ជាតិ
ថ្មីៗ និង BBU សៀមរាប សម្ពោធគម្រោងសរសេរសៀវភៅនៅថ្ងៃទី៦ខែតុលា
03, Oct 2023 , 1:59 pm        
រូបភាព
សៀមរាប៖ សារព័ត៌មានឌីជីថលថ្មីៗ និងសាកលវិទ្យាល័យ Build Bright University (BBU) នៃខេត្តសៀមរាប គ្រោងនឹងប្រកាសដាក់ឲ្យដំណើរការគម្រោងសរសេរសៀវភៅស្តីពីសក្តានុពលខេត្តសៀមរាបនៅថ្ងៃទី៦ខែតុលាឆ្នាំ២០២៣ខាងមុខនេះនៅឯសាកលវិទ្យាល័យ BBU នៃខេត្តសៀមរាប។

 
 
ក្នុងគោលបំណងបណ្តុះបណ្តាលជំនាញផ្នែកស្រាវជ្រាវ, ចងក្រង, សំណេរ, បោះពុម្ពផ្សាយ…សារព័ត៌មានឌីជីថលថ្មីៗ (Thmeythmey.com) និងសាកលវិទ្យាល័យ Build Bright University (BBU) នៃខេត្តសៀមរាបបានសហការរួមគ្នាដើម្បីផលិតសៀវភៅមួយក្បាលដែលមានកម្រាស់ជាង២០០ទំព័រស្តីអំពីសក្តានុពលនៃខេត្តសៀមរាប។ 
 
និស្សិត សាស្រ្តាចារ្យ និងអ្នកនិពន្ធមកពីស្ថាប័នទាំងពីរនឹងធ្វើការរួមគ្នាដើម្បីផលិតស្នាដៃខាងលើនេះ។ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរបានអត្ថាធិប្បាយថា គម្រោងសរសេរសៀវភៅរួមគ្នានេះ គឺមានគោលបំណងពីរយ៉ាង។ ទី១ គឺពង្រឹងសមត្ថភាពនិស្សិតក្នុងជំនាញសំណេរ និងទី២ គឺចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ខេត្តសៀមរាបទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ សៀវភៅនេះនឹងក្លាយទៅជាជង្រុកផ្ទុកព័ត៌មាន ឬជាឯកសារយោងសម្រាប់អ្នកដែលចង់ស្រាវជ្រាវព័ត៌មានផ្សេងៗពីខេត្តសៀមរាប។ 
 
ក្រុមការងារនៃស្ថាប័នទាំងពីរនឹងប្រើប្រាស់ពេលវេលា១ឆ្នាំដើម្បីស្រាវជ្រាវ ចងក្រង សរសេរ និងបោះពុម្ពផ្សាយ។ សូមបញ្ជាក់ថា អង្គការ Aide et Action/Action Education បានចូលរួមចំណែកហិរញ្ញវត្ថុមួយផ្នែកក្នុងគម្រោងខាងលើនេះ៕ 
 


© រក្សាសិទ្ធិដោយ thmeythmey.com