ជាតិ
បិណ្ឌ១៖ របរដូរលុយតាមវត្តអារាម ពុំសូវកាក់កប ដោយសារមេឃភ្លៀង
30, Sep 2023 , 3:19 pm        
រូបភាព
អ្នកប្រកប របរដូរលុយតាមវត្តអារាម។
អ្នកប្រកប របរដូរលុយតាមវត្តអារាម។
ភ្នំពេញ៖ អ្នកស្រី ស សុភ័ណ និងអ្នកស្រី ស្វាយ នៅ ជាអ្នកប្រកបរបរដូរតាមវត្តអារាម សុទ្ធតែត្អូញត្អែរថា ពុំសូវមានពុទ្ធបរិស័យដូរលុយរាយឡើយ នៅព្រឹកបិណ្ឌ១ ក្នុងវត្តមណិរតនារាម ទួលទំពូង ដោយសារមានភ្លៀងធ្លាក់។ ជាការកត់សម្គាល់ អ្នកស្រីទាំងពីរ ឃើញពលរដ្ឋនិយមដូរលុយ ក្រដាសមួយរយរៀល និងប្រាំរយរៀល សម្រាប់រាប់បាត្រនិងចូលបច្ច័យ។

 
ចូលដល់ក្នុងវត្តទួលទំពូង ផុតត្រឹមតែខ្លោងទ្វារ គេឃើញមានស្ត្រីនិងបុរស វ័យប្រមាណ៤០ឆ្នាំ កាន់ប្រាក់រៀលក្រដាស មួយរយរៀល ប្រាំរយរៀល និងមួយពាន់រៀល ចាប់នឹងដៃជាច្រើននាក់។ ពួកគេទាំងនោះ ភាគច្រើន សុទ្ធតែជាអ្នកចំណាកស្រុក ពីខេត្តស្វាយរៀង មកប្រកប អាជីពជាអ្នកដូរលុយនារដូវភ្ជុំបិណ្ឌ។ 
 
អ្នកស្រី សុ សោភ័ណ អ្នកដូរលុយតាមវត្ត អំឡុងភ្ជុំបិណ្ឌ។ រូបពី ប្រាក់ ដាវ 

ពាក់មួកចាក់ពណ៌ខៀវ ហើយស្ពាយកាបូបពណ៌ស្វាយពីមុខ គឺជាអ្នកស្រី ស សុភ័ណ។ អ្នកស្រីសង្កេតឃើញ ព្រឹកនៃបិណ្ឌមួយឆ្នាំនេះ មានពលរដ្ឋច្រើនកុះករនាំគ្នាមកវត្តទួលទំពូង។ ប៉ុន្តែ បើធៀបទៅឆ្នាំមុន មុខរបរដូរប្រាក់របស់អ្នកស្រី ពុំសូវកាក់កបឡើយ ដោយសារព្រឹកនេះ មានភ្លៀងធ្លាក់ ជាហេតុនាំឱ្យពលរដ្ឋដែលមកវត្តប្រញាប់ប្រញាល់ចូលក្នុងវត្ត ហើយក៏ត្រឡប់ទៅវិញ។ 


អ្នកស្រី ស្វាយ នៅ អ្នកដូរលុយតាមវត្តអំឡុងភ្ជុំបិណ្ឌ។ រូបដោយ ប្រាក់ ដាវ 

ចំណែក អ្នកស្រី ស្វាយ នៅ ក៏ត្អូញត្អែរដូចគ្នាដែរ​។ អ្នកស្រីថាពិបាកក្នុងការទុកដាក់លុយ ពោលគឺត្រូវច្រកថង់ ហើយដើរសួរនាំពលរដ្ឋ ត្រូវការដូរលុយទាំងមេឃកំពុងភ្លៀង។ 
 
ជាការកត់សម្គាល់ ក្នុងអាជីពជាអ្នកដូរប្រាក់អស់រយៈពេលជាង៥ឆ្នាំមកនេះ អ្នកស្រីទាំងពីរឃើញពលរដ្ឋនិយមដូរប្រាក់ក្រដាស មួយរយរៀល និងប្រាំរយរៀល សម្រាប់រាប់បាត្រនិងចូលបច្ច័យ។ អ្នកទាំងពីរបន្តថា ពលរដ្ឋភាគច្រើន គឺយកប្រាក់រៀលមកដូរ ខណៈក្រដាសប្រាក់ដុល្លារ ឃើញមានតិចតួចប៉ុណ្ណោះ៕ 
 
សូមទស្សនៈកិច្ចសម្ភាស រវាង កញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មានថ្មីៗ និងអ្នកដូរតាមវត្តអារាម៖ 
 
 

Tag:
 របរដូរលុយ
© រក្សាសិទ្ធិដោយ thmeythmey.com