អន្តរជាតិ
អាម៉េរិក លូកដៃចូលទំនាស់ឥណ្ឌា-កាណាដាជុំវិញការធ្វើឃាតមេដឹកនាំ Sikh
30, Sep 2023 , 2:39 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាមេរិក អាន់តូនី ប្លីងខិន បានជជែកជាមួយសមភាគីឥណ្ឌា ស៊ូប្រាម៉ាន់យ៉ាំ ចៃសាន់កា នៅថ្ងៃទី២៩ ខែកញ្ញា ជុំវិញការសម្លាប់អ្នកតស៊ូមតិដើម្បីការបំបែកខ្លួនរបស់ជនជាតិ Sikh នៅកាណាដា និងបានជំរុញឱ្យឥណ្ឌាសហការពេញលេញជាមួយកាណាដាក្នុងការស៊ើបអង្កេត។

ទំនាស់រវាងកាណាដា និងឥណ្ឌាជុំវិញការសម្លាប់លោក Hardeep Singh Nijjar ដែលគាំទ្រការផ្ដាច់ខ្លួនជនជាតិ Sikh កាលពីខែមិថុនា នៅទឹកដីកាណាដា កំពុងធ្វើឱ្យអាម៉េរិកឈឺក្បាល ដោយប្រទេសទាំង២ សុទ្ធសឹងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់វ៉ាស៊ីនតោនដូចគ្នា។
 
បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក រដ្ឋមន្រ្តីការបរទេស អាន់តូនី ប្លីងខិន បានជជែកជាមួយប្រមុខការទូតឥណ្ឌា ស៊ូប្រាម៉ាន់យ៉ាំ ចៃសាន់កា នៅថ្ងៃទី២៩ ខែកញ្ញាលើបញ្ហានេះ។ លោក ចៃសាន់កា ក៏បញ្ជាក់ពីជំនួបនេះដែរ ហើយលោកក៏ជួបទីប្រឹក្សាសន្តិសុខជាតិ Jake Sullivan ថែមទៀត ដើម្បីជជែកពីការចោទប្រកាន់របស់កាណាដា។
 
ពីព្រឹត្តិការណ៍មួយដែលរៀបចំដោយវិទ្យាស្ថាន Hudson ក្នុងទីក្រុងវ៉ាស៊ីនតោន ប្រមុខការទូតឥណ្ឌា និយាយថា ជំនួបរបស់លោគ បានចែករំលែកទស្សនៈ និងការវាយតម្លៃរបស់អាម៉េរិកលើស្ថានភាពទាំងមូលនេះ ហើយលោកបានពន្យល់ដៃគូអាម៉េរិកពីសេចក្តីសង្ខេបនៃការព្រួយបារម្ភរបស់ឥណ្ឌាផងដែរ។
 
ការប្រទាំងប្រទើសរវាងសម្ព័ន្ធមិត្តសំខាន់ទាំង២ ធ្វើឱ្យវ៉ាស៊ីនតោនដែលឈរចំកណ្ដាលពិបាកងាកខ្លូបមែនទែន។ នេះក៏ព្រោះកាណាដាជាអ្នកជិតខាង និងជាសម្ព័ន្ធមិត្តផ្លូវការ ហើយទីក្រុងវ៉ាស៊ីនតោនបានផ្តោតយ៉ាងខ្លាំងលើការអភិវឌ្ឍទំនាក់ទំនងជាមួយឥណ្ឌាដែលជាដៃគូសំខាន់ក្នុងការរុញច្រានឥទ្ធិពលរបស់ចិននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។
 
ថ្លែងនៅក្នុងទីក្រុង Quebec នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ និយាយថា លោក ប្លីងខិន នឹងដោះស្រាយបញ្ហានេះជាមួយសមភាគីឥណ្ឌា៕
 

Tag:
 អាម៉េរិក
 ​ ឥណ្ឌា
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com