អន្តរជាតិ
លោក អ៊ុក រ៉ាប៊ុន លើកទឹកចិត្តឱ្យពលរដ្ឋចិញ្ចឹមសត្វ និងដាំបន្លែកាន់តែច្រើន ដើម្បីធានាសន្តិសុខស្បៀង
29, Sep 2023 , 10:59 pm        
រូបភាព
រូបភាព៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
រូបភាព៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
ភ្នំពេញ៖ លោក អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី  ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានជំរុញឱ្យពលរដ្ឋចិញ្ចឹមសត្វកាន់តែច្រើន ដើម្បីលើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងមូលដ្ឋាន។



លោក បញ្ជាក់ ក្នុង​សិក្ខាសាលា​ស្តីពី​ ​«ការ​វិភាគ​លើ​ការ​បំពេញ​កង្វះ​សារជាតិ​ចិញ្ចឹម​នៅ​កម្ពុជា»​ នៅថ្ងៃទី២៧ ខែកញ្ញាថា ដ្បិត កម្ពុជាមានសេដ្ឋកិច្ចរីកចម្រើន ប៉ុន្តែពលរដ្ឋមួយចំនួននៅតែជួបការលំបាកក្នុងការទទួលបានរបបអាហារប្រកបដោយសុខភាពល្អ។ ការណ៍នេះ ក៏ដោយសារប្រព័ន្ធស្បៀងរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និងវិបត្តិនានា។
 
យោងតាមបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាព ឆ្នាំ២០២២ របស់ក្រសួងផែនការ កុមារអាយុក្រោម ៥ឆ្នាំ ប្រមាណ ២២ភាគរយ មានភាពក្រិសក្រិន, ១៦ភាគយ មិនគ្រប់ទម្ងន់ និង ១០ភាគរយ ស្គមស្គាំង។ ក្នុងពេលកម្ពុជាដែលកម្ពុជា ដាក់គោលដៅកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភនេះ ក៏មានបញ្ហាលើសអាហារូបត្ថម្ភកើនឡើង ៤ភាគរយ លើកុមារអាយុក្រោម ៥ឆ្នាំ ផងដែរ។  
 
បញ្ហាកង្វះអាហារូបត្ថម្ភ និងបញ្ហាលើសអាហារូបត្ថម្ភ ជាសញ្ញាបង្ហាញពីបម្រែបម្រួលសេដ្ឋកិច្ច និងជាការព្យាករណ៍ពីបញ្ហាប្រឈមកាន់តែធំថែមទៀត ដែលនឹងអាចកើតឡើងនាពេលអនាគត រួមទាំងបញ្ហាទាក់ទងនឹងជំងឺមិនឆ្លងនានា។ កង្វះអាហារូត្ថម្ភក្នុងវ័យដំបូងរបស់កុមារ មិនត្រឹមតែប៉ះពាល់ដល់សុខភាព និងមរណភាពរបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ប៉ះពាល់ដល់ការរីកចំរើនខាងសតិបញ្ញារបស់កុមារ ការសិក្សា និងផលិតភាពការងារ នាពេលអនាគត។ បញ្ហាទាំងនេះ មិនត្រឹមតែផ្នែកសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែ វាបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូលដែរ។
 
ចំពោះមុខ អ៊ុក រ៉ាប៊ុន ជំរុញឱ្យពលរដ្ឋចិញ្ចឹមសត្វ ដាំដំណាំជាលក្ខណៈគ្រួសារ ឬសហគមន៍ ដើម្បីដោះស្រាយបញ្ហាសន្តិសុខស្បៀងផ្ទាល់ខ្លួន។ លោក លើកទឹកចិត្តពលរដ្ឋបរិភោគអាហារធម្មជាតិចម្រុះមុខដែលសម្បូរទៅដោយសារជាតិចិញ្ចឹម ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត និងគ្រាប់ធ​ញ្ញជាតិ និងអាហារបញ្ជូលមីក្រូសារជាតិ ជាដើម។ 
 
មិនមែនតែពលរដ្ឋ ដែលរួមចំណែកកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភ តែមន្រ្តីពាក់ព័ន្ធ ក៏ត្រូវបន្តវិនិយោគលើការពង្រឹងពិពិធកម្មស្បៀងអាហារ ដោយផ្តោតលើការធ្វើពិពិធកម្មដំណាំ និងគ្រាប់ពូជដំណាំ ដែលមានភាពស៊ាំទៅនឹងការបម្រែបម្រួលអាកាសធាតុ។
 
លោកស្រី អានណែលូ ឌូវាល់ (Annelaure Duval) នាយិកាស្តីទីអង្គការកម្មវិធីស្បៀងអាហារពិភពលោក និងលោកស្រី ហែនឌី អ៊ី តំណាងអង្គការ UNICEF បានលើកឡើងស្របគ្នាថា ប្រព័ន្ធស្បៀងតែមួយមុខមិនគ្រប់គ្រាន់។ ដូច្នេះ ដើម្បី​បំពេញ​កង្វះ​សារជាតិ​ចិញ្ចឹម ទាមទារឱ្យមានការគាំពារសង្គម សុខាភិបាល ពាណិជ្ជកម្ម និងកសិកម្ម ដើម្បីធ្វើយ៉ាងណាផ្ដល់របបអាហារសុខភាព និងសម្បូរទៅដោយសារធាតុចិញ្ចឹមគ្រប់គ្រាន់ ជាពិសេស សម្រាប់កុមារ និងស្ត្រី។ 
 
បើតាមអ្នកទាំងពីរ ការប្រែប្រួលអាកាសធាតុ បានជះឥទ្ឋិពលយ៉ាងខ្លាំងដល់ប្រព័ន្ធស្បៀងអាហារនៅកម្ពុជា ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ពលរដ្ឋទូទៅ ជាពិសេសជនងាយរងគ្រោះ។ ដូច្នេះ  គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវមានការចូលរួមអន្តរាគមន៏ ដើម្បីដោះស្រាយបញ្ហាកង្វះសារធាតុចិញ្ចឹមនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព៕
 

Tag:
 កសិកម្ម
  សន្តិសុខស្បៀង
  អ៊ុក រ៉ាប៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com