កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាអាស៊ី៖ ក្រុមបាល់ទាត់នារីកូរ៉េខាងត្បូង ប៉ះកូរ៉េខាងជើង ម្តងទៀត នៅ៩ឆ្នាំក្រោយ
30, Sep 2023 , 8:39 am        
រូបភាព
ក្រុមកីឡាបាល់ទាត់នារីកូរ៉េខាងត្បូង និងរខាងជើង នឹងត្រូវប៉ះគ្នាក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ ទីក្រុងហាងចូវ។ នេះជាការជួបគ្នាលើកដំបូងក្នុងរយៈពេល ៩ឆ្នាំ រវាងក្រុមបាល់ទាត់បងប្អូនកូរ៉េទាំងពីរ បន្ទាប់ពីប៉ះគ្នាលើកចុងក្រោយនៅឆ្នាំ២០១៤ ក្នុងដីកូរ៉េខាងត្បូង។ ថៃ និងហ្វីលីពីន សុទ្ធតែឡើងដល់វគ្គ៨ក្រុមចុងក្រោយ។

ការប៉ះគ្នានៅក្នុងវគ្គ ៨ក្រុមចុងក្រោយ រវាងក្រុមនារីមកពីប្រទេសកូរ៉េទាំងពីរ នឹងចាប់ផ្តើមប្រកួតនៅវេលាម៉ោង ៤:៣០រសៀល នាថ្ងៃទី៣០ ខែកញ្ញា ក្នុងកីឡដ្ឋាន Wenzhou Centre ក្នុងក្រុងហាងចូវ។
 
ក្រុមនារីខាងត្បូង បញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងពូល E ដោយឈ្នះទាំង ៣លើកជាប់គ្នា ដែលមានហ្វីលីពីន​ មីយ៉ាន់ម៉ា និងហុងកុង។ ចំណែកកូរ៉េខាងជើង ក៏ឈរកំពូលតារាងផងដែរក្នុងពូល C ដោយពូលនេះមានតែ២ក្រុមប៉ុណ្ណោះជាមួយសិង្ហបុរី ដោយក្រុមទាំងពីរត្រូវប្រកួតគ្នា២ជើង កូរ៉េខាងជើងឈ្នះទាំងពីរ។ ក្នុងពូល C នេះ ក្រុមនារីកម្ពុជាបានសម្រេចចិត្តដកខ្លួនចេញពីការប្រកួត ព្រោះការប្រមូលផ្តុំកីឡាការិនីមិនទាន់ពេល។
  

រូបភាពពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap 

ធម្មតាក្រុមឈរកំពូលតារាងពូលនីមួយៗមិនត្រូវជួបគ្នាឡើយនៅវគ្គខ្វែង តែដោយសារការប្រកួតនេះ ក្រុមកូរ៉េខាងជើងជាក្រុមទាំងមួយដែលចេញមកពីពូល C ជាហេតុធ្វើឱ្យក្រុមកូរ៉េទាំងពីរនឹងត្រូវប៉ះគ្នាក្នុងការប្រកួតប្រជែងដើម្បីដណ្តើមកៅអីវគ្គបន្តនៅវគ្គ៨ក្រុម។
 
ក្រុមបាល់ទាត់នារីកូរ៉េទាំងពីរ បានជួបគ្នាលើកចុងក្រោយក្នុងព្រឹត្តិការណ៍កីឡាអាស៊ីកាលនៅឆ្នាំ២០១៤ ដែលកាលនោះ កូរ៉េខាងជើងបានយកឈ្នះលើកូរ៉េខាងត្បូង ដែលជាក្រុមម្ចាស់ផ្ទះ ក្នុងលទ្ធផល ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឡើងទៅជួបជប៉ុនវគ្គផ្តាច់ព្រ័ត្រ។ 
  

រូបភាពពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap 

ក្រុមនារីកូរ៉េខាងជើង ក្លាយជាម្ចាស់ជើងឯកមេដាយមាស តាមរយៈការយកឈ្នះជប៉ុន ក្នុងលទ្ធផល ៣-១ ស្របពេលម្ចាស់ផ្ទះកូរ៉េខាងត្បូងសម្រេចបានត្រឹមមេដាយសំរឹទ្ធ។
ហ្វីលីពីន ឆ្លងផុតវគ្គចែកពូលលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីនេះ ដោយត្រូវបន្តទៅជួបជប៉ុនវគ្គ៨ក្រុមចុងក្រោយ។ ថៃ ជួបម្ចាស់ផ្ទះចិន ខណៈឆាយន្នីសតាយប៉ិ ជួបអ៊ូសបេគីស្ថាន។ ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី៣ ខែតុលា៕ 
 

Tag:
 កីឡាអាស៊ី
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com