អន្តរជាតិ
ប្រមុខការទូតកូរ៉េខាងជើង រិះគន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខលើបញ្ហនុយក្លេអ៊ែររបស់ខ្លួន
01, Oct 2023 , 2:39 pm        
រូបភាព
ប្រមុខការទូតកំពូលកូរ៉េខាងជើង រិះគន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលធ្វើក្នុងសប្តាហ៍នេះជុំវិញការបញ្ចូលគោលនយោបាយនុយក្លេអ៊ែរក្នុងរដ្ឋធម្មនុញ្ញពីសំណាក់កូរ៉េខាងជើង។  

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ (KCNA) រដ្ឋមន្ត្រីការបរទេសកូរ៉េខាង លោកស្រី Choe Son-hui បានថ្កោលទោសអាម៉េរិក និងដៃគូរបស់ខ្លួនដែលបានកោះប្រជុំបិទទ្វារក្រុមប្រឹក្សាបិទទ្វារនៅថ្ងៃទី២៩ ខែកញ្ញា។ កិច្ចប្រជុំនេះធ្វើឡើងក្រោយសភាកូរ៉េខាងជើង បញ្ចូលគោលនយោបាយនុយក្លេអ៊ែរក្នុងរដ្ឋធម្មនុញ្ញ។
 
រដ្ឋមន្រ្តីកូរ៉េខាងជើង បានបញ្ជាក់ពីជំហររបស់កូរ៉េខាងជើងដែលថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ សកម្មភាពខុសច្បាប់ និងដោយមិនប្រុងប្រយ័ត្នរបស់កងកម្លាំងអរិភាពរួមអាម៉េរិក ដែលចាត់ទុកការអនុវត្តអធិបតេយ្យភាពស្របច្បាប់របស់ទីក្រុងព្យុងយ៉ាង ជាការបង្កហេតុ និងការគំរាមកំហែង។ បើតាម
លោកស្រី Choe ទីក្រុងព្យុងយ៉ាងចាត់ទុកទង្វើនេះជាការប្រឈមដោយផ្ទាល់ចំពោះអធិបតេយ្យភាពរបស់កូរ៉េខាងជើង។
 
ក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ក៏ហៅការពង្រឹងគោលនយោបាយកសាងកម្លាំងនុយក្លេអ៊ែរនៅក្នុងរដ្ឋធម្មនុញ្ញ ជាមធ្យោបាយនៃការបង្កើតឧបករណ៍ច្បាប់ដ៏មានឥទ្ធិពលដើម្បីការពារអធិបតេយ្យភាពនុយក្លេអ៊ែរថែមទៀត។
 
សូមបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២២ កូរ៉េខាងជើងបានអនុម័តច្បាប់នុយក្លេអ៊ែរថ្មីដែលអនុញ្ញាតឱ្យការប្រើប្រាស់អាវុធនុយក្លេអ៊ែរជាមុន ហើយចាត់ទុកឋានៈជារដ្ឋមាននុយក្លេអ៊ែរ ជារឿងមិនអាចត្រឡប់ក្រោយទៀតផង៕
 
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com