កីឡាជាតិ
ជាតិ
សុះ ស៊ូហាណា និង ទេស សម្បត្តិ ជាប់ជម្រើសជាតិជាថ្មី
02, Oct 2023 , 3:41 pm        
រូបភាព
សុះ ស៊ូហាណា និង ទេស សម្បត្តិ មានវត្តមានជាថ្មី ក្នុងក្រុមជម្រើសជាតិ ។ នេះបើតាមបញ្ជីឈ្មោះរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានបង្ហាញពីសមាសភាពកីឡាករ ២៧រូប ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ និងត្រៀមប្រកួតវគ្គជម្រុះជុំទី១ ជាមួយប៉ាគីស្ថាន នៃព្រឹត្តិការណ៍ FIFA World Cup 2026 Preliminary Joint Qualification នៅថ្ងៃទី១២ និង១៧ ខែតុលា ឆ្នាំ២០២៣ ។

 
កីឡាករ សុះ ស៊ូហាណា និង ទេស សម្បត្តិ ត្រូវបានកោះហៅឲ្យចូលរួមក្នុងក្រុមជម្រើសជាតិសារជាថ្មី បន្ទាប់កីឡាករ ២រូបនេះ បានអវត្តមានក្នុងការប្រកួតឲ្យជម្រើសជាតិ ក្នុងជំនួបមិត្តភាពនាថ្ងៃ FIFA’s Day ជាមួយម៉ាកាវ និង ហុងកុង។
 
ដោយឡែក គួច សុកុម្ភៈ ដែលមានវ័យ៣៦ឆ្នាំទៅហើយ នៅបន្តជាប់ឈ្មោះជម្រើសជាតិ។ កីឡាករវ័យជ្រេ លេង​ឱ្យក្លិបណាហ្គាវើលដ៍រូបនេះ នៅតែរក្សាទម្រង់លេងល្អ ដែលអាចទាក់ទាញចំណាប់អារម្មណ៍លោក Felix G.Dalmas ។ រីឯខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ដែលកំពុងប្រកបអាជីពនៅក្លិប Al Shahaniya SC លីគទី២ របស់កាតានោះ​ ក៏ស្ថិតនៅក្នុងចិត្តរបស់គ្រូបង្វឹកជម្រើសជាតិ ក្នុងការកោះហៅរូបគេ មកជួយក្រុម។
  
ទេស សម្បត្តិ ខ្សែការពារ វិសាខា ពាក់អាវខៀវ លេខ ៣ ប្រជែងគ្នាជាមួយ ជួន ចានចាវ រូបពី Cambodian Premier League

ចំណែក ចាន់ វឌ្ឍនាកា ដែលបានបង្ហាញទម្រង់លេងល្អប្រសើរឡើងវិញ សម្រាប់ក្លិបបឹងកេតនោះ ក៏ជាប់ឈ្មោះជម្រើសជាតិដែរ ដោយចាប់ដៃជាមួយមិត្តរួមក្រុមបឹងកេត៥រូបទៀត រួមមាន  ចាន់ វឌ្ឍនាកា, កាន់ ពិសាល, វ៉ាន់ តៃឡាម៉ី, ចន្ថា ចន្ទាកា, តាំង ប៊ុនឆៃ និង ឃាន់ សុប៉ិន។
 
សមាសភាពកីឡាករ ២៧រូប បានកោះហៅចូលក្រុមជម្រើសជាតិនោះ មានដូចជា៖
 
ក្លិបបឹងកេត៖ ចាន់ វឌ្ឍនាកា, កាន់ ពិសាល, វ៉ាន់ តៃឡាម៉ី, ចន្ថា ចន្ទាកា, តាំង ប៊ុនឆៃ និង ឃាន់ សុប៉ិន
ក្លិបណាហ្គាវើលដ៍៖ គួច សុកុម្ភៈ, សុះ ស៊ូហាណា និង ឈង់ ប៊ុនណាត
ក្លិបភ្នំពេញក្រោន៖ អ៊ន ចាន់ប៉ូលីន, យ៉ើ ម៉ូស្លីម, ជួន ចាន់ចាវ និង លឹម ពិសុទ្ធ
ក្លិប Al Shahaniya SC៖ សៀង ចន្ធា
 
ក្លិបព្រះខ័នរាជ ស្វាយរៀង៖ សឿយ វិសាល, នីកូឡាស់ ថេឡរ និង វីរៈ ដារ៉ា
ក្លិបព្រៃវែង៖ គង់ លីហួរ
ក្លិបវិសាខា៖ រ៉ឹង ប៊ុនហៀង, កែវ សុខសិលា, ស៊ិន សុផាណាត់, អ៊ុក សុវណ្ណ, ហ៊ុល គឹមហ៊ុយ, ទេស សម្បត្តិ, សារ ទី, ស រតនា និង ស៊ិន សុវណ្ណមករា។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១២ ខែតុលា កម្ពុជា ត្រូវស្វាគមន៍ ជម្រើសជាតិប៉ាគីស្ថាន និងថ្ងៃទី១៧ ខែតុលា កម្ពុជា ត្រូវទៅប្រកួតជាមួយប្រទេសនេះ នៅទឹកដីប៉ាគីស្ថាន៕
 

Tag:
 បាល់ទាត់
  FIFA World Cup 2026
© រក្សាសិទ្ធិដោយ thmeythmey.com