អន្តរជាតិ
ម៉ាល់ឌីវ បោះឆ្នោតជ្រើសរើសប្រធានាធិបតីក្រោមស្រមោលប្រជែងឥទ្ធិពលចិន-ឥណ្ឌា
30, Sep 2023 , 6:39 pm        
រូបភាព
លោក Ibrahim Mohamed Solih ប្រធានាធិបតីម៉ាល់ឌីវ។ រូបថត AFP
លោក Ibrahim Mohamed Solih ប្រធានាធិបតីម៉ាល់ឌីវ។ រូបថត AFP
ប្រជាជនម៉ាល់ឌីវ នាំគ្នាបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅជុំទី២ នៅថ្ងៃទី៣០ ខែកញ្ញា។ ការបោះឆ្នោតនេះ ត្រូវមើលឃើញថា ជាការជ្រើសរើសរវាងប្រធានាធិបតីបច្ចុប្បន្នដែលមាននិន្នាការរកឥណ្ឌា និងគូប្រជែងដែលចង់បានទំនាក់ទំនងកាន់តែល្អប្រសើរជាមួយចិន។

នាការបោះឆ្នោតថ្ងៃទី៣០ ខែកញ្ញា លោក Ibrahim Mohamed Solih អាយុ៦១ឆ្នាំ ដែលប៉ុនប៉ងកាន់កាប់កៅអីប្រធានាធិបតីអាណត្តិទី២ ត្រូវជាមួយប្រឈមមុខនឹងលោក Mohamed Muizzu អាយុ៤៥ឆ្នាំ ដែលបានប្តេជ្ញាបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយទីក្រុងប៉េកាំង និងការពិនិត្យឡើងវិញទំនាក់ទំនងជាមួយឥណ្ឌាប្រសិនបើជាប់ឆ្នោត។
 
លោក Muizzu បានឈ្នះសំឡេងគាំទ្រ៤៦ភាគរយក្នុងការបោះឆ្នោតជុំទី១ នៅដើមខែនេះ ដោយនាំមុខលោក Solih តែ៧ពិន្ទុជាមួយគម្លាតអ្នកបោះឆ្នោត១៥០០០នាក់ប៉ុណ្ណោះ។
 
ប្រជាជនម៉ាល់ឌីវ ដែលមានសិទ្ធិបោះឆ្នោតប្រមាណ២៨២០០០នាក់ បានចាប់ផ្តើមតម្រង់ជួរនៅទូទាំងប្រជុំកោ ដែលល្បីល្បាញបំផុតសម្រាប់រមណីយដ្ឋានឆ្នេរប្រណីត និងភ្ញៀវទេសចរល្បីៗ ដើម្បីបោះឆ្នោតរបស់ពួកគេ។ ទោះអ្នកបោះឆ្នោតមានចំនួនតិច គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោតម៉ាល់ឌីវ ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ឲ្យ​បាន​ឆាប់។
 
ម៉ាល់ឌីវ ស្ថិតនៅក្នុងទីតាំងដ៏សំខាន់ជាយុទ្ធសាស្ត្រមួយនៅកណ្តាលមហាសមុទ្រឥណ្ឌា ដែលច្រកផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។ ចិន និងឥណ្ឌាដែលជាប់ម៉ាល់ឌីវ សុទ្ធតែបានព្យាយាមអូសទាញប្រទេសរៀងៗខ្លួន បើទោះជាឥណ្ឌាត្រូវមើលឃើញថា មានឥទ្ធិពលជាប្រពៃណីលើដែនកោះទេសចរណ៍នេះក្ដី។
 
លោក Solih ជាប់ឆ្នោតជាប្រធានាធិបតីក្នុងឆ្នាំ២០១៨ ដោយសារតែការមិនសប្បាយចិត្តនឹងការងាកទៅរកចិនខ្លាំងពេក៕
 
 
 

Tag:
 ម៉ាល់ឌីវ
© រក្សាសិទ្ធិដោយ thmeythmey.com