កីឡាអន្តរជាតិ
អន្តរជាតិ
EPL ៖ Spurs ឈ្នះ Liverpool រីឯ Man Utd និង Man City ចាញ់ដូចគ្នា ,Luton Town ឈ្នះលើកដំបូង
01, Oct 2023 , 11:09 am        
រូបភាព
ក្រុម Tottenham Hotspur បន្តធ្វើបានល្អដោយយកឈ្នះការប្រកួតទី៧ នៃក្របខណ្ឌ Premier League របស់ខ្លួនទៅលើក្រុមខ្លាំង Liverpool ដោយលទ្ធផល ២-១ បន្តកំណត់ត្រាមិនទាន់ចាញ់ការប្រកួត។ ចំណែកក្រុម Manchester United រងបរាជ័យដល់ក្នុងទឹកដីក្រោមថ្វីជើងក្រុម Crystal Palace លទ្ធផល ១-០ ខណៈដែលក្រុម Manchester City ត្រូវបានក្រុម Wolves បំបាក់ដោយលទ្ធផល ២-១ បញ្ចប់ភាពមិនចាញ់ក្នុងលីគ ៦លើកជាប់គ្នា។

Spurs កំពុងតែដើរលើផ្លូវវិជ្ជមាន ដែលមានទម្រង់លេងល្អប្រសើរខ្លាំងខុសប្លែកពីរដូវកាលមុន ដោយឆ្លងកាត់ ៧ប្រកួតមិនទាន់ស្គាល់បរាជ័យមួយប្រកួត ។ ការប្រកួតសប្តាហ៍ទី៧ នៃ Premier League របស់ពួកគេបានឈ្នះ Liverpool លទ្ធផល ២-១ ក្នុងទឹកដីកីឡដ្ឋាន Tottenham Hotspur។ ប្រធានក្រុម Heung-min Son ស៊ុតមួយគ្រាប់នៅនាទី៣៦ និងកីឡាករ Joel Matip មួយគ្រាប់ក្នុងនារទីបន្ថែម ៩០+៦ ជួយនាំជ័យជម្នះដល់ Spurs។
  


ក្រុមរហស្សនាមមាន់ក្នាយមាសស្ថិតក្រោមការដឹកនាំរបស់លោក Ange Postecoglou កំពុងតែក្លាយជាក្រុមខ្លាំងមួយនៅ Premier League ដែលធ្វើឱ្យក្រុមដទៃពិបាក នឹងយកឈ្នះ។ ឆ្លងកាត់ការប្រកួតធំៗ ៣លើក ក្នុងចំណោម ៧លើក Spurs បានយកឈ្នះលើ Man United ស្មើជាមួយនឹង Arsenal និងឈ្នះ Liverpool។
 
ដោយឡែកក្រុម Manchester United បន្តរងសម្ពាធបន្ថែមទៀត សម្រាប់ការប្រកួតក្នុងក្របខណ្ឌ Premier League ដែលជារឿងដ៏អាក្រក់បំផុត។ Man Utd បានឈ្នះ Crystal Palace នៅក្នុងពានរង្វាន់ EFL Cup កាលពីដើមសប្តាហ៍ដោយលទ្ធផល ៣-១ ប៉ុន្តែវិលមកកាន់ការប្រកួត Premier Leagueវិញ ក្រុមបិសាចក្រហមហាក់ធ្វើមិនបានល្អសារជាថ្មី ដោយចាញ់Crystal ក្នុងលទ្ធផល ១-០ ក្នុងកីឡដ្ឋាន Old Trafford។
  


ចំណែក Manchester City ក៏រងបរាជ័យដែរ ក្រោយពួគគេធ្វើបានល្អខ្លាំង ៦ប្រកួតជាប់គ្នារួចមក ។ ប៉ុន្តែប៉ះ Wolverhampton Wanderers ប្រែក្លាយជាសុបិន្តអាក្រក់សម្រាប់ពួកគេទៅវិញ។ ម្ចាស់ផ្ទះ Wolves អាចយកឈ្នះលើក្រុមការពារជើងឯក ដោយលទ្ធផល ២-១ បញ្ចប់ភាពមិនចាញ់ ឬស្មើរបស់ក្រុមរហស្សនាមមេឃខៀវ ដែលទើបធ្លាក់ចេញពីការប្រកួតពានរង្វាន់ EFL Cup កាលពីដើមសប្តាហ៍។
 
Aston Villa ដឹកនាំដោយលោក ​Unai Emery បំបាក់ក្រុម Brighton & Hove Albion ដោយលទ្ធផលគួរឱ្យភ្ញាក់ផ្អើលខ្លាំង ៦-១ ទម្លាក់ក្រុម Brighton ចេញពីតារាងក្រុមកំពូលទាំង ៤។ ក្រុម Arsenal បន្តយកឈ្នះការប្រកួតលើ AFC Bournemouth ៤-០ ដើម្បីស្វែងរកឱកាសនៃការប្រជែងពានរង្វាន់នៅរដូវកាលថ្មីនេះ។
 
Newcastle United និង West Ham United យកឈ្នះការប្រកួតលើក្រុម Burnley និង Sheffield United លទ្ធផល ២-០ ដូចគ្នា។ ចំណែកក្រុម Luton Town រកបានជ័យជម្នះរបស់ខ្លួនលើកដំបូងនៅក្នុងក្របខណ្ឌ Premier League ក្រោយឈ្នះ Everton ដោយលទ្ធផល ២-១៕
 

Tag:
 Premier League
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com