតុលា​ក្រោម​ប្រធានបទ «ការជួយមនុស្ស​ចាស់គឺជួយយើងទាំងអស់គ្នា»។ សម្រាប់ទិវានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចេញសារាចរណែនាំ​នា​ថ្ងៃ២៩ ខែកញ្ញា ឱ្យមាន​ការ​ចូល​រួមយ៉ាងផុសផុល​ក្នុងការរំលឹកគុណូបការៈ​របស់មនុស្ស​វ័យ​ចាស់ ដែល​បាន​សាង និងបន្សល់​ទុក​នូវ​កេរមរតកសម្រាប់កូន​ចៅជំនាន់ក្រោយ។

 
ប្រមុខ​រដ្ឋាភិបាល ណែនាំ​ដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ត្រូវ សហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិដែលពាក់ព័ន្ធ រួម​គ្នា​អបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ឱ្យបានអធិកអធម។
 
«រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តផ្តល់ការអន្តរាគមន៍ជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់បន្ថែមទៀតនៅតាមសហគមន៍មូលដ្ឋានឱ្យបានទូទាំងព្រះរាជាណាចក្រកម្ពុជា ស្របតាមផែនការដែលបានកំណត់ ឈរ​លើស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្សវ័យចាស់ទូទៅ»។ នេះជាការលើកឡើង​របស់សម្តេច ហ៊ុន ម៉ាណែត ដោយជំរុញឱ្យមាន​ការផ្សព្វផ្សាយទូលំទូលាយពី​សារសំខាន់នៃគោលនយោបាយ​ជាតិស្តីពីមនុស្ស​វ័យ​ចាស់​២០១៧-២០៣០។
 
សម្រាប់​​មនុស្ស​វ័យចាស់ ជរា ពិការ ក្រីក្រ គ្មានទីពឹង សម្តេចលើកទឹកចិត្ត​ដល់ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរ​ជាតិ បន្តជួយគាំទ្រ​កម្មវិធីអភិវឌ្ឍសមាគមមនុស្សចាស់ដែលមានស្រាប់ ហើយ​គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចុះសំណេះ​សំណាលជាមួយមនុស្សវ័យចាស់ ស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ នៅតាម​មូលដ្ឋាន វត្តអារាម វិហារសាសនា។
 
ចំពោះក្រសួងអប់រំ យុវជន និងកីឡា សម្តេចបានជំរុញឱ្យមាន​ចលនា សិស្ស និស្សិត ឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា ចាស់ ព្រឹទ្ធាចារ្យ និងឱ្យយល់ដឹងអំពីការប្រែប្រួលរបស់មនុស្សវ័យចាស់ ព្រមទាំងបង្កើតកម្មវិធីក្រៅម៉ោង​សិក្សា​ចុះសួរសុខទុក្ខមនុស្សវ័យចាស់ រីឯក្រសួងធម្មការ និង​សាសនាត្រូវធ្វើការណែនាំចលនាតាមវត្តអារាម វិហារសាសនា​ទូ តាម​រយៈ បព្វជិតសាសនា ដៃគូអភិវឌ្ឍ សប្បុរសជននានា និងមូលនិធិផ្សេងទៀត ដើម្បីឱ្យមានសកម្មភាពជួយ​ឧបត្ថម្ភគាំទ្រពីប្រជាជនដល់មនុស្សវ័យចាស់ ជាពិសេស​អាចឱ្យពួកគាត់ស្នាក់នៅសមរម្យ មានអាហារទទួលទាន អាចសម្រាន្ត​លក់​ស្ងប់អារម្មណ៍ និង អាចតាំងសមាធិ សមាទានសីល ព្រមទាំងទទួលបានសេវាថែទាំផ្សេងៗ​។
 
សម្តេចនាយករដ្ឋមន្ត្រី ក៏បានជំរុញ​ក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ​ក៏ដូចជាគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវនូវ​ខ្លឹមសារសកម្មភាពក្នុងឱកាសទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលានេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com