អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន ប្តេជ្ញាបន្តប្រយុទ្ធនឹងរុស្ស៊ី ខណៈអាម៉េរិកមិនបន្ថែមជំនួយក្នុងកញ្ចប់ថវិកាបន្ទាន់
02, Oct 2023 , 4:39 pm        
រូបភាព
លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក និងស្ត្រីទីមួយ (ស្តាំ) ជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅអាម៉េរិក។ រូបភាព AFP
លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក និងស្ត្រីទីមួយ (ស្តាំ) ជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅអាម៉េរិក។ រូបភាព AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១ ខែតុលា បានប្តេជ្ញាបន្តប្រយុទ្ធជាមួយរុស្ស៊ី ហើយអះអាងថា គ្មានអ្វីអាចបន្ថយសមត្ថភាពប្រយុទ្ធរបស់អ៊ុយក្រែនបានឡើយ។ ការប្តេជ្ញាបែបនេះ ធ្វើឡើងក្រោយសភាអាម៉េរិកបានអនុម័តមូលនិធិរយៈពេលខ្លីសម្រាប់រដ្ឋាភិបាលសហព័ន្ធ ដោយមិនបានរួមបញ្ចូលជំនួយយោធាទៅកាន់អ៊ុយក្រែន។

 
រដ្ឋាភិបាលអាម៉េរិក នៅថ្ងៃទី៣០ ខែកញ្ញា បានចៀសផុតពីការបិទ ត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយសភាទាំងពីរបានអនម័តកញ្ចប់ថវិការយៈពេលខ្លីសម្រាប់រដ្ឋាភិបាលសហព័ន្ធ ហើយត្រូវបានប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ចុះហត្ថលេខាលើ។ យ៉ាងណាមិញ កញ្ចប់ថវិកានេះ មិនបានរួមបញ្ចូលជំនួយយោធាទៅអ៊ុយក្រែនឡើយ។
 
ក្នុងសុន្ទរកថាមួយនៅទិវាអ្នកការពារ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា គ្មានប្រទេសណាមួយអាចបង្អាក់ស្ថិរភាព កិច្ចខិតខំ កម្លាំង និងការលើកទឹកចិត្តរបស់អ៊ុយក្រែនបានទេ។ មេដឹកនាំអ៊ុយក្រែន បានលើកឡើងថា រដ្ឋាភិបាលក្រុងកៀវ នឹងបញ្ឈប់ការប្រយុទ្ធ លុះត្រាតែទទួលបានជ័យជម្នះ។ 
 
ស្របគ្នានេះ ប្រមុខការពារជាតិអ៊ុយក្រែន លោក Rustem Umerov ក៏បានជជែកជាមួយសមភាគីអាម៉េរិក លោក ឡយ អូស្ទីនផង ជុំវិញការធានាការបន្តផ្តល់ជំនួយទៅអ៊ុយក្រែន។ តាមរយៈសំណេរលើបណ្តាញសង្គម X រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនបានអះអាងថា លោកអូស្ទីន បានធានាពីការបន្តជំនួយទៅអ៊ុយក្រែន។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន ក៏កំពុងស្វះស្វែងរកការផ្តល់ជំនួយឡើងវិញពីសំណាក់អាម៉េរិកផង។ 
 
ខណៈជំនួយយោធាទៅអ៊ុយក្រែន កំពុងស្ថិតក្នុងស្ថានភាពអាសន្នបែបនេះ លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានជំរុញសភាអាម៉េរិកចរចាលើកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែនឱ្យបានកាន់តែឆាប់បំផុត ដើម្បីកុំឱ្យមានបញ្ហា។
 
«យើងមិនអាចស្ថិតនៅក្រោមស្ថានការណ៍ណាមួយ ដែលអនុញ្ញាតឱ្យការគាំទ្ររបស់អាម៉េរិកទៅអ៊ុយក្រែនស្ថិតក្រោមការរំខានឡើយ»។ លោក បៃឌិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា អាម៉េរិក នៅតែមានពេលវេលាសម្រាប់ចរចាលើកញ្ចប់ជំនួយ ប៉ុន្តែរយៈពេលនោះ គឺមិនមានច្រើនឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។ 
 
ពីសេតវិមាន មេដឹកនាំអាម៉េរិករូបនេះ បានទទូចឱ្យសមាជិកសភាទាំងមកពីបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យគាំទ្រអ៊ុយក្រែន និងប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។ ប្រធានាធិបតីអាម៉េរិករូបនេះ ក៏បានបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះ ជំនួយយោធានៅតែបន្តផ្តល់ឱ្យអ៊ុយក្រែន។ 
 
ចំណែកប្រមុខការទូតអឺរ៉ុប លោក Josep Borrell ដែលបានបំពេញទស្សនកិច្ចនៅក្រុងកៀវ ក្នុងថ្ងៃទី១ ខែតុលា បានជំរុញឱ្យអាម៉េរិកពិចារណាឡើងវិញលើការផ្តល់ជំនួយទៅអ៊ុយក្រែន ដែលនៅតែបន្តរងការគំរាមកំហែងពីសំណាក់រុស្ស៊ី។ 
 
សូមបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង អាម៉េរិកបានឯកភាពផ្តល់ជំនួយទៅអ៊ុយក្រែនចំនួន៤លើកដែលមានទំហំទឹកប្រាក់ប្រមាណ ១១៣ពាន់លានដុល្លារ៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com