សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តម្លៃផ្ទះនៅអាម៉េរិកកើនខ្ពស់ ខណៈអាល្លឺម៉ង់ធ្លាក់ចុះខ្លាំង
29, Sep 2023 , 5:59 pm        
រូបភាព
រូបភាព Reuters ។
រូបភាព Reuters ។
តម្លៃផ្ទះនៅអាម៉េរិកបានឡើងថ្លៃ ៦ខែជាប់ៗគ្នានៅក្នុងបរិបទនៃការផ្គត់ផ្គង់លំនៅដ្ឋានបានធ្លាក់ចុះដល់កម្រិតទាបដែលជំរុញឱ្យតម្លៃផ្ទះកើនឡើង។ ផ្ទុយទៅវិញ តម្លៃផ្ទះនៅអាល្លឺម៉ង់បានកត់ត្រាការធ្លាក់ចុះយ៉ាងខ្លាំងដែលមិនធ្លាប់មានពីមុន ក្រោមសម្ពាធអត្រាការប្រាក់ខ្ពស់។​

 
យោងតាមសន្ទស្សន៍តម្លៃផ្ទះអាម៉េរិករបស់ S&P CoreLogic Case-Shiller បានចេញផ្សាយកាលពីថ្ងៃទី ២៦ ខែកញ្ញា បានបង្ហាញពីការកើន ០,៦ភាគរយនៅខែកក្កដាធៀបនឹងខែមុន បើធៀបទៅនឹងគ្រាដូចគ្នាឆ្នាំមុនសន្ទស្សន៍បានកើនដល់ ១ភាគរយ។
 
តម្លៃផ្ទះនៅអាម៉េរិកមានការធ្លាក់ចុះ ៧ខែជាប់គ្នា ដែលថយចុះ ៥ភាគរយគិតត្រឹមចុងខែមករាឆ្នាំនេះ ដោយសារតែអត្រាការប្រាក់ខ្ពស់ ការប្រឆាំងអំពើពុករលួយ និងអតិផរណាដែលកម្រិតដោយធនាគារកណ្តាលអាមេរិក (Fed) ។ បន្ទាប់​មក ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ការ​ផ្គត់ផ្គង់​លំនៅឋាន​បាន​ជំរុញ​ឱ្យ​តម្លៃ​ផ្ទះ​ឡើង​វិញ​ជា​បន្តបន្ទាប់។
 
ទីក្រុង​ដែល​មាន​ការ​កើនថ្លៃផ្ទះ​ខ្លាំង​បំផុត​នៅ​ខែ​កក្កដា បើ​ធៀប​នឹងគ្រាដូចគ្នា​ឆ្នាំ​មុនគឺ​ទីក្រុង Chicago ដែល​មាន​ការ​កើន​ឡើង ៤,៤ភាគរយ តាមពីក្រោយទីក្រុង Cleveland ជាមួយនឹងការកើនថ្លៃ ៤ភាគរយ និងទីក្រុង New York ជាមួយនឹងការកើន ៣,៨ភាគរយ ។ 
 
ផ្ទុយទៅវិញ ទីក្រុងដែលបានកត់ត្រាការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃផ្ទះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ភាគច្រើនភាគខាងលិចអាម៉េរិក។ តម្លៃ​ផ្ទះ​បាន​ធ្លាក់​ចុះ​ខ្លាំង​បំផុត​នៅ​ Las Vegas ​ថយ​ចុះ ៧,២ភាគរយនៅ​ខែ​កក្កដា​ធៀប​នឹង​ឆ្នាំ​មុន ខណៈ Phoenix ការថយចុះ ៦,៦ភាគរយ។
 
កត្តាដែលជំរុញដោយការផ្គត់ផ្គង់លំនៅដ្ឋានទាបនៅអាម៉េរិក ដោយសារតែការកើនឡើងអត្រាការប្រាក់កម្ចីទិញផ្ទះ។ អត្រាការប្រាក់ជាមធ្យមលើការបញ្ចាំផ្ទះក្នុងអត្រាថេររយៈពេល ៣០ឆ្នាំនៅខែសីហា គឺច្រើនជាង ៧ភាគរយ។ នេះបើយោងតាមទិន្នន័យពី Freddie Mac ។
 
មិនដូចនៅអាម៉េរិកទេ តម្លៃផ្ទះនៅអាល្លឺម៉ង់កំពុងធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមក។ យោងតាមស្ថិតិចុងក្រោយបង្អស់នៅក្នុងត្រីមាសទី២ឆ្នាំនេះ តម្លៃផ្ទះនៅក្នុងប្រទេសនេះបានធ្លាក់ចុះ ៩,៩ភាគរយធៀបគ្រាដូចគ្នាឆ្នាំមុន។ 
 
តួយ៉ាងដូចជាទីក្រុង Berlin, Hamburg និង Munich តម្លៃអាផាតមិនបានថយចុះ ៩,៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
 
អស់រយៈពេលមួយទសវត្សរ៍ អត្រាការប្រាក់ទាបបានត្រួសត្រាយផ្លូវសម្រាប់ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃផ្ទះនៅអាល្លឺម៉ង់ ដែលជាទីផ្សារវិនិយោគអចលនទ្រព្យដ៏ធំបំផុតរបស់អឺរ៉ុប។ យ៉ាងណា ដោយសារអត្រាការប្រាក់ និងតម្លៃសំណង់កើនឡើង នាំឲ្យតម្លៃផ្ទះដែលធ្លាប់តែកើនខ្ពស់ត្រូវបានបញ្ចប់។ 
 
គម្រោងសាងសង់អាផាតមិននៅអាល្លឺម៉ង់នៅខែកក្កដាបានថយចុះ ៣១,៥ភាគរយធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ខណៈដែលតម្លៃសំណង់បានកើនឡើងប្រហែល ៩ភាគរយ។ រដ្ឋាភិបាលអាល្លឺម៉ង់មានបំណងសាងសង់ផ្ទះល្វែងចំនួន ៤០០ពាន់ខ្នងផ្ទះក្នុងមួយឆ្នាំ ប៉ុន្តែប្រឈមមុខនឹងឧបសគ្គជាច្រើន។
 
សមាគមសាងសង់គេហដ្ឋានអាល្លឺម៉ង់ GdW ដែលតំណាងឱ្យអាជីវកម្មចំនួន ៣០០០ក្រុមហ៊ុនបានព្រមានអំពីវិបត្តិនេះ ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលគាំទ្រក្រុមហ៊ុនសំណង់។ រដ្ឋាភិបាលអាល្លឺម៉ង់ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមកញ្ចប់គាំទ្រសម្រាប់វិស័យសំណង់នៅចុងខែនេះ បន្ទាប់ពីបានប្រកាសអំពីវិធានការមួយចំនួនដូចជាការកាត់បន្ថយនីតិវិធីរដ្ឋបាលសម្រាប់វិស័យនេះ៕ 
 

Tag:
 អាល្លឺម៉ង់
  អាម៉េរិក
  អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com