អន្តរជាតិ
ម៉ាឡេស៊ីថា ភ្លើងឆេះនៅឥណ្ឌូណេស៊ីធ្វើឱ្យខ្យល់កខ្វក់
30, Sep 2023 , 10:39 pm        
រូបភាព
មន្ត្រីបរិស្ថានជាន់ខ្ពស់របស់ម៉ាឡេស៊ី អះអាងថា ភ្លើងឆេះព្រៃរាប់រយកន្លែងនៅក្នុងទឹកឥណ្ឌូណេស៊ី បានបង្កអ័ព្ទទៅដល់តំបន់នានានៃប្រទេសម៉ាឡេស៊ី និងធ្វើឱ្យគុណភាពខ្យល់កាន់តែអាក្រក់ទៅៗ។

ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ី កំពុងបង្កផលប៉ះពាល់ដល់ម៉ាឡេស៊ីដែលនៅជិតខាង ទោះជាម៉ាឡេស៊ីទទូចឱ្យឥណ្ឌូណេស៊ីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ ដែលជារឿយៗបណ្តាលមកពីភ្លើងឆេះដើម្បីកាប់ឆ្ការដីធ្វើកសិកម្ម។
 
អគ្គនាយកនៃអគ្កនាយកដ្ឋានបរិស្ថានរបស់ម៉ាឡេស៊ី លោក Wan Abdul Latiff Wan Jaffar បាននិយាយថា ភ្លើងកំពុងធ្វើឱ្យការបំពុលបរិយាកាសកាន់តែអាក្រក់ទៅៗនៅឆ្នេរសមុទ្រភាគខាងលិចរបស់ម៉ាឡេស៊ី និងនៅរដ្ឋ Sarawak នៃកោះ Borneo ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា មន្រ្តីរូបនេះអះអាងថា គុណភាពខ្យល់ជាទូទៅនៅក្នុងប្រទេសបានធ្លាក់ចុះ។
 
«ភ្លើងឆេះព្រៃដែលកើតឡើងនៅភាគខាងត្បូងនៃកោះស៊ូម៉ាត្រា និងផ្នែកកណ្តាល និងភាគខាងត្បូងនៃកោះ Kalimantan បណ្តាលឱ្យមានអ័ព្ទឆ្លងព្រំដែន»។ មន្រ្តីខាងលើបន្តបែបនេះ។
 
បើតាមសេចក្តីថ្លែងការណ៍ រូបភាពផ្កាយរណបបានបង្ហាញពីភ្លើងឆេះព្រៃចំនួន៥២កន្លែងនៅកោះស៊ូម៉ាត្រា និង២៦៤កន្លងទៀតនៅកោះ Borneo
 
ឥណ្ឌូណេស៊ីផ្ទាល់ក៏រងគ្រោះធ្ងន់ដែរ ដោយក្រុមអ្នកពន្លត់អគ្គិភ័យនៅលើកោះស៊ូម៉ាត្រាភាគខាងលិចបបានប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏ធំនៅក្នុងខែនេះ ដែលគ្របដណ្តប់ទីក្រុង Palembang ដែលមានមនុស្សជិតពីរលាននាក់នៅក្នុងអ័ព្ទអស់ជាច្រើនសប្តាហ៍។
 
ភ្លើង​ឆេះ​ប្រទេស​ឥណ្ឌូណេស៊ី​កើត​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​រដូវ​ប្រាំង ប៉ុន្តែ​ស្ថានភាពកាន់តែអាក្រក់ខ្លាំងចាប់តាំងឆ្នាំ២០១៩ ដែលកាលនោះ​​សាលា​ជិត២,៥០០កន្លែង ត្រូវបិទ​នៅ​ទូទាំង​ប្រទេស​ម៉ាឡេស៊ី៕
 

Tag:
 ម៉ាឡេស៊ី
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com