កីឡាជាតិ
ជាតិ
កីឡាករ ព្រំ សំណាង៖ ខ្ញុំ ប្រហែសបន្ដិច ធ្វើឲ្យរបូតខ្សែក្រវាត់ទៅ Banasak Pawell​
02, Oct 2023 , 8:19 pm        
រូបភាព
ព្រំ សំណាង ប្រកួត ជាមួយ Pawell រូបពី VDO Town Full HD
ព្រំ សំណាង ប្រកួត ជាមួយ Pawell រូបពី VDO Town Full HD
លោក ព្រំ សំណាង កីឡាករប្រដាល់គុនខ្មែរ បានបញ្ជាក់ថា ការចាញ់កីឡាករ Bansak Pawell របស់សហរដ្ឋអាមេរិក ដោយពិន្ទុ គឺមកពីរូបលោក មិនប្រយ័ត្ន និងភ្លាត់ស្នៀត បណ្ដាលឲ្យត្រូវមួយកែងចំមុខ នៅចុងទឹកទី៣ នៃការប្រកួតសេនាគុនខ្មែរយន្ដ ៨ទិស ដណ្ដើមខ្សែក្រវាត់ IPCC នៅសង្វៀន Town TV Full HD កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ កីឡាករ ព្រំ សំណាង និយាយថា ប្រសិនជាមានឱកាស នឹងសុំគណៈកម្មការរៀបចំប្រកួតសងសឹកជាមួយ Banasak Pawell ម្ដងទៀត។



ព្រំ សំណាង បានចាញ់ កីឡាករអាមេរិក ទាំងសោកស្ដាយ នៅក្នុងការប្រកួតសេនាគុនខ្មែរយន្ដ ៨ទិស។ ក្នុងការប្រកួតនេះ Banasak Pawell តែងតែរកឱកាសដើម្បីវាយកែង លើព្រំ សំណាង។ ប៉ុន្ដែ ការព្យាយាមវាយកែងជាច្រើនលើកមិនបានសម្រេចទេ ព្រោះត្រូវ ព្រំ សំណាង ចូលទៅឱប និងប្ដូរជង្គង់គ្នាទៅវិញទៅមក។ ការប្រកួតបែបនេះ បានប្រព្រឹត្តទៅ ២ទឹក។ លុះចូលដល់ចុងទឹកទី៣ Banasak Pawell បានវាយកែង (កែងសកស្លាប) ចូលមុខ ព្រំ សំណាង បានសម្រេច។ 
 
លោក ព្រំ សំណាង បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ពិតជាសោកស្ដាយចំពោះការរបូត ខ្សែក្រវាត់នេះ ។ ប៉ុន្ដែ កីឡាករកម្ពុជារូបនេះ សង្ឃឹមថា អ្នករៀបចំកម្មវិធី នឹងផ្ដល់ឱកាសឲ្យលោក ប្រកួតសងសឹកជាមួយ Banasak Pawell នៅថ្ងៃណាមួយ។ 
 
ចំពោះការបរាជ័យនេះ ព្រំ សំណាង បានប្រាប់បន្ថែមថា រូបលោក មិននឹកស្មានថា អាចចូលកែងរបស់គូប្រកួត ដែលធ្វើឲ្យចាញ់ពិន្ទុ របស់គេ។ «ខ្ញុំ មិននឹកស្មានសោះ ប្រហែលបន្ដិច ធ្វើឲ្យខ្ញុំចាញ់គាត់ បើមានឱកាស ខ្ញុំ សុំគេសងសឹក។»។ កីឡាកររូបនេះ បាននិយាយដូច្នេះ។
 
គួបញ្ជាក់ផងដែរថា ក្នុងការប្រកួតសេនាគុនខ្មែរយន្ដ ៨ទិសនោះ កីឡាករ ព្រំ សំណាង ​នៅ​ទិសឧត្តរ, ឈុត សេរី​វ៉ាន់​ថង ទិស​ពាយព្យ, ធឿន ធារ៉ា ទិសបស្ចិម, ពេជ្រ សម្បត្តិ ទិសនិរតី, រឿង សោ​ភ័​ណ្ឌ ទិសទក្សិណ, ឈឿង ល្វៃ ទិសអាគ្នេយ៍, ម៉ា​នូ សិល្បៈ ទិស​បូព៌ា និង ផល សោ​ភ័​ណ្ឌ ស្ថិតនៅ​ទិសឦសាន​។
 
កីឡាករ ព្រំ សំណាង ចាញ់ Banasak Pawell ដោយពិន្ទុ។ ចំណែក ធឿន ធារ៉ា ឈ្នះកីឡាករ Sabri Benhyena ដោយពិន្ទុ។ រីឯ កីឡាករ ពេជ្រ សម្បត្តិ ឈ្នះ កីឡាករ Alexsandro និង កីឡាករ រឿង សោភ័ណ្ឌ ឈ្នះ កីឡាករ Hiroyuki Ihara។ 
 
ក្នុងសង្វៀនដដែលនេះ កីឡាករ ផល សោភ័ណ្ឌ ក៏បានទទួលជោគជ័យ លើកីឡាករថៃ Changpuak Jesada ផងដែរ។ ឈុត សេរីវណ្ណថង បានផ្ដួល កីឡាករ Kamemoto Yusho ឲ្យបោះបង់ការប្រកួតនៅត្រឹមទឹកទី១ ដូចគ្នាទៅនិង ឈឿន ល្វៃ វាយ កីឡាករ Matin Meoni សន្លប់ក្នុងទឹកទី១។ ដោយឡែក កីឡាករ ម៉ានូ សិល្បៈ បានចាញ់ កីឡាករ Nilmangkorn ដោយពិន្ទុ៕
 

Tag:
 ប្រដាល់
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com