អន្តរជាតិ
បេក្ខជនដែលលម្អៀងរកចិន ឈ្នះការបោះឆ្នោតប្រធានាធិបតីម៉ាល់ឌីវ
01, Oct 2023 , 10:43 am        
រូបភាព
លោក Mohamed Muizzu ប្រធានាធិបតីជាប់ឆ្នោតរបស់ម៉ាល់ឌីវ។ រូបថត AFP
លោក Mohamed Muizzu ប្រធានាធិបតីជាប់ឆ្នោតរបស់ម៉ាល់ឌីវ។ រូបថត AFP
លោក Mohamed Muizzu ដែលលម្អៀងរកចិន បានឈ្នះការបោះឆ្នោតប្រធានាធិបតីម៉ាល់ឌីវ ដោយផ្ដួលប្រធានាធិបតីបច្ចុប្បន្នដែលមាននិន្នាការរកឥណ្ឌា។ នេះជាលទ្ធផលដែលនឹងសើរើទំនាក់ទំនងរវាងប្រជុំកោះជាមួយមហាអំណាចទាំង២។

លោក Muizzu អាយុវ័យ ទទួលបានសំឡេងគាំទ្រ៥៤,០៦ភាគរយនាការបោះឆ្នោតថ្ងៃទី៣០ ខែកញ្ញា។ ប្រធានាធិបតីកំពុងកាន់អំណាច លោក Ibrahim Mohamed Solih ក៏បានទទួលស្គាល់បរាជ័យភ្លាមៗនៅពាក់កណ្តាលអធ្រាត្រ។ លោក Solih បានសរសេរនៅលើបណ្ដាញសង្គម X ដោយអបអរលោក Muizzu និងដំណើរការបោះឆ្នោតក្នុងប្រទេសដែលរលូន។
 
ក្រោយដឹងលទ្ធផល លោក Muizzu បានបង្ហាញខ្លួនខ្លីមួយនៅខាងក្រៅទីស្នាក់ការឃោសនាបោះឆ្នោតរបស់គណបក្សផងដែរ។ យ៉ាងណា លោក Solih នឹងធ្វើជាប្រធានាធិបតីចាំផ្ទះរហូតដល់ការផ្ទេរតំណែងនៅថ្ងៃទី១៧ ខែវិច្ឆិកា។
 
ជាមួយជ័យជម្នះនេះ ម៉ាល់ឌីវ ទំនងងាកទៅរកចិនជាថ្មី បន្ទាប់ពីបង្វែរគោលនោយបាយទៅរកឥណ្ឌាក្រោមអាណត្តិលោក Solih។ លោក Muizzu ផ្ទាល់ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកម្មវិធីអភិវឌ្ឍន៍របស់រដ្ឋាភិបាលមុនដែលស្និទ្ធចិនផងដែរ។
 
ស្ថិតនៅចំណុចក្តៅនៃភូមិសាស្ត្រនយោបាយ ម៉ាល់ឌីវ ឈរនៅទីតាំងដ៏សំខាន់ជាយុទ្ធសាស្ត្រមួយនៅកណ្តាលមហាសមុទ្រឥណ្ឌាដែលដើរតាមច្រកផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយក្នុងពិភពលោក។ អតីតមេកើយរបស់លោក Muizzu គឺអតីតប្រធានាធិបតី Abdulla Yameen បានខ្ចីប្រាក់យ៉ាងច្រើនពីប្រទេសចិនសម្រាប់គម្រោងសាងសង់នានាក្នុងកោះទេសចរណ៍មួយនេះ។
 
ដោយសារការងាកទៅរកចិនខ្លាំងពេក ទើបលោក Solih ជាប់ឆ្នោតនៅឆ្នាំ២០១៨ ហើយក៏ប្រែទៅរកឥណ្ឌាដែលជាសម្ព័ន្ធមិត្តក្បែរខាងវិញ។ គោលនយោបាយនេះ ក៏ធ្វើឱ្យមានការមិនសប្បាយចិត្តដែរ  ដោយសារតែឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចដ៏ហួសហេតុរបស់ឥណ្ឌា៕
 

Tag:
 ម៉ាល់ឌីវ
© រក្សាសិទ្ធិដោយ thmeythmey.com