សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អង្គការ OPEC មានសុទិដ្ឋិនិយមចំពោះតម្រូវការប្រេងពិភពលោក
02, Oct 2023 , 8:59 pm        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
អគ្គលេខាធិការនៃអង្គការប្រទេសនាំចេញប្រេង (OPEC) បានសង្កត់ធ្ងន់លើសារសំខាន់នៃការបន្តវិនិយោគក្នុងវិស័យប្រេង និងឧស្ម័ន ដោយបញ្ជាក់យ៉ាងច្បាស់ថាការអំពាវនាវឱ្យបញ្ឈប់ការវិនិយោគក្នុងវិស័យនេះគឺមិនផ្តល់ផលចំណេញនោះទេ។ លោកមើលឃើញថា តម្រូវការប្រេងពិភពលោកមានស្ថិរភាពនៅឆ្នាំនេះ។

 
អង្កការ OPEC មានសុទិដ្ឋិនិយមចំពោះតម្រូវការប្រេង។ នេះជាការលើកឡើងរបស់អគ្គលេខាធិការអង្គការ OPEC លោក Haitham Al Ghais នាថ្ងៃទី២ ខែតុលា ក្នុងព្រឹត្តិការណ៍មួយស្តីពីវិស័យថាមពលនៅអេមីរ៉ាតអារ៉ាប់រួម។
 
លោក Al Ghais បានសង្កត់ធ្ងន់ពីសារសំខាន់នៃការបន្តវិនិយោគក្នុងវិស័យប្រេង និងឧស្ម័ន ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ការអំពាវនាវឱ្យបញ្ឈប់ការវិនិយោគក្នុងឧស្សាហកម្មនេះគឺមិនមែនជាប្រសិទ្ធភាពល្អនោះទេ។
 
អគ្គលេខាធិការរូបនេះមើលឃើញថា តម្រូវការប្រេងពិភពលោកមានស្ថិរភាពនៅឆ្នាំនេះ ហើយប្លុកនេះបានព្យាករកំណើនតម្រូវការប្រេងប្រចាំឆ្នាំលើសពី២,៣លានបារ៉ែលក្នុងមួយថ្ងៃដែរ។
 
ការវិនិយោគក្នុងវិស័យប្រេង និងឧស្ម័នមានសារសំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខថាមពល ដោយសារប្រទេសជាច្រើនកំពុងជួបស្ថានភាពពិបាក។ នេះតម្រូវឱ្យមានការខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធទាំងអស់ដើម្បីដឹងពីសារសំខាន់នៃការវិនិយោគលើប្រេង។ 
 
នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីខែមុន អង្គការ OPEC បញ្ជាក់ថា តម្រូវការប្រេងពិភពលោកនៅឆ្នាំ ២០២៣ នឹងកើនលើសពីកម្រិតមុនការរាលដាលកូវីដ-១៩ ។
 
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យមានស្ថិរភាពទីផ្សារប្រេង OPEC និងប្រទេសដៃគូរបស់ខ្លួនដែលត្រូវបានគេស្គាល់ថា OPEC+ បានចាប់ផ្តើមរឹតបន្តឹងការផ្គត់ផ្គង់ចាប់ពីចុងឆ្នាំ ២០២២។ ជាលើកដំបូងចាប់តាំងពីដើមឆ្នាំ ២០២៣ តម្លៃប្រេង Brent បានលើសពី ៩០ដុល្លារក្នុងមួយបារ៉ែលកាលពីសប្តាហ៍មុន៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com