កីឡាជាតិ
ជាតិ
កីឡាអាស៊ី៖ កម្ពុជា មីយ៉ាន់ម៉ា ទីម័រខាងកើត មិនទាន់រកឃើញមេដាយ ក្រោយប្រកួត១០ថ្ងៃ
03, Oct 2023 , 11:08 am        
រូបភាព
ម្ចាស់ផ្ទះចិន បង្កើនការនាំមុខមេដាយច្រើនដាច់គេក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ ក្រោយការប្រកួតផ្លូវការចំនួន១០ថ្ងៃ ស្របពេលជប៉ុន និងកូរ៉េខាងត្បូង នៅតែប្រដេញគ្នា។ នៅសល់៤ថ្ងៃទៀតនឹងបញ្ចប់ព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ខណៈក្រុមអាស៊ីអាគ្នេយ៍៣ រួមមាន កម្ពុជា មីយ៉ាន់ម៉ា និងទីម័រខាងកើត មិនទាន់រកបានមេដាយនៅឡើយ។


គិតចាប់ពីផ្តើមប្រកួតផ្លូវការពីថ្ងៃទី២៣ ខែកញ្ញាមក ចំណោម១១ប្រទេសពីតំបន់អាស៊ីអាគ្នេយ៍ ថៃ ឥណ្ឌូណេស៊ី សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន ព្រុយណេ និងឡាវ រកបានមេដាយរៀងៗខ្លួនហើយ ក្នុងនោះថៃរកបានមេដាយច្រើនដាច់គេ ចំនួន៣៤ ដោយក្នុងនោះ មេដាយមាស១០ ប្រាក់៨ និងសំរឹទ្ធ១៦។ ឥណ្ឌូណេស៊ី សិង្ហបុរី និងម៉ាឡេស៊ី ដែលស្ថិតនៅលេខរៀងបន្តបន្ទាប់ កំពុងប្រដេញមេដាយគ្នា ក្នុងនោះឥណ្ឌូណេស៊ីរកបានមេដាយមាស៤ ប្រាក់៣ និងសំរឹទ្ធ១១ សរុប១៨, សិង្ហបុរី រកបានមេដាយមាស៣ ប្រាក់៦ និងសំរឹទ្ធ៤ សរុប១៣ និងម៉ាឡេស៊ីរកបានមេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធ១៤ សរុប២១។
 
វៀតណាម និងហ្វីលីពីន រកបានមេដាយមាសចំនួន១ដូចគ្នា ស្របពេល ព្រុយណេរកបានមេដាយប្រាក់១ និងឡាវរកបានមេដាយសំរឹទ្ធិ២។ ក្រៅពីមេដាយមាសវៀតណាម រកបានមេដាយប្រាក់៣ និងសំរឹទ្ធ១៣ សរុប១៧ និងហ្វីលីពីនមានដាយប្រាក់១ និងសំរឹទ្ធ៨បន្ថែមទៀត សរុប១០។
 
យ៉ាងណាក៏ដោយ ក្រោយការប្រកួតផ្លូវការចំនួន១០ថ្ងៃមក មានតែ កម្ពុជា មីយ៉ាន់ម៉ា និងទីម័រខាងកើតប៉ុណ្ណោះ ជាក្រុមតំបន់អាស៊ីអាគ្នេយ៍ដែលមិនទាន់រកបានមេដាយណាមួយឡើយ។
 
ចំណោមប្រភេទកីឡាទាំង១៧ ដែលកម្ពុជាបានបញ្ជូនទៅប្រជែងមេដាយនៅចិន មានកីឡាបាល់ទះបុរក្នុងសាល, ហែលទឹក, តេក្វាន់ដូ WT, គុនដាវ, អត្តពលកម្ម ទ្រីយ៉ាត្លុង និងបាល់បោះ៣ទល់៣ ចប់ភារកិច្ចដោយគ្មានមេដាយ។ យ៉ាងណាក៏ដោយ ចំណោមកីឡាដែលចប់ភារកិច្ច កីឡាហែលទឹក និងរត់ចម្ងាយ សុទ្ធតែបានបំបែកកំណត់ត្រាខ្លួនឯង។ កីឡាករ ឈុន ប៊ុនថន ម្ចាស់មេដាយមាសស៊ីហ្គមេ វិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ បានបំបែកកំណត់ត្រា លើវិញ្ញា សារត់ចម្ងាយ ១,៥០០ម៉ែត្រ ដែលជាកំណត់ត្រា (National Record) ជាប្រវត្តិសាស្រ្តរយៈពេល ៥៨ឆ្នាំ នៅកីឡាអាស៊ី។ ប៊ុនថន បានប្រើថិរវេលា ៣នាទី និង ៥៩.៩៧ វិនាទី បំបែកកំណត់ត្រាចាស់របស់កីឡាករ Nhea Khay ថិរវេលា ៤ នាទី និង១ វិនាទី ក្នុងព្រឹត្តិការណ៍ SEAP Games លើកទី៣ ឆ្នាំ១៩៦៥។
 
តារាងមេដាយបណ្តោះអាសន្ន គិតត្រឹមព្រឹកថ្ងៃទី៣ ខែតុលា ម្ចាស់ផ្ទះចិន ឈរកំពូលតារាង ដោយដណ្តើមបានមេដាយច្រើនដាច់គេសរុប២៧៤ មាស១៥១ ប្រាក់៨១ និងសំរឹទ្ធ៤២ តាមពីក្រោយដោយ ជប៉ុន ដែលរកបានមេដាយសរុប១២៤ ក្នុងនោះមាស ៣៣ ប្រាក់៤៥ និងសំរឹទ្ធ៤៦។ កូរ៉េខាងត្បូង ឈរលេខរៀងទី៣ រកបានមេដាយសរុប១៣៥ ក្នុងនោះ មាស៣១ ប្រាក់៤១ និងសំរឹទ្ធ៦៣។ ថៃ ក្នុងអាស៊ានតែមួយគត់ស្ថិតក្នុងចំណោមប្រទេសទាំង១០ Top 10 ដោយឈរនៅលេខរៀងទី៧ បណ្តោះអាសន្ន៕
 

Tag:
 កីឡាអាស៊ី
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com