ជាតិ
រដ្ឋសម្រេចមិនយកអាករនាំចេញ ថ្មធម្មជាតិកែច្នៃ តែសកម្មជនបរិស្ថាន​បារម្ភ
29, Sep 2023 , 5:20 pm        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី SHM
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី SHM
ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចមិនយកអាករនាំចេញ ក្នុងនាំថ្មធម្មជាតិកែច្នៃ ហើយថ្មធម្មជាតិមិនទាន់កែច្នៃមួយចំនួនទៀត ត្រូវបានបញ្ចុះអត្រាអាករនៅត្រឹម៥ទៅ១០ភាគរយប៉ុណ្ណោះ ដើម្បីជួយឱ្យអាជីវកម្មថ្មមានភាពប្រសើរឡើង។ ប៉ុន្តែករណីនេះ បានក្លាយជាក្ដីបារម្ភរបស់សកម្មជន បរិស្ថានទៅវិញ។

 
រដ្ឋាភិបាលបានបញ្ចុះអត្រាអាករ នាំចេញថ្មធម្មជាតិមិនទាន់កែច្នៃ ពី៣០ភាគរយ នៅត្រឹម១០ភាគរយ។ ថ្មធម្មជាតិមិនទាន់កែច្នៃទាំងនេះ មាន៨មុខទំនិញធំៗ។ ទំនិញ៨មុននេះ ដូចជាថ្មអេកូស៊ីន ថ្មកំបោរ ថ្មកែវ មម៉ាប ថ្មត្រាវឺទីន អឺកូសីន មក្រានីត ថ្មផហ្វីរី ថ្មបាសាល ថ្មភក់ ដែលមិនទាន់ច្នៃ ឬគ្រាន់តែតម្រឹមជាដុំៗ។ 
 
ចំណែក ផ្ទាំងថ្មធម្មជាតិមិនទាន់កែច្នៃ ដូចជាថ្មអេកូស៊ីន ថ្មកំបោរ ថ្មកែវ មម៉ាប ថ្មត្រាវឺទីន អឺកូសីន មក្រានីត ថ្មផហ្វីរី ថ្មបាសាល និងថ្មភក់ ត្រូវបានបញ្ចុះអត្រាអាករ ពី៣០ភាគរយ មកនៅត្រឹម៥ភាគរយ។
 
លោក សាន់ ម៉ាឡា សកម្មជនបរិស្ថាន។ រូបពី ហ្វេសប៊ុកលោក ម៉ាឡា 

ដោយឡែក ថ្មធម្មជាតិកែច្នៃ ត្រូវបានរដ្ឋបញ្ចុះអត្រាអាករពី ២០ភាគរយ មកនៅ ០ភាគរយ។ ថ្មដែលបានកែច្នៃទាំងនេះ មានដូចជា ឥដ្ឋការ៉ូឡា ថ្ម​ទប់ចញ្ចើម​ថ្នល់ បន្ទះថ្មសម្រាប់​ក្រាល ការ៉ូ ដុំគូប ថ្មគ្រាប់ល្អិត​ៗជាដើម។ 
 
ដើមចមឈានដល់ការសម្រេចខាងលើនេះ ដោយសារមានក្រុមហ៊ុនអាជីវកម្មថ្មធម្មជាតិ រួមទាំងសាធារណជនមួយចំនួនបានស្នើសុំរដ្ឋាភិបាល ឱ្យពិនិត្យលទ្ធភាព ជួយដល់អាជីវកម្មថ្មធម្មជាតិ សម្រាប់នាំចេញទៅក្រៅប្រទេស ។ 
 
ដូចនេះ ដើម្បីជួយឱ្យអាជីវកម្មធម្មជាតិមានការរីកចម្រើន ទើបសម្ដេច ហ៊ុន ម៉ាណែត ទើប សម្ដេចសម្រេចបញ្ចុះនិងលើកលែងអត្រាអាករនាំចេញ។ 
 
«ថ្ងៃនេះខ្ញុំបានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិសម្រាប់នាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិខ្មែរ នៅលើទីផ្សារអន្តរជាតិ»។ សម្ដេច ហ៊ុន ម៉ាណែត សរសេរបែបនេះ លើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៩កញ្ញា។ 
 
បើទោះបីជានាយករដ្ឋមន្ត្រីអះអាងថា ការសម្រេចនេះ គឺដើម្បីជួយឱ្យថ្មធម្មជាតិកម្ពុជាដំណើរការល្អឆាកអន្តរជាតិ ប៉ុន្តែសកម្មជនបរិស្ថាន លោក សាន់ ម៉ាឡា មើលមិនឃើញភាពល្អប្រសើរឡើយ។ ជាការយល់ឃើញរបស់សកម្មជនរូបនេះ រដ្ឋាភិបាលតែខ្វះចន្លោះឬប្រមូលពន្ធបានតិចតួច ពាក់ព័ន្ធនឹងធនធានធម្មជាតិ បើធៀបនឹងការបាត់បង់ធនធនាធម្មជាតិដែលមានទំហំធំ។ «ដូច្នេះ ការលើកលែង ឬកាត់បន្ថយអាករនេះ វាធ្វើឱ្យរដ្ឋកាន់តែខាតបង់ រីឯក្រុមអ្នកមានលុយមានអំណាច កាន់តែមានឱកាសរកផលចំណេញបានច្រើនតាមរយៈ សកម្មភាពធ្វើឱ្យប៉ះពាល់ធនធានធម្មជាតិ»។ លោក សាន ម៉ាឡា ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធ តេឡេក្រាមបែបនេះ ហើយអ្វីដែលលោកបារម្ភ គឺការសម្រេចរបស់រដ្ឋាភិបាល នឹងអាចបង្កើនឱ្យមានសកម្មភាពទាញយកថ្ម តាមតំបន់ដែលសម្បូរ។ លើសពីនេះ សកម្មភាពទាញយកថ្ម នឹងប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋតាមមូលដ្ឋាន រួមទាំងបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិផ្សេងទៀតផងដែរ។ 
 
យ៉ាងណា សកម្មជនរូបនេះ ពុំឯកភាពលើការសម្រេចរបស់រដ្ឋាភិបាលឡើង ដោយឃើញរដ្ឋប្រឹងប្រមូលពន្ធពីពលរដ្ឋ ប៉ុន្តែបែរជា លើកលែងនិងបន្ថយពន្ធលើក្រុមឈ្មួញបំផ្លាញធនធានធម្មជាតិធំៗទៅវិញ៕ 
 

Tag:
 ថ្មធម្មជាតិកែច្នៃ
© រក្សាសិទ្ធិដោយ thmeythmey.com