ជាតិ
សេដ្ឋកិច្ច
ម៉ាឡេស៊ី មានបំណងទិញអង្ករពីកម្ពុជា
03, Oct 2023 , 2:31 pm        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម(ស្ដាំ) និងលោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា  ក្នុងជំនួបពិភាក្សា កាលពីថ្ងៃទី២ ខែតុលា នៅទីស្តីការក្រសួងកសិកម្ម។ រូបភាព៖ ក្រសួងកសិកម្ម
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម(ស្ដាំ) និងលោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក្នុងជំនួបពិភាក្សា កាលពីថ្ងៃទី២ ខែតុលា នៅទីស្តីការក្រសួងកសិកម្ម។ រូបភាព៖ ក្រសួងកសិកម្ម
ភ្នំពេញ៖ លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានជួបជាមួយ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជជែកពីបំណងទិញអង្ករស និងអង្ករ​ក្រអូបពីកម្ពុជា។ លោក ឌិត ទីណា ស្វាគមន៍ចំពោះឱកាស​នៃការ​បើក​ច្រកទីផ្សារអង្ករកម្ពុជាទៅកាន់ទីផ្សារម៉ាឡេស៊ី។



ជំនួបភាគីទាំងពីរ កាលពីថ្ងៃទី២ តុលា ក៏បានព្រមព្រៀងឱ្យមានការ​បើក​ផ្លូវ​ដល់​វិនិយោគិន​ម៉ាឡេស៊ី ដែល​មាន​បំណង​ចង់​មក​វិនិយោគ​លើ​ដំណាំស្វាយ ម្នាស់ និង​អំពៅ នៅ​កម្ពុជា ផងដែរ។ ឱកាសនោះ លោក ឌិត ទីណា ណែនាំឱ្យ​អ្នកវិនិយោគ​ម៉ាឡេស៊ី ផ្ដោត​ទៅ​លើខ្សែ​ច្រវាក់​ផលិតកម្ម និង​ការ​នាំ​ចេញ តែម្ដង។
 
ចំណែក ​កសិផល​សម្រាប់​នាំ​ចេញវិញ អ្នក​វិនិយោគ​អាច​ពិចារណា​ធ្វើកិច្ច​សន្យា​កសិកម្ម​ជាមួយ​កសិករ​ខ្មែរ ដើម្បី​ឱ្យ​ពួកគេ​ដាំ​ដុះ​ដំណាំ​ស្រប​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​​ម៉ាឡេស៊ី។ 
 
បើតាមរបាយការណ៍របស់សហព័ន្ធ ស្រូវអង្ករកម្ពុជា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករប្រមាណ៤០ម៉ឺនតោន ទៅកាន់ប្រទេស គោលដៅចំនួន៥៦ នៅលើពិភពលោក ដោយទទួលបានចំណូល២៧៨លានដុល្លារ។ បរិមាណ៤០ ម៉ឺន តោននេះ គឺស្មើ៥៨ភាគរយ នៃផែនការនាំចេញសរុប៧០ម៉ឺនតោន។ ជាមួយគ្នានេះ កម្ពុជា ក៏បាននាំចេញស្រូវ ២ ៩២៩ ០៤៣តោនផងដែរ ដែលគិតជាទឹកប្រាក់មានចំនួន ៨១៤.១៧ លានដុល្លារ ក្នុងនោះ៩៥ភាគរយ ត្រូវបានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពី អាជ្ញាធរ៕
 

Tag:
 កសិកម្ម
  ម៉ាឡេស៊ី
  អង្ករ
  ឌិត ទីណា
© រក្សាសិទ្ធិដោយ thmeythmey.com