ជាតិ
បាកាណអង្គរវត្តកម្ពស់៦៥ម៉ែត្រកំពុងជួសជុលពង្រឹងឡើងវិញក្នុងដំណាក់កាលទី៣
29, Sep 2023 , 9:59 pm        
រូបភាព
រួតកាបាណប្រាសាទអង្គរវត្តដែលកំពុងទទួលបានការជួសជុល។ រូបភាពពីអាជ្ញាធរជាតិអប្សរា
រួតកាបាណប្រាសាទអង្គរវត្តដែលកំពុងទទួលបានការជួសជុល។ រូបភាពពីអាជ្ញាធរជាតិអប្សរា
សៀមរាប៖ ប្រាង្គបាកាណប្រាសាទអង្គរវត្ត កំពុងទទួលបានការជួសជុលក្នុងដំណាក់កាលទី៣ ខណៈដែលអ្នកជំនាញចាត់ទុកការជួសជុលនៅទីតាំងនេះមានភាពលំបាកខុសឆ្ងាយពីកន្លែងដទៃ។

 
មន្រ្តីបច្ចេកទេសជួសជុលខឿនបាកាណប្រាសាទអង្គរវត្ត លោក រ៉ូ សុវណ្ណដារដ្ឋ បានឱ្យដឹងថា បច្ចុប្បន្នការងារនៅរួតបាកាណកំពុងជួសជុលនៅប៉ែកអាគ្នេយ៍ គឺនៅជ្រុងខាងត្បូងទិសខាងកើត។ លោកបន្តថា នេះជាដំណាក់កាលទី៣ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ ខណៈដែលដំណាក់​កាលទី១និងទី២ បានបញ្ចប់នៅចុងឆ្នាំ២០២២កន្លងទៅ។ 
 
មន្រ្តីដដែលបញ្ជាក់ថា បញ្ហាប្រឈមនៃរួតបាកាណ គឺការហែកញែកនៃថ្ម ដែលទាមទារឱ្យ​យកចិត្តទុកដាក់ ដោយត្រូវទាមដែកទប់កុំឱ្យវារហែកបន្ថែមទៀត។ ការទុកចោល​កង្វះការថែទាំកន្លងមក​ធ្វើឱ្យឫសឈើបានចាក់ហែកញែកថ្ម និងធ្វើឱ្យមានចន្លោះហើយទឹកបានហូរច្រោះពេលមានភ្លៀងម្ដងៗ។ មន្រ្តីនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាពន្យល់ថា ក្រុមការងារបានរុញថ្ម​ចូលគ្នាវិញ និងពង្រឹងដោយប្រើដែកទាមទប់តាមស្រទាប់មួយៗជាង២០ស្រទាប់ និងប្រើថ្មដើម្បីជំនួសទីតាំងថ្មចាស់ដែលបាត់ជាដើម។
 
បញ្ហាលំបាកនៃការជួសជុលរួតបាកាណ ដោយសារទីតាំងខ្ពស់ធ្វើឱ្យការដឹកជញ្ជូនថ្មត្រូវប្រើកម្លាំងមនុស្ស ទាំងស្រុង។ ស្ថិតនៅជាន់ទី៣ រួតបាកាណមានកម្ពស់៦៥ម៉ែត្រពីជាន់ផ្ទាល់ដីនៃប្រាសាទអង្គរវត្ត។ គេពុំអាចយកគ្រឿងចក្រចូលបានទេ គឺប្រើកម្លាំងមនុស្សនិងកៅឡាក់ដើម្បីរុញថ្មពីជាន់មួយទៅជាន់មួយ។ នេះជាការបញ្ជាក់ពីលោក រ៉ូ សុវណ្ណដារដ្ឋ។ លោកបន្ថែមថា៖« ថ្មធំៗពិបាកលើក ហើយទីតាំងចង្អៀតពិបាកធ្វើការ»។
 
ក្រោយពីជួសជុលរួចរាល់ហើយ មន្រ្តីជំនាញមានទំនុកចិត្តថា រួតបាកាណប្រាសាទអង្គរវត្ត នឹងមានភាពរឹងមាំ អាចឈរប្រកួតសម្រស់ឱ្យយុវជនជំនាន់ក្រោយបានទស្សនាបានរាប់រយឆ្នាំទៀត ដ្បិតគេបានពង្រឹងរចនាសម្ព័ន្ធបន្ថែម ពិសេសគឺការទប់ស្កាត់ការហែកញែកនៃថ្ម។ គម្រោងនេះនឹងបន្តជួសជុលនៅជ្រុងផ្សេងទៀត តាមដំណាក់កាលៗ៕
 
 

Tag:
 បាកាណអង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com