ជាតិ
JMAS ប្រែក្លាយចម្ការមីន៨០ហិកតា ទៅជាដីស្រែ ដែលអាចបង្កើនផល២ទៅ៣ដងក្នុងមួយឆ្នាំ
03, Oct 2023 , 8:29 am        
រូបភាព
អតីតចម្ការមីនដែល JMAS បានពង្រាបទៅជាដីស្រែ ជូនពលរដ្ឋ នៅក្នុងឃុំ ចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ រូបភាព៖ លោក យង សាំងកុមារ
អតីតចម្ការមីនដែល JMAS បានពង្រាបទៅជាដីស្រែ ជូនពលរដ្ឋ នៅក្នុងឃុំ ចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ រូបភាព៖ លោក យង សាំងកុមារ
ភ្នំពេញ៖ តាំងពីដើមឆ្នាំ២០២០ មក អង្គការសកម្មភាពកម្ចាត់មីនជប៉ុន(JMAS) បានជួយឈូសឆាយចម្ការមីន៨០ហិកតា របស់អ្នកស្រុកបាណន់ ខេត្តបាត់ដំបង ឱ្យទៅជាដីស្រែរាបស្មើ ក្រោម គម្រោង «ឈូសពង្រាបដីស្រែ នៅស្រុកបាណន់ ខេត្តបាត់ដំបង (ABC)»។ តាមរយៈគម្រោងនេះ ពលរដ្ឋអាចធ្វើស្រែបាន ២ទៅ៣ដងក្នុងមួយឆ្នាំ ជាមួយទិន្នផលខ្ពស់។



លោក អំ វិធូរ ប្រធានគម្រោង «ឈូសពង្រាបដីស្រែ ខេត្តបាត់ដំបង(ABC)» របស់ JMAS បានឱ្យដឹងថា ឃុំចែងមានជ័យ នៃស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវចាត់ចូលជាទីតាំងអាទិភាពក្នុងការប្រែក្លាយដីចម្ការមីន របស់ពលដ្ឋ​ឱ្យទៅជាដីស្រែ ដែលមានលក្ខណៈគ្រប់គ្រាន់អាចបង្កបង្កើនផលបាន។ 
 
គម្រោងនេះ ទទួលបានការគាំទ្រទាំងស្រុងពីក្រុមហ៊ុនជប៉ុន KOMATSU ដែលជាក្រុមហ៊ុនផលិតគ្រឿងចក្រ។ បច្ចុប្បន្ន មានពលរដ្ឋប្រមាណ៣០គ្រួសារ ឬស្មើ៨០ហិកតា ដែលទទួលបានការឈូសឆាយពីគម្រោង។ JMAS ក៏អនុវត្តគម្រោងនេះ ជូនពលរដ្ឋ៥០ហិកតាទៀត នៅឆ្នាំ២០២៣-២០២៤។
 
បើតាម លោក វិធូរ ក្រោយពង្រាបដីរាបស្មើ ពលរដ្ឋបានចូលទៅដាំដុះស្រូវ ដោយគ្មានការភ័យព្រួយអ្វីទាំងអស់។ លោក វិធូរ បានបញ្ជាក់ថា ទីតាំងដីភូមិសាស្រ្ត ឃុំចែងមានជ័យ មានជីជាតិល្អ ហើយកៀកប្រភពទឹកស្ទឹងសង្កែ គួបផ្សំជាមួយបច្ចេកទេសឈូសឆាយរបស់ជប៉ុន ដែលធ្វើឡើងតាមនីវ៉ូទឹកទៀតនោះ បានធ្វើឱ្យទិន្នផលស្រូវកើនពី ២ទៅ៥តោនក្នុងមួយហិកតា។ លើសពីនេះ ពលរដ្ឋក៏អាចធ្វើស្រែបាន២ទៅ៣ដងផងដែរ ក្នុងមួយឆ្នាំ។  
 
លោក បន្ថែមដូច្នេះថា៖«កាលពីមុន ពលរដ្ឋនៅតំបន់នេះ(ឃុំចែងមានជ័យ) មានការភ័យក្លាចមីនណាស់ ព្រោះកន្លែងនេះជាសមរភូមិចុងក្រោយ នៃសម័យសង្រ្គាម។ ក្រោយមក ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន ពួកយើងជួយសម្អាតមីននៅទីនោះបានច្រើន ហើយក៏សម្រេចថា នឹងកែប្រែតំបន់ដែលសម្បូរមីន ព្រៃ និងដីខ្ពស់ៗនេះ ទៅជាស្រែ ដែលអាចឱ្យពួកគាត់(ពលរដ្ឋ) ធ្វើបាន២ទៅ៣ដងក្នុងមួយឆ្នាំ ហើយទិន្នផលខ្ពស់ក៏ខ្ពស់ផងដែរ ព្រោះថា ដីទាំងនេះល្អ ហើយកៀកប្រភពទឹកស្ទឹងសង្កែទៀត»។
 
គម្រោងនេះ ទទួលបានការគាំទ្រ និងស្នើសុំជាច្រើនពីសំណាក់ពលរដ្ឋ។ បច្ចុប្បន្ន JMAS មិនទាន់អាចឆ្លើយតបតាមសំណើរដ៏ច្រើនបែបនេះបាននៅឡើយទេ តែយ៉ាងណា អង្គការមួយនេះ នៅតែបន្តឈូសឆាយដីជូនពលរដ្ឋ​តាមលទ្ធភាព ដែលអាចធ្វើទៅបាន។ 
 
តាមរយៈគម្រោងរបស់ JMAS នេះ ក៏បានធ្វើឱ្យប្រសើឡើងនូវជីវភាពពលរដ្ឋមួយផ្នែកធំ ជាពិសេស វាបានជួយកាត់បន្ថយការចំណាកស្រុកទៅកាន់ប្រទេសថៃ។ ជាក់ស្ដែង ក្រោយវិបត្តិកូវីដ-១៩ ស្ងប់ស្ងាត់ មានពលរដ្ឋ ៥គ្រួសារ លែងត្រឡប់ទៅធ្វើពលករនៅថៃទៀតវិញ ដោយពួកគេ ងាកមកធ្វើស្រែជំនួស។ នេះជាការលើកឡើងរបស់ លោក អំ វិធូរ ។
 
លោក វិធូរ បន្ថែមថា៖‍«ឃុំចែងមានជ័យ ក្នុងស្រុកបាណន់នេះ ជាអាទិភាពសម្រាប់គម្រោងរបស់យើង។ យើងចង់ប្រែក្លាយតំបន់នេះ ឱ្យជាស្រែដែលពលរដ្ឋអាចដីកសិកម្ម ឬដាំដុះស្រូវបាន ដែលវាជួយកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋ»។ 
 
លោក យ៉ង សាំកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថា ការពង្រាបដីស្រែ ដែលជាអតីតចម្ការមីនឲ្យទៅជាដីស្រែរាបស្មើ ដោយអង្គការ JMAS បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនប្រាក់ចំណូលដល់កសិករនៅឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
 
ការពង្រាបដីឲ្យស្មើល្អដោយបច្ចេកវិទ្យាទំនើបរបស់ជប៉ុននេះ បាននាំឲ្យផលស្រូវកសិករកើនឡើង ប្រមាណ២តោនក្នុង១ហិកតា ។ មិនតែប៉ុណ្ណោះ វាក៏ជួយកាត់បន្ថយការចំណាយលើការបូមទឹក និងការគ្រប់គ្រងស្មៅ ផងដែរ។ 
 
លោក ចាត់ទុកថា នេះជាការអភិវឌ្ឍដីមីនឲ្យក្លាយទៅជាដីមាស។ លោក លើកទឹកចិត្តឱ្យអង្គការ JMAS សិក្សាពីតម្រូវការ និងការចូលរួមរបស់ពលរដ្ឋ នៅឃុំចែងមានជ័យ ដើម្បីពង្រីកការពង្រាបដីជូនកសិករឲ្យបានកាន់តែច្រើនថែមទៀត៕  

Tag:
 កសិកម្ម
  JMAS
  យ៉ង សាំងកុមារ
  ដីមីនក្លាយទៅជាដីមាស
  អំ វិធូរ
© រក្សាសិទ្ធិដោយ thmeythmey.com