កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករកីឡាអេឡិចត្រូនិកកូរ៉េខាងត្បូង អាចរួចផុតកាតព្វកិច្ចយោធា បើឈ្នះមេដាយមាសកីឡាអាស៊ី
29, Sep 2023 , 10:29 pm        
រូបភាព
ក្រុមកីឡាករកីឡាអេឡិចត្រូនិកកូរ៉េខាងត្បូង​ នឹងអាចគេចផុតកាតព្វកិច្ចយោធា ប្រសិនបើពួកគេប្រកួតឈ្នះមេដាយមាសនៅព្រឹត្តិការណ៍កីឡាអាស៊ី Asian Games ក្នុងទីក្រុងហាងចូវ នៅលើវិញ្ញាសារ ​League of Legends។ ការអនុញ្ញាតសម្រាប់ការមិនបំពេញកាតព្វកិច្ចយោធា គឺជាការលើកទឹកចិត្តពីកូរ៉េខាងត្បូងសម្រាប់អត្តពលិកខ្លួន ដើម្បីប្រឹងប្រែងប្រជែងមេដាយមាសមួយកម្រិតទៀត។



តារាកីឡាអេឡិចត្រូនិកដ៏ល្បីលើពិភពលោក Faker លើប្រភេទវិញ្ញាសារ League of Legends គឺជាកីឡាករម្នាក់ស្ថិតក្នុងចំណោមអត្តពលិកកូរ៉េខាងត្បូងដែលមានភាពល្បីល្បាញខ្លាំងមិនថាក្នុងប្រទេស និងក្រៅប្រទេស។ ឈ្មោះដើម Lee Sang-hyeok ឬរហស្សនាមក្នុងការប្រកួត ​Faker បច្ចុប្បន្នគឺជាកីឡាករអាជីពលើវិញ្ញាសារកីឡា League of Legends ដោយលេងឱ្យក្រុម T1 ដើរតួរជាកីឡាករដៃ Mid-laner ដែលជាការប្រកួតនៅលើបណ្តាញកុំព្យូទ័រដ៏ល្បីអស់រយៈពេលជាច្រើនឆ្នាំ។ 
 
Faker បានឈ្នះពានរង្វាន់ពិភពលោកចំនួន ៣ League of Legends World Championships នៅក្នុងឆ្នាំ ២០១៣, ២០១៥ និង ២០១៦ ព្រមទាំងពានរង្វាន់ Mid-Season Invitationals នៅក្នុងឆ្នាំ ២០១៦ និង ២០១៧ ផងដែរ។ ក្រៅពីនេះ កីឡាករវ័យ ២៧ឆ្នាំ ក៏ធ្លាប់បានឈ្នះពានរង្វាន់ជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូងដោយរួមមានពានរង្វាន់បូកសរុបចំនួន ១០នៃពាន LCK និង Champions Korea។
  


រាល់យុវជនភេទប្រុសរបស់ប្រទេសកូរ៉េខាងត្បូងដែលមានអាយុចន្លោះពី១៨ ដល់ ២៨ឆ្នាំ ត្រូវតែចូលរួមកាតព្វកិច្ចយោធាមួយលើក រយៈពេលចន្លោះពី ១៨ខែ ដល់ ២ឆ្នាំ ដើម្បីជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងការការពារការប្រឆាំងរបស់ប្រទេសកូរ៉េខាងជើង។ យុវជនកូរ៉េខាងត្បូង ជារៀងរាល់ឆ្នាំប្រមាណជាង ១សែននាក់ត្រូវបានតម្រូវឱ្យចូលបំពេញកាតព្វកិច្ចយោធា។
 
ប៉ុន្តែសម្រាប់អត្តពលិក និងសិល្បករអាចទទួលបានការលើកលែង ប្រសិនបើពួកគេត្រូវបានគេមើលឃើញថាបានលើកតម្កើងកិត្យានុភាពជាតិ តាមរយៈការឈ្នះពានរង្វាន់អន្តរជាតិ ឬថ្នាក់ជាតិមួយចំនួនដូចជាមេដាយអូឡាំពិក ឬមេដាយមាសកីឡាអាស៊ីជាដើម។
 
ជាក់ស្តែងខ្សែប្រយុទ្ធក្រុម Tottenham Hotspur កីឡាករ Heung-min Son ធ្លាប់បានរួចផុតពីកាតព្វកិច្ចយោធានៃប្រទេសកូរ៉េខាងត្បូង ក្រោយរូបគេបានជួយក្រុមដណ្តើមបានមេដាយមាសព្រឹត្តិការណ៍កីឡាអាស៊ី នៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ឆ្នាំ ២០១៨។ ប៉ុន្តែក្នុងលក្ខខណ្ឌនេះមិនមានកីឡាករក្រុមកូរ៉េខាងត្បូងណាមួយអាចទទួលបានសិទ្ធិនេះនោះទេ ដោយហេតុ Son ក៏ជាកីឡាករកំពុងប្រកបអាជីពនៅប្រទេសអង់គ្លេស។
 
ច្បាប់នៃការបម្រើយោធាត្រូវបានកែប្រែជាងច្រើនឆ្នាំមុន ដើម្បីអនុញ្ញាតឱ្យតារា K-Pop ល្បីឈ្មោះខ្លាំងរួចផុតពីកាតព្វកិច្ចយោធា ដែលត្រូវជ្រើសរើសការពន្យាពេលដល់អាយុ ៣០ឆ្នាំ ប៉ុន្តែពួកគេនៅតែជៀសវាងមិនផុតទាំងស្រុងនោះទេ។
 
ដោយឡែននៅការប្រកួត Asian Games 2022 វិញក្រុមកីឡាអេឡិចត្រូនិកកូរ៉េខាងត្បូងលើវិញ្ញាសារ League of Legends ពួកគេបានរកឃើញផ្លូវសម្រាប់ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយទម្លាក់ក្រុមម្ចាស់ផ្ទះចិននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២វគ្គ ទល់នឹង ០ ដែលការប្រកួតមួយលើកមាន ៣វគ្គ (Best of 3)។ 
 
ក្រុមកូរ៉េខាងត្បូងនឹងត្រូវជួបក្រុមឆាយន្នីសតាយប៉ិ នៅវគ្គផ្តាច់ព្រ័ត្រវិញ្ញាសារ League of legends ខណៈដែលក្រុមម្ចាស់ផ្ទះចិន ត្រូវដណ្តើមមេដាយសំរឹទ្ធជាមួយនឹងក្រុមមកពីវៀតណាម៕
 

Tag:
 កីឡាអាស៊ី
  Asian Games
  កីឡាអេឡិចត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com