Cristiano Ronaldo រកបានគ្រាប់បាល់ដំបូងនៅក្នុងការប្រកួតពានរង្វាន់ AFC Champions League នៅក្នុងជ័យជម្នះរបស់ក្រុម Al Nassr ដែលបានវាយបកយកឈ្នះក្រុមមកពីតាហ្ស៊ីគីស្ថាន FC Istiklol ក្នុងលទ្ធផល ៣-១ នៅក្នុងទីក្រុងរីយ៉ាដ ថ្ងៃទី៣ ខែតុលា។
ក្នុងជំនួបវគ្គសន្សំលើកទី២ ពិន្ទុពូល E ក្រុមភ្ញៀវ FC Istiklol បើកការនាំមុខមុននៅក្នុងវគ្គទីមួយ ដោយកីឡាករ Senin Sebai ស៊ុតនៅនាទី៤៤ ទម្លុះសំណាញ់ទីរបស់ក្រុម Al Nassr។
ប៉ុន្តែយ៉ាងណានៅក្នុងវគ្គទីពីរម្ចាស់ផ្ទះ Al Nassr បានកែប្រែទម្រង់លេងល្អឡើងវិញ ដោយខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុតគ្រាប់តាមស្មើនាទី៦៦ និង ២គ្រាប់របស់ Anderson Talisca នៅនាទី៧២ និង៧៧។ ចប់ការប្រកួត Al Nassr ឈ្នះ FC Istiklol ៣-១។
Al Nassr ឈ្នះការប្រកួតទីពីរនៅក្នុងពូល E ហើយឈរកំពូលតារាងនៃការប្រកួតប្រជែងក្នុងពានរង្វាន់ ACL។ ក្រុមរបស់អ៊ីរ៉ង់ដែលស្ថិតក្នុងពូលជាមួយគ្នា Persepolis យកឈ្នះការប្រកួតលើក្រុម Al Duhail លទ្ធផល ១-០ នៅក្នុងប្រទេសកាតា។
សម្រាប់ Ronaldo ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ បង្ហាញខ្លួន ២ លើកនៅក្នុងការប្រកួតពានរង្វាន់ ACL ទើបតែរកបានគ្រាប់បាល់ លើកដំបូងតែប៉ុណ្ណោះ បើទោះរូបគេតែងតែរកបានគ្រាប់បាល់នៅក្នុងក្របខណ្ឌ Saudi Pro League។ ក្រោយចប់ការប្រកួត Ronaldo ក៏បានបង្ហាញភាពរីករាយដែលរូបគេរកបានគ្រាប់បាល់នៅក្នុងក្របខណ្ឌបាល់ទាត់ទ្វីបអាស៊ី។
«ការប្រកួតដ៏ល្អសម្រាប់អ្នករាល់គ្នានៅក្នុងក្រុមទាំងមូល។ ខ្ញុំសប្បាយចិត្តដែលបានរកគ្រាប់បាល់ ១លើកដំបូងនៅនៅក្នុងពានរង្វាន់ AFC Champions League យើងនឹងបន្តការឈ្នះបន្ថែមទៀត។»។ នេះបើតាមការបង្ហោះរបស់ Ronaldo នៅលើបណ្តាញសង្គម Instagram។
ឈ្នះការប្រកួតនៃ ACL លើក្រុម Istiklol ក៏ក្លាយជាការប្រកួតឈ្នះទី ១០ ជាប់ៗនៃក្រុម Al Nassr ដែលមានវត្តមានរបស់ប្រធានក្រុមសញ្ជាតិព័រទុយហ្កាល់៕
ដោយឡែកការប្រកួតក្រុមដទៃទៀតនៅក្នុងពានរង្វាន់ ACL ៖
ពូល B
ក្រុម Nasaf Qarshi យកឈ្នះលើក្រុម Al Sadd លទ្ធផល ៣-១
ក្រុម Sharjah Cultural Club ឈ្នះក្រុម Al Faisaly លទ្ធផល ១-០
ពូល C
ក្រុម Al Quwa Al Jawiya ឈ្នះលើក្រុម AGMK លទ្ធផល ២-១៕