ជាតិ
សេដ្ឋកិច្ច
​​​ន​យោ​បាយ​ជាតិ​
ប្រមុខរដ្ឋាភិបាល ប្រាប់ឱ្យរៀបចំយន្តការប្រមូលពន្ធឱ្យប្រសិទ្ធភាព ដើម្បីកុំឱ្យជាន់ការងារគ្នា
03, Oct 2023 , 11:11 am        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត មើលឃើញការងាររបស់មន្ត្រីប្រមូលពន្ធខ្លះ មានភាពជាន់គ្នា ។ ដូច្នេះប្រមុខរដ្ឋាភិបាល បញ្ជាឱ្យលោក គង់ វិបុល អគ្គនាយកពន្ធដារ រៀបចំយន្តការប្រមូលពន្ធឱ្យប្រសិទ្ធភាពឡើងវិញ។



ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ០៩៩នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ នៅថ្ងៃទី៣ តុលា សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងថា ការងារប្រមូលពន្ធ មានលក្ខណៈសាំញាំច្រើន ដូច្នេះត្រូវសម្រួលនីតិវិធីខ្លះ ដើម្បីងាយស្រួលដល់វិស័យឯកជន។
 
«សូមពិនិត្យរៀបចំយន្តការឱ្យមានប្រសិទ្ធិភាព កុំឱ្យជាន់គ្នា កុំឱ្យមានពន្ធ ២ -៣តង់។ បានន័យថា មន្រ្តីពន្ធទៅធ្វើការកុំឱ្យច្រើនជាន់គ្នាពេក ហើយទុកឱ្យអ្នកណាម្នាក់ទៅធ្វើការដាច់ស្រេចទៅ ទុកឱ្យធ្វើការជាមួយវិស័យឯកជន ដើម្បីវិស័យឯកជនងាយស្រួលធ្វើការ»។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត ដែលបានបន្ថែមថា ការបំពេញការងារជាន់គ្នា នឹងបង្កើតភាពស្រពិចស្រពិល ដល់ប្រជាពលរដ្ឋ។
 
ប្រមុខរដ្ឋាភិបាល ក៏ជំរុញឱ្យពង្រឹងយន្តការឆ្លើយតបជាមួយប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព, បង្កើនប្រព័ន្ធព័ត៌មានវិទ្យាជំនួសឱ្យមនុស្ស ដើម្បីឱ្យពលរដ្ឋងាយស្រួល ក្នុងការបំពេញបែបបទ និងការងារ។ ជាពិសេសពង្រឹងក្រមសីលធម៌ការងាររបស់មន្ត្រីពន្ធដារ។
 
ត្រង់ចំណុចនេះ សម្ដេច ហ៊ុន ម៉ាណែត ប្រាប់ឱ្យលោក គង់ វិបុល អគ្គនាយកពន្ធដារ ពិនិត្យលើក្រមសីលធម៌ការងាររបស់មន្ត្រីពន្ធដារ ដើម្បីឱ្យពួកគេអនុវត្តការងារឱ្យបានត្រឹមត្រូវ។

សម្ដេច ទទួលបានព័ត៌មានច្រើន ពីការអនវុត្តការងារ មិនត្រឹមត្រូវរបស់មន្ត្រីពន្ធដារ។ «ខ្ញុំ មានប៉ុន្មានរឿងហើយ ដែលគេបានប្ដឹងមកខ្ញុំឱ្យបង បុល (អគ្គនាយកពន្ធដារ) មើលភ្លាម»។

នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ដែលបានបន្ថែមថា មន្ត្រីពន្ធដារត្រូវអនុវត្តការងារឱ្យបានត្រឹមត្រូវ ជាពិសេសក្ដាប់ព័ត៌មានឱ្យបានល្អ ដើម្បីបកស្រាយពន្យល់ទៅពលរដ្ឋ ជុំវិញការប្រមូលពន្ធដារនេះ។
 
សម្ដេច ហ៊ុន ម៉ាណែត បានបន្ថែមថា បើមន្រ្តីពន្ធដារ ក្ដាប់ព័ត៌មាន និងមិនយល់ច្បាស់ពីការងារពន្ធដារនេះ ហើយទៅបកស្រាយប្រាប់ពលរដ្ឋនោះ វានឹងបង្កើតឱ្យមានការភាន់ច្រឡំ៕

Tag:
 ហ៊ុន ម៉ាណែត
  សេដ្ឋកិច្ច
  ពន្ធដារ
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com