ជាតិ
រដ្ឋបាលខេត្តបាត់ដំបង ប្រាប់ពលរដ្ឋខ្លួនឱ្យស្វែងរកទីទួលសុវត្ថិភាព ដើម្បីគេចពីគ្រោះទឹកជំនន់
29, Sep 2023 , 9:10 pm        
រូបភាព
លោក សុខ លូ អភិបាលខេត្តបាត់ដំបង(បង់កប្រមាពណ៌ក្រហម) ចុះសួរសុខទុក្ខពលរដ្ឋ​ដែលកំពង់រងគ្រោះដោយទឹកជំនន់​ នាថ្ងៃទី២៩កញ្ញានេះ។ រូបថត៖ ហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង
លោក សុខ លូ អភិបាលខេត្តបាត់ដំបង(បង់កប្រមាពណ៌ក្រហម) ចុះសួរសុខទុក្ខពលរដ្ឋ​ដែលកំពង់រងគ្រោះដោយទឹកជំនន់​ នាថ្ងៃទី២៩កញ្ញានេះ។ រូបថត៖ ហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង
 បច្ចុប្បន្ន ទឹកស្ទឹងសង្កែនៅស្ថានីយ៍ក្រុងបាត់ដំបង  និងនៅតាមដងស្ទឹងសង្កែ កំពុងឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ។ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ណាមួយ រដ្ឋបាលខេត្តបាត់ដំបង បានប្រាប់ពលរដ្ឋខ្លួនដែលរស់នៅតាមបណ្តោយស្ទឹងនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់  និងស្វែងរកទីទួលមានសុវត្ថិភាព។



ពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងសង្កែក្នុងស្រុកសំឡូត ស្រុកបាណន់ ក្រុងបាត់ដំបង ស្រុកសង្កែ និងស្រុកឯកភ្នំ ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្ន  ដោយត្រូវរៀបចំឯកសារសំខាន់ៗ និងរកទីទួលសុវត្ថិភាពដែលនៅជិតបំផុត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង នាយប់ថ្ងៃទី២៩កញ្ញានេះ ដោយឱ្យពលរដ្ឋរាយការណ៍ជាបន្ទាន់ ក្នុងករណីរងការលិចលង់ណាមួយ។

ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏ប្រាប់ដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់  ត្រៀបរៀបចំផែនការអន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យ  និងត្រៀមបម្រុងសម្រាប់ការជម្លៀសពលរដ្ឋរងគ្រោះ ផងដែរ។ លើសនេះ មន្ត្រីមូលដ្ឋានត្រូវណែនាំពលរដ្ឋឱ្យយកចិត្តទុកដាក់លើបញ្ហាអនាម័យ ដើម្បីចៀសវាងនូវជំងឺឆ្លងនានា៕

© រក្សាសិទ្ធិដោយ thmeythmey.com