កីឡាជាតិ
ជាតិ
CPL៖ គ្រូបឹងកេត ថាមើលស្រាលដៃគូ ជាកំហុស ស្របពេលគ្រូណាហ្គាមើលឃើញពីការរីកចម្រើនរបស់ក្រុមក្នុងលីគ
30, Sep 2023 , 7:59 am        
រូបភាព
លោក Clement Teo គ្រូបឹងកេតនៅខាងឆ្វេងដៃ និងខាងស្ដាំលោក Jose គ្រូណាហ្គាវើលដ៍ រូបពីក្លិបបឹងកេត
លោក Clement Teo គ្រូបឹងកេតនៅខាងឆ្វេងដៃ និងខាងស្ដាំលោក Jose គ្រូណាហ្គាវើលដ៍ រូបពីក្លិបបឹងកេត
លោក Clement Teo គ្រូបង្វឹកបឹងកេត យល់ឃើញថា បរាជ័យរបស់ណាហ្គាវើលដ៍កន្លងមក អាចជាសំណាងមិនល្អ ព្រោះណាហ្គាវើលដ៍មានចំណុចខ្លាំងច្រើន។



លោក Clement Teo អះអាងបែបនេះក្នុងសន្និសីទកាសែតមុនជំនួបបឹងកេត-ណាហ្គាវើលដ៍ក្នុងជំនួបលីគកំពូលកម្ពុជាសប្តាហ៍ទី៧ ដោយបន្ថែមថា ការមើលងាយដៃគូ នឹងធ្វើឲ្យក្រុមបរាជ័យ។ លោក Jose Alves Borges គ្រូបច្ចេកទេសណាហ្គាវើលដ៍ មើលឃើញថា ការធ្លាក់ចុះគុណភាពប្រកួតរបស់ក្រុម ដោយសារគ្រប់ក្លិប សុទ្ធតែបានអភិវឌ្ឍបច្ចេកទេស ហើយកីឡាករជាតិ និងអន្ដរជាតិ មានកម្រិតខ្លាំង ស្របពេល ណាហ្គាវើលដ៍ មានកីឡាករបរទេសរបួស និងត្រូវព្យាបាលនៅអឺរ៉ុប និងជប៉ុន។
 
ការប្រកួតសប្ដាហ៍ទី៧ នៃពានរង្វាន់លីគកំពូល (Cambodian Premier League 2023-2024) នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្លិបបឹងកេត ត្រូវស្វាគមន៍ ណាហ្គាវើលដ៍ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦ ល្ងាច។
 
ក្នុងសន្និសីទមុនប្រកួតនេះ លោក Clement Teo បានចាត់ទុកថាណាហ្គាវើលដ៍ គឺជាគូប្រកួតដ៏ល្អ ព្រោះគ្រូបង្វឹកបឹងកេតនេះ សម្លឹងឃើញចំណុចវិជ្ជាមានជាច្រើន ដូចជាការដាក់សម្ពាធ និងការព្យាយាមរកគ្រាប់បាល់របស់ណាហ្គាវើលដ៍។ គ្រូបង្វឹកជនជាតិសិង្ហបុរីរូបនេះ បន្ថែមទៀតថា ការធ្វើមិនបានល្អរបស់ណាហ្គាវើលដ៍ អាចមកពីមិនមានសំណាង ហើយមើលទៅលើចំណាត់ថ្នាក់ និងពិន្ទុក្នុងតារាង មិនមែនមានន័យថា ណាហ្គាវើលដ៍ជាក្រុមអន់ទេ។ លោក Clement Teo បញ្ជាក់ថាការមើលស្រាលដៃគូ គឺកំហុសដ៏ធំ នាំទៅរកបរាជ័យ មិនមែនតែក្នុងកីឡាបាល់ទាត់ទេ គឺគ្រប់វិស័យកីឡាទាំងអស់។
 
«យើង មិនមើលទៅលើការបរាជ័យរបស់គេ ដូចជាការឈរក្នុងតារាងរបស់ណាហ្គាវើលដ៍ ហើយនិងលទ្ធផល ដែលពួកគេបានប្រកួតកន្លងមក។ នេះ មិនមែនមានន័យថា យើង អាចយកឈ្នះគេ ដោយងាយស្រួល។ ខ្ញុំ គិតថាក្នុងកីឡានានា​ ការរីករាយហួសហែត (បែបមើលស្រាលដៃគូ) គឺជាកំហុសដ៏ធំ។ យើង ឃើញចំណុចល្អរបស់ណាហ្គាវើលដ៏។ យើង បានមើលការប្រកួតរបស់ពួកគេ។ ដូចដែលខ្ញុំ និយាយពីមុនអ៊ីចឹង គឺជាការប្រកួតដ៏លំបាក។»។ លោក Clement Teo បាននិយាយដូច្នេះ។
 
ក្នុងសន្និសីទជាមួយគ្នានេះ លោក Jose Alves Borges គ្រូបច្ចេកទេសរបស់ណាហ្គាវើលដ៍ បាននិយាយថា ការប្រកួតក្នុងលីគ ជាមួយក្រុមទាំងអស់ គឺលំបាក ដោយក្លិបនីមួយៗ បានអភិវឌ្ឍបច្ចេកទេសប្រកួត បូករួមជាមួយគុណភាពរបស់កីឡាករជាតិ និងអន្ដរជាតិ សុទ្ធតែល្អ។ គ្រូបច្ចេកទេសរូបនេះ បន្ថែមទៀតថា ណាហ្គាវើលដ៍ មានបញ្ហារបួសកីឡាករអន្ដរជាតិមួយចំនួន ដែលជម្រុញឲ្យអ្នកទាំងនោះ ត្រូវទៅព្យាបាលនៅបរទេស ដូចជាអឺរ៉ុប និងជប៉ុន។
 
លោក Jose Alves Borges បាននិយាយដូច្នេះ៖«រាល់ការប្រកួតទាំងអស់ មិនងាយស្រួលទេ ព្រោះតែក្លិបនីមួយៗ បានអភិវឌ្ឍទៅលើបច្ចេកទេស ហើយគុណភាពរបស់កីឡាករល្អៗ ជាច្រើនទាំងបរទេស និងកីឡាករជាតិ។ យើង មានកីឡាករ បរទេស ១-២នាក់របស់ ហើយទៅព្យាបាលនៅខាងក្រៅ។ យើង មានបញ្ហា សម្រាប់ការចាប់ផ្ដើមនៅក្នុងរដូវកាលនេះ។ ប៉ុន្ដែ យើង សង្ឃឹមថា ពីមួយថ្ងៃ ទៅមួយថ្ងៃ យើង និងធ្វើឲ្យការប្រកួតប្រសើឡើង ហើយត្រឡប់មករកពេលវេលាល្អ សម្រាប់យើងវិញ។»។ 
 
នៅក្នុងថ្ងៃជាមួយគ្នានេះ វេលាម៉ោង ៣:៤៥ រសៀល គិរីវង់សុខសែនជ័យ ត្រូវស្វាមន៍ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋានគិរីវង់។
 
គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី ៦ ព្រះខ័នរាជ ស្វាយរៀង បន្ដឈរលេង១ (បណ្ដោះអាសន្ន) មាន១៨ ពិន្ទុ។ ដោយឡែក ភ្នំពេញក្រោន ឈរលេខ២ មាន១៥ ពិន្ទុ តាមពីក្រោយដោយ បឹងកេត ឈរនៅលេខ៣ មាន១០ ពិន្ទុស្មើគ្នា ជាមួយ កងយោធពលខេមភូមិន្ទ ឈរនៅលេខ៤ និង ព្រៃវែង ឈរនៅលេខ ៥។ វិសាខា នៅចំណាត់ថ្នាក់លេខ៦ មាន ៩ពិន្ទុ តាមពីក្រោយដោយ ណាហ្គាវើលដ៏ លេខ៧ មាន ៥ពិន្ទុ។

ចំណែក អាយ អេស អាយ ដង្កោសែនជ័យ ឈរលេខ ៨ មាន ៤ ពិន្ទុ និង អង្គរថាយហ្គឺរ នៅចំណាត់ថ្នាក់លេខ៩ មាន ៣ពិន្ទុ និងគិរីវង់សុខសែនជ័យ មាន ២ ពិន្ទុ នៅបាតតារាង៕
 

Tag:
 បាល់ទាត់
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com