អន្តរជាតិ
ឥណ្ឌូណេស៊ី សម្ពោធរថភ្លើងល្បឿនលឿនជាងគេនៅអាស៊ីអាគ្នេយ៍
03, Oct 2023 , 9:59 am        
រូបភាព
ឥណ្ឌូណេស៊ី នាថ្ងៃទី២ ខែតុលា បានសម្ពោធខ្សែរថភ្លើងល្បឿនលឿនជាងគេដំបូងបង្អស់ក្នុងចំណោមបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ក្រោមគម្រោងសាងសង់ឡើងតម្លៃរាប់ពាន់លានដុល្លារដែលគាំទ្រដោយចិន។ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានសង្កត់ធ្ងន់ថា វាជាសញ្ញានៃការធ្វើទំនើបកម្មរបស់ឥណ្ឌូណេស៊ី។

 
ជាមួយនឹងល្បឿនដល់ទៅ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង រថភ្លើងល្បឿនលឿនឈ្មោះ «Whoosh»​ អាចដឹកអ្នកដំណើរពីទីក្រុងហ្សាការតាទៅទីក្រុងបានដុងក្នុងរយៈពេលតែ៤៥នាទីតែប៉ុណ្ណោះ។ Whoosh ជាភាសាកាត់ឥណ្ឌូណេស៊ីដែលមានន័យថា ការចំណេញពេលវេលា ដំណើរការដែលប្រតិបត្តិការល្អបំផុត  និងប្រព័ន្ធដែលគួរឱ្យទុកចិត្ត។
 
ទីក្រុងធំទាំងពីរនេះមានចម្ងាយ១៤០គីឡូម៉ែត្រពីគ្នាដែលពីមុនមកត្រូវចំណាយពេលប្រមាណជា៣ ម៉ោង។
 
«រថភ្លើងល្បឿនលឿនពីហ្សាការតាទៅបានដុងកំណត់ពីប្រសិទ្ធភាព ការមិនប៉ះពាល់ និងរួមបញ្ចូលប្រព័ន្ធធ្វើដំណើរខ្នាតធំ»។ លោកចូកូ វីដូដូ ថ្លែងបែបនេះអំឡុងពេលកម្មវិធីសម្ពោធនៅស្ថានីយ៍ Halim ក្នុងរដ្ឋធានី រួចបន្តថា នេះជានិមិត្តសញ្ញានៃការធ្វើទំនើបកម្មក្នុងផ្នែកមធ្យោបាយសាធារណ។ 
 
ផ្លូវរថភ្លើងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន PT KCIC ដែលបង្កើតឡើងដោយក្រុមហ៊ុនរដ្ឋចំនួនបួនរបស់ឥណ្ឌូណេស៊ី និងក្រុមហ៊ុនផ្លូវដែកចិនអន្តរជាតិ។
 
គម្រោងសាងសង់នេះដំបូងឡើយ ត្រូវបានគ្រោងថវិកា៥ពាន់លានដុល្លារ ហើយបញ្ចប់ត្រឹមឆ្នាំ ២០១៩ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមផ្លូវមួយ និងខ្សែក្រវាត់មួយរបស់ទីក្រុងប៉េកាំង។ យ៉ាងណាមិញ ដោយសារបញ្ហាសាងសង់ និងជំងឺកូវីដ-១៩ ធ្វើឱ្យគម្រោងមួយនេះពន្យារពេល និងកើនតម្លៃផងដែរ។ 
 
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌូណេស៊ីលោក Budi Karya Sumadi បានបញ្ជាក់ថា រដ្ឋាភិបាលនឹងពង្រីកផ្លូវរថភ្លើងល្បឿនលឿនពីបានដុងទៅកាន់ទីក្រុងស៊ូរ៉ាបាយ៉ាដែលជាទីក្រុងធំបំផុតទីពីររបស់ប្រទេស។
 
កាលពីខែមុន នាយករដ្ឋមន្ត្រីចិន លី ឈាំង ក៏បានជិះរថភ្លើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកសម្រាប់កិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍៕
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com