ជាតិ
ក្រសួងអប់រំយក​សាលារដ្ឋចំនួន​២០នៅ​ភ្នំពេញ និងព្រះសីហនុ ដើម្បី​សាកល្បង​បង្រៀន​ភាសាចិន
29, Sep 2023 , 6:59 pm        
រូបភាព
ដោយ: រួបរួម
ដោយ​មើលឃើញពីអត្ថប្រយោជន៍ជាច្រើន​នៃ​ភាសាចិននៅកម្ពុជា ទាំងទីផ្សារ និងការសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បាន​កំណត់​យក​សាលាមធ្យមសិក្សាសាធារណៈចំនួន២០នៅក្នុងរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ ដើម្បីសាកល្បង បង្រៀនភាសាចិន។

 
ក្នុងជំនួប​ពិភាក្សា​ជាមួយ​គណៈប្រតិភូនៃមជ្ឈមមណ្ឌលសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិន  កាលពីថ្ងៃទី​២៨ ខែកញ្ញា លោក​ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន​រំលឹកពីអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងអប់រំកម្ពុជា ជាមួយសមភាគី​ចិន​ស្តីពី «ការអភិវឌ្ឍកម្មវិធីសិក្សាភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា»។
 
ក្រោយអនុស្សរណៈ រដ្ឋមន្ត្រីអប់រំកម្ពុជា បានអះអាងពីការ​ខិតខំ​អនុវត្តការងារ ដោយ​បង្កើតបាន​បង្កើតគណៈកម្មាធិការសម្របសម្រួលសម្រាប់ការអប់រំភាសាចិន ហើយ​ទទួលបានឯកភាពជាគោលការណ៍ឱ្យជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ចំនួន ២០ នាក់ ដោយ​ភាគីកម្ពុជាផ្តល់ជូន ៧១ ម៉ឺនរៀល ប្រហែល ១៨០ ដុល្លារ ហើយស្នើសុំឱ្យភាគីចិនជួយឧបត្ថម្ភបន្ថែម ៤០០ ដុល្លារ ក្នុងមួយខែ។ 



ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឈ្មោះសាលាមធ្យមសិក្សាសាធារណៈ ចំនួន ២០ នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ សម្រាប់​ការ​សាក​ល្បង​បង្រៀនភាសាចិន។ ជាមួយ​គ្នានេះ កម្ពុជា​បាន​ស្នើ​សុំទៅកាន់ភាគី​ចិន ឱ្យ​ចាត់តាំងមន្ត្រីអចិន្ត្រៃយ៍អប់រំភាសាចិននៅកម្ពុជាផងដែរ។
 
តាមការផ្សាយ​របស់ហ្វេសប៊ុក​ផ្លូវការក្រសួងអប់រំ កម្ពុជា​បាន​រៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ការអប់រំភាសាចិនរយៈពេល៥ឆ្នាំ (២០២៣ - ២០២៨) ហើយលោក ហង់ជួន​ ណារ៉ុន បាន​ស្នើ​ភាគីចិនពន្លឿនលក្ខណៈវិនិច្ឆ័យ នៃការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ការតេស្តប្រឡងភាសាចិន ថែមទៀតផង។
 
ភាគីចិនបានផ្តល់​ចម្លើ​យវិជ្ជមាន​អំពីប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់មន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ការ​ជួយរៀបចំតេស្តប្រឡងភាសាចិនសម្រាប់មន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ក៏ដូចជារៀបចំឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងការបង្រៀនភាសាចិនដល់មន្ត្រីជាប់កិច្ចសន្យា៕ 
 
ប្រភពរូប៖ Moeys Cambodia
 

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com