ជាតិ
អគារផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជិត២០លានដុល្លារ សង់រួចជាស្ថាពរ
03, Oct 2023 , 7:59 am        
រូបភាព
អគារមណ្ឌលផ្ដល់សេវាវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃ១៩,៨លានដុលារ ដែលជាជំនួយឥតសំណង់របស់ជប៉ុន។
អគារមណ្ឌលផ្ដល់សេវាវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃ១៩,៨លានដុលារ ដែលជាជំនួយឥតសំណង់របស់ជប៉ុន។
សៀមរាប៖ អគារមណ្ឌលផ្តល់សេវាវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានសាងសង់រួចជាស្ថាពរ ក្រោយដំណើរការអស់រយៈពេល២១ខែ និងមិនមានការរាំងស្ទះ​ឡើយ​ ទោះ​ស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩​យ៉ាងណាក្ដី។

 
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ ថ្លែងក្នុងពិធីប្រគល់ និងទទួលអគារថ្មី នៅ​ថ្ងៃទី២ តុលា ថា អគារមណ្ឌលផ្តល់សេវាវះកាត់ថ្មី នឹងជំនួសអគារចាស់ដែលមានសភាពតូចចង្អៀត និងមិនបានឆ្លើយតប ចំពោះតម្រូវការអ្នកជំងឺសព្វថ្ងៃ។ 
 
តាមរបាយការណ៍របស់លោក ក្រុស សារ៉ាត់ អគារថ្មីខាងលើនេះចាប់ផ្តើមសាងសង់នៅខែធ្នូ ឆ្នាំ២០២១ និងបញ្ចប់ជាស្ថាពរនៅក្នុងខែ តុលា ឆ្នាំ២០២៣។ អគារនេះមានកម្ពស់៤ជាន់ មានទំហំ២៥x៦៨ម៉ែត្រ និងស្មើនឹងជិត៤ពាន់ម៉ែត្រការ៉េ។ អគារនេះជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុនតាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន JICA។ 
 


ក្រៅពីអគារដ៏ធំស្កឹមស្កៃ គម្រោងជំនួយឥតសំណងតម្លៃ ១៩,៨លានដុល្លារអាមេរិកនេះ ក៏មានបំពាក់សម្ភារបរិក្ខាស្ដង់ដា និងមានបន្ទប់វះកាត់ទំនើបចំនួន៦បន្ទប់។ល។ លោក ក្រុស សារ៉ាត់ បានចាត់ទុកសមិទ្ធផលថ្មីនេះថានឹងជួយអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលខេត្តសៀមរាប ក៏ដូចជាកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននាពេលបច្ចុប្បន្ន។ 
 
លោកបន្ថែមថា៖« ការទទួលបានហេដ្ឋារចនាសម្ព័ន្ធថ្មី និងឧបករណ៍វេជ្ជសាស្រ្តទំនើបនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏ត្រូវធ្វើការដោះស្រាយបញ្ហាកង្វះធនធានមនុស្ស ដែលមានជំនាញ សម្រាប់ធានាឱ្យមានការផ្ដល់សេវាឱ្យបានរលូនកាន់តែមានគុណភាពនិងប្រសិទ្ធភាព ធានាធ្វើយ៉ាងណា ឱ្យកិច្ចការគ្រប់គ្រងទូទៅឱ្យមានភាពកាន់តែប្រសើរឡើង រួមបញ្ចូលទាំងកិច្ចការថែទាំជួសជុលរាល់ ឧបករណ៍ដែលបានបំពាក់ និងហេដ្ឋារចនាសម្ព័ន្ធទាំងមូល»។
 


តាមការបញ្ជាក់ពីលោក ក្រុស សារ៉ាត់ ឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលជប៉ុនដដែល គ្រោងនឹង​ផ្ដល់កម្ចីសាងសង់អគារ៨ជាន់មួយទៀត ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ លោក សារ៉ាត់ មានសុទិដ្ឋិនិយមថា អគារថ្មីនេះនឹងលេចចេញជារូបរាង ហើយនឹងបំពេញសេវាព្យាបាលផ្នែកវះកាត់ធំៗ ទាក់ទងនឹងបញ្ហាបេះដូង វះកាត់ប្រសៃប្រាសាទ និងការថែទាំមហារីកជាដើម ទៅដល់ប្រជាជនខេត្តសៀមរាប ក៏ដូចជាតំបន់ជុំវិញ។ លោកបញ្ជាក់ថា នេះជាគោលនយោបាយ ជាយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល​ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា ដោយផ្តោតលើប្រសិទ្ធភាព និងគុណភាពខ្ពស់។
 
នាឱកាសនោះដែរ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា អគារថ្មីនេះនឹងរៀបចំពិធីសម្ពោធជាផ្លូវការនាពេលឆាប់ៗខាងមុខ។ លោកចាត់ទុក​អគារផ្ដល់សេវាវះកាត់នេះ ថាជាសកម្មភាពរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការធ្វើទំនើបកម្មសេវាសុខាភិបាល ដើម្បីលើកកម្ពស់គុណភាពនៃការ ផ្ដល់សេវាជូនពលរដ្ឋមួយកម្រិតទៀត។ លោកក៏បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ រៀបចំសម្ភារបរិក្ខាឱ្យបានឆាប់ និងផ្សព្វផ្សាយឱ្យពលរដ្ឋដឹងពីលទ្ធភាព និងផ្នែកផ្ដល់សេវាទាំងអស់ ដែលនឹងដាក់ឱ្យដំណើរការបន្ថែមនៅក្នុងមន្ទីរពេទ្យ៕






Tag:
 អគារវះកាត់
  មន្ទីរពេទ្យបង្អែកខេត្តសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com