ជាតិ
សម្ដេច ហ៊ុន ម៉ាណែត អះអាងថា គ្មានការបង្កើតពន្ធថ្មី នៅក្នុងអាណត្តិទី៧ ឡើយ
03, Oct 2023 , 10:20 am        
រូបភាព
នាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ០៩៩នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ នៅថ្ងៃទី៣ តុលា សម្ដេច ហ៊ុន ម៉ាណែត បានអះអាងដោយធានាថា រដ្ឋ នឹងមិនបង្កើតពន្ធថ្មី នៅក្នុងអាណត្តិទី៧ នេះឡើយ។



«យើងមិនបង្កើតថ្មី យើងមិនដំឡើងពន្ធដែលមានស្រាប់ ។ អ្វីដែលយើងបានចេញគោលនយោបាយ មិនយកពន្ធ នឹងភាស៊ី គឺយើងបានធ្វើ»។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត ដែលបានឆ្លើយតបទៅមតិសាធារណជន ដែលបានរិះគន់លើរដ្ឋាភិបាល ពីបញ្ហាពន្ធមូលធន ដែលគ្រោងអនុវត្តនៅឆ្នាំ២០២៤។ ជាពិសេស ការផ្សព្វផ្សាយព័ត៌មានមួយចំនួន ជុំវិញពន្ធដារ។
 
ត្រង់ចំណុចនេះ សម្ដេច ហ៊ុន ម៉ាណែត បានបកស្រាយពន្យល់វិញថា ពលរដ្ឋ ឬអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះ បានយកបញ្ហាពន្ធដារ ដែលបានអនុវត្តតាំងពីឆ្នាំ១៩៨២មក ផ្សព្វផ្សាយនាពេលបច្ចុប្បន្ន ដែលធ្វើឱ្យពលរដ្ឋយល់ច្រឡំ ។ ចំណែកពន្ធមូលធន ដែលគ្រោងអនុវត្តនៅឆ្នាំ២០២៤នោះ គឺមិនទាន់សម្រេចជាផ្លូវការនោះទេ។ បើតាមសម្ដេច ហ៊ុន ម៉ាណែត ការអនុវត្តពន្ធមូលធន ត្រូវរង់ចាំការជួបពិភាក្សាគ្នារវាងរដ្ឋាភិបាល និងវិស័យឯកជន នៅខែវិច្ឆិកា ដើម្បីស្រង់យកបញ្ហា ដាក់ចេញជាគោលនយោបាយ។ 
 
ដោយឡែក រដ្ឋក៏បន្តមិនយកពន្ធដីកសិកម្ម ដីស្រែ សម្ភារកសិកម្ម កសិផលកសិកម្ម ពីពលរដ្ឋ។ រដ្ឋក៏មិនយកពន្ធផ្ទះ ឬអចលនទ្រព្យ តម្លៃ ១០០លានរៀល ឬ២,៥ ម៉ឺនដុល្លារ ។ ចំណែកពន្ធប្រថាប់ត្រា ទិញ-លក់អចលនទ្រព្យ ក្រោម៧ម៉ឺនដុល្លារ , ពន្ធអចលទ្រព្យ ក្នុងការផ្ទេរពីជីដូនជីតា ឪពុកម្ដាយ ទៅកូន,ពន្ធម៉ូតូ ,ម៉ូតូកង់បី និងពន្ធផ្លូវ ក៏រដ្ឋមិនយកដែរ ។ នេះបើតាមសម្ដេច។
 
ក្រៅពីនេះ ក៏គ្មានការទារភាស៊ី ពីអ្នកលក់តាមកញ្ជើ ល្អី តិចតួចនោះទេ ។ អាជីវករ ដែលលក់ដូរនៅលើតូប និងស្តង់ នៅក្នុងផ្សាររបស់រដ្ឋ អាចមានសិទ្ធិផ្ទេរ កម្មសិទ្ធិ ទៅឱ្យកូនចៅ ឬសាច់ញាតិ បាន។ សម្ដេច បន្ថែម៕

© រក្សាសិទ្ធិដោយ thmeythmey.com