សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិនបង្កើនការដាំដុះស្រកានាគ ហើយកាត់បន្ថយការនាំចូលពីវៀតណាម
02, Oct 2023 , 3:02 pm        
រូបភាព
រូបភាពពី Xinhua ។
រូបភាពពី Xinhua ។
ចិនបានជំរុញការដាំដុះស្រកានាគក្រហមដោយលក់បានក្នុងតម្លៃ ៧យ័នក្នុងមួយគីឡូក្រាម (០,៩៨ដុល្លារ) ដែលថោកជាងទំនិញនាំចូលពីវៀតណាម​ប្រហែល ២យ័ន ពោលគឺលក់ក្នុងតម្លៃ ៩យ័នក្នុងមួយគីឡូក្រាម (១,២៥ដុល្លារ) ។

 
កាលពីឆ្នាំមុន ចិនបានដាំស្រកានាគលើផ្ទៃដីចំនួន ៦៧ពាន់ហិចតាជាមួយនឹងទិន្នផលដែលអាចទទួលបាន១,៦លានតោន គឺច្រើនជាងវៀតណាមបើគិតទាំងផ្ទៃដីដាំដុះ និងទិន្នផល។ ក្រោយមកប្រទេសនេះបានផ្តល់ឱ្យកសិករនូវផ្ទៃដីកាន់តែច្រើន ភាពសម្បូរបែបនៃផលិតផល និងការគាំទ្រផ្នែកបច្ចេកទេសដើម្បីសម្រេចបាននូវប្រសិទ្ធផលកាន់តែខ្ពស់។
 
យោងតាមសារព័ត៌មានចិន People's Daily ថ្មីៗនេះ កសិករនៅក្នុងទីក្រុង Cixi និង Ningbo ខេត្ត Zhejiang បានខិតខំថែរក្សាផ្លែស្រកានាគដើម្បីធានាបាននូវការប្រមូលផលជោគជ័យ។ កសិករ​នៅ​តំបន់​នេះ​​បាន​បង្កើន​ផ្ទៃដី​ដាំ​ដុះ​ច្រើន​ជាង​មុន​។ កត្តា​នេះហើយធ្វើ​ឲ្យ​​​ផ្លែស្រកានាគនៅ​ Ningbo ​មាន​តម្លៃ​ទាប​ជាង​នៅ​វៀតណាម។
 
ការស្ទង់មតិរបស់ Produce Report បង្ហាញថា ខែកក្កដា ដល់សីហា គឺជារដូវកាលដំបូងសម្រាប់ការផ្គត់ផ្គង់ផ្លែស្រកានាគ។ ខេត្ត Guangxi ជាអ្នកដាំផ្លែស្រកានាគច្រើនជាងគេនៅចិន ហើយតម្លៃបានធ្លាក់ចុះដល់កម្រិតទាបបំផុត។ ផ្លែស្រកានាគក្រហមលក់នៅផ្សារទីក្រុង Nanning មានតម្លៃប្រមាណ ៧យ័នក្នុងមួយគីឡូក្រាម (០,៩៨ដុល្លារ) ខណៈផ្លែស្រកានាគសយកពីវៀតណាមលក់នៅទីនោះមានតម្លៃប្រហែល ៩យ័នក្នុងមួយគីឡូក្រាម (១,២៥ដុល្លារ) ។
 
ក្រៅពីទីក្រុង​ Nanning កន្លែងលក់ផ្សេងទៀតនៅចិនតម្លៃផ្លែស្រកានាគភាគច្រើនថោកជាងផលិតផលនាំចូលពីវៀតណាម។ កសិករចិនកំពុងស្រាវជ្រាវដាំពូជស្រកានាគលឿងទុំ ដើម្បីទទួលបានប្រាក់ចំណេញច្រើនជាងព្រោះតម្លៃខ្ពស់ដល់ ៣៦យ័នក្នុងមួយគីឡូក្រាម (៥,០២ដុល្លារ)។
 
ការបង្កើនផ្ទៃដីដាំដុះផ្លែស្រកានាគក្នុងស្រុក ជាហេតុផលនាំឲ្យចិនកាត់បន្ថយការនាំចូលពីវៀតណាម។ ទិន្នន័យពីគយចិនបង្ហាញថា បរិមាណនាំចូលផ្លែស្រកានាគនៅឆមាសទីមួយឆ្នាំនេះត្រឹមតែ ២០៦ពាន់តោនមានតម្លៃ ១,៣៧ពាន់លានយ័ន (១៨៧លានដុល្លារ) ថយចុះ ៥០,៤ភាគរយធៀបគ្រាដូចគ្នាឆ្នាំមុន។ នេះគឺជាកម្រិតទាបបំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍។
 
ម្ចាស់អាជីវកម្មនាំចេញផ្លែស្រកានាគនៅខេត្ត Binh Thuan បានឲ្យដឹងថា ផលិតផលវៀតណាមកំពុងមានចំនួនច្រើនជាងគេនៅទីផ្សារចិន ប៉ុន្តែ​ឆ្នាំ​នេះសកម្មភាព​នាំ​ចេញ​ផ្លែ​ស្រកានាគ​របស់​វៀតណាម​មាន​ការ​ថមថយ។ ពីមុនផ្លែស្រកានាគតែងតែជាផលិតផលនាំមុខគេទាក់ទងទិន្នផល និងតម្លៃនាំចេញក្នុងចំណោមផ្លែឈើ និងបន្លែរបស់វៀតណាមជាមួយនឹងចំណូលជាង ១ពាន់លានដុល្លារ។ ប៉ុន្តែចាប់ពីឆ្នាំ២០២២ រហូតមកដល់ពេលនេះ ចំណូលនៃការនាំចេញផលិតផលនេះបានធ្លាក់ចុះជាបន្តបន្ទាប់។ នេះបើតាមសារព័ត៌មាន VnExpress ៕
 

Tag:
 ស្រកានាគ
  វៀតណាម
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com