ជាតិ
សេដ្ឋកិច្ច
គ្រប់ក្រសួង-ស្ថាប័ន នឹងមានអង្គភាពបដិវត្តកម្មឌីជីថល ដើម្បីបង្កើតរដ្ឋាភិបាលឌីជីថល នៅឆ្នាំ២០៣​៥
02, Oct 2023 , 9:39 pm        
រូបភាព
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ រូបថត៖ លោក ពត សែមតារារដ្ឋ(ក្រសូងប្រៃសណីយ៍ និងទូរគមនាគមន៍)
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ រូបថត៖ លោក ពត សែមតារារដ្ឋ(ក្រសូងប្រៃសណីយ៍ និងទូរគមនាគមន៍)
កម្ពុជាបានកំណត់គោលដៅ ប្រែក្លាយខ្លួនឱ្យទៅជារដ្ឋាភិបាល​ឌីជីថល នៅឆ្នាំ២០៣៥។  ចំណុចចាប់ផ្តើម ជាមូលដ្ឋានដែលមិនអាចខ្វះបាន ក្នុងការកសាងរដ្ឋាភិបាលឌីជីថលនេះ ក្នុងការបង្កើតអង្គភាពបដិវត្តកម្មឌីជីថលនៅគ្រប់ក្រសួង-ស្ថាប័នជាតិ។ នេះជាការលើកឡើងរបស់លោក ជា វ៉ាន់ដេត ​រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

 
បើតាម​លោក ជា វ៉ាន់ដេត បច្ចុប្បន្នក្រសួងប្រៃសណីយ៍ កំពុងពិភាក្សាជាមួយក្រសួងមួយចំនួន ក្នុងការបង្កើតអង្គភាពបដិវត្តកម្មឌីជីថលនៅគ្រប់ក្រសួង-ស្ថាប័ននេះ។  លោកបញ្ជាក់ថា គោលការណ៍នៃការបង្កើតអង្គភាពបដិវត្តកម្មឌីជីថលនេះ នឹងចេញជារូបរាងនៅដើមឆ្នាំ២០២៤។
 
«ឥឡូវ! យើងកំពុងតែរៀបចំអនុក្រឹត្យសុំគោលការណ៍សម្រេច ពីរដ្ឋាភិបាលទាំងមូល ដើម្បីឱ្យក្រសួង-ស្ថាប័នទាំងអស់ ត្រូវតែមានអង្គភាពបដិវត្តកម្មឌីជីថលក្នុងកម្រិតស្មើអគ្គនាយក ឬ កម្រិតស្មើនាយកដ្ឋាន អាស្រ័យលើក្រសួង-ស្ថាប័ននោះធំ ឬក៏តូច»។ លោករដ្ឋមន្ត្រីប្រៃសណីយ៍ បានលើកឡើងបែបនេះ ក្នុងពិធីដាក់ឱ្យដំណើរការ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលរបស់ក្រសួងប្រៃសណីយ៍ ជាមួយសាកលវិទ្យាល័យ-វិទ្យាស្ថានចំនួន៦ នៅរាជធានីភ្នំពេញ នាថ្ងៃទី២តុលានេះ។​
 
ទន្ទឹមនឹងការបង្កើតអង្គភាពបដិវត្តកម្មឌីជីថលនេះ គ្រប់ក្រសួង ក៏ត្រូវតែមានប្រព័ន្ធអ៊ិនធឺណែត(WIFI) និងសេវាទូរសព្ទគ្រប់គ្រាន់ និងឧបករណ៍បច្ចេកវិទ្យាប្រើប្រាស់ជារបស់រដ្ឋ ខណៈបច្ចុប្បន្ន មន្ត្រី៨០ទៅ៩០ភាគរយ គឺប្រើប្រាស់បច្ចេកវិទ្យាផ្ទាល់ខ្លួន។  លោក ជា វ៉ាន់ដេត បន្តរៀបរាប់ថា៖ «ក្នុងនាមយើងជារដ្ឋ​ យើងត្រូវប្រើកម្មវិធីបច្ចេកវិទ្យាដែលមានអាជ្ញាបណ្ណត្រឹមត្រូវ និងមានស្តង់ដាររួម។​ ដូចជា ការប្រើប្រាស់កម្មវិធី Microsoft ហើយ Gmail  ក៏ចឹងដែរ។ យើងសព្វថ្ងៃប្រើ @gmail.com  ប៉ុន្តែថ្ងៃក្រោយយើងនឹងប្រើ@gov.kh ដែលជារបស់យើង»។
 
ក្រោយពីក្រសួង-ស្ថាប័នទាំងអស់ មានអង្គភាពបដិវត្តកម្មឌីជីថលហើយនោះ ចាំបាច់ត្រូវបណ្តុះបណ្តាលមន្ត្រីលើផ្នែកប្រត្តិបត្តិការបច្ចេកវិទ្យា  ជួសជុលបច្ចេកវិទ្យា ផ្នែកអភិវឌ្ឍកម្មវិធី ផ្នែកសន្តិសុខ ​និងផ្នែកទិន្នន័យជាដើម ដើម្បីឱ្យមន្ត្រីទាំងនោះក្លាយជាអ្នកជំនាញនៅក្នុងអង្គភាពបដិវត្តន៍កម្មឌីជីថល។ ចំណែក រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក​នៅតាមក្រសួង-ស្ថាប័ន ត្រូវចេះប្រើប្រព័ន្ធបច្ចេកវិទ្យាផង ចេះពីគោលនយោបាយឌីជីថលផង ​និងចេះដឹងពីដំណើរការបដិវត្តន៍ឌីជីថលផង។ នេះបើតាម លោក ជា វ៉ាន់ដេត។
 
លោករដ្ឋមន្ត្រី បន្ថែមថា៖«អ៊ីចឹង! ជំនាញគឺអង្គភាពបដិវត្តកម្មឌីជីថលជាអ្នកអនុវត្តដើម្បីធានានូវការធ្វើបដិវត្តន៍ឌីជីថលរបស់យើងឱ្យបានជោគជ័យ។ ចំណែកឯ មន្ត្រីរាជការ គឺត្រូវតែចូលរួម ហើយបើចូលរួមគឺត្រូវតែចេះ និងយល់ដឹងអំពីគោលនយោបាយ និងផលប្រយោជន៍នៃការធ្វើបដិវត្តកម្មឌីជីថលនេះ»។ 
លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បន្តលើកឡើងថា គ្រប់ក្រសួង-ស្ថាប័ន ក៏ត្រូវរៀបចំផែនការសកម្មភាពការងារក្នុងការធ្វើបដិវត្តកម្មឌីជីថលឱ្យបានជាក់លាស់ទៅតាមឆ្នាំនីមួយៗដែលបានកំណត់។ 
 
ចំណុចខាងលើទាំងអស់នេះ គឺជាដំណាក់កាលទីមួយដែលគ្រប់ក្រសួង-ស្ថាប័នជាតិ​ ត្រូវតែមាន និងអនុវត្តឱ្យបានល្អ​ប្រសើរ មុននឹងចូលដល់ដំណាក់ទីពីរ ក្នុងការអភិវឌ្ឍជាថ្នាលបច្ចេកវិទ្យាលើប្រព័ន្ធផ្តល់សេវា នានាដល់សាធារណជន។​ លោក ជា វ៉ាន់ដេត បានអះអាងថា ទាំងនេះ គឺជាអ្វីដែលក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ បានគិតគូរអំពីការធ្វើបដិវត្តកម្មឌីជីថល​នៅក្នុងរដ្ឋាភិបាលទាំងមូល​។ 
 
គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ ត្រូវបានរដ្ឋាភិបាលអនុម័តដាក់ឱ្យអនុវត្តនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ ការកសាងរដ្ឋាភិបាលឌីជីថលនេះ  គឺឈរលើមូលដ្ឋាននៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថល ជាប្រព័ន្ធអេកូឡូស៊ី សម្រាប់ធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ច និងការកែទម្រង់ប្រកបដោយតម្លាភាព និងភាពជឿទុកចិត្ត ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយបរិយាបន្ន៕
 

Tag:
 សេដ្ឋកិច្ចឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com