ជាតិ
ផ្អាកចរាចរណ៍លើកំណាត់ផ្លូវខ្លះ នៅសៀមរាប ដោយសារជំនន់ទឹកភ្លៀង ការផ្អាកចរាចរណ៍លើកំណាត់ផ្លូវខ្លះនៅខេត្តសៀមរាបដោយសារជំនន់ទឹកភ្លៀង។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប
× សៀមរាប៖ ភ្លៀងជាប់ៗគ្នារយៈពេល២ទៅ៣ថ្ងៃនេះ ធ្វើឱ្យតំបន់ខ្លះក្នុងភូមិសាស្រ្តខេត្តសៀមរាប មានជំនន់ទឹកភ្លៀង។ រដ្ឋបាលខេត្តបានសម្រេចផ្អាកចរាចរណ៍លើកំណាត់ផ្លូវខ្លះ ខណៈមានទឹកហូរកាត់ខ្លាំង ។
នាយករដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅរសៀលថ្ងៃទី៣ តុលា ថា ស្ថានភាពទឹកជំនន់ មិនទាន់ដល់កម្រិតប្រកាសអាសន្ន និងជម្លៀសពលរដ្ឋនៅឡើយទេ គឺគ្រាន់តែជន់លិចក្រោមផ្ទះរបស់ពលរដ្ឋ និងហូរកាត់កំណាត់ផ្លូវ ខ្លះតែប៉ុណ្ណោះ។ លោក វណ្ណៈ បន្ថែមថា ការផ្អាកចរាចរណ៍លើកំណាត់ផ្លូវខ្លះ ដោយសាររដ្ឋបាលខេត្ត បារម្ភផ្លូវទាំងនោះខូចខាតធ្ងន់ធ្ងរ ដោយសាររថយន្តធុនធ្ងន់ បើកកាត់ពេល កំពុងលិច។
លោក វណ្ណៈ ពន្យល់បន្ថែមថា ជំនន់ទឹកភ្លៀងបានជន់លិចនៅប៉ែកខាងលិច រួមមានស្រុកក្រឡាញ់ ពួក អង្គរជុំ ។ ចំណែកប៉ែកខាងកើត មានជីក្រែង សូទ្រនិគម និងស្វាយលើ។ លោកថា តំបន់ខ្លះនៃស្រុកជីក្រែង បានលិចខ្លាំង ដោយសារទឹកហូរពីលើភ្នំមក ខណៈតំបន់ស្រុកក្រឡាញ់ និងពួក ទឹកបានស្រកខ្លះហើយ។ លោកនាយករដ្ឋបាល បញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះ នឹងស្រកទៅវិញឆាប់ៗ ក្រោយពេលរាំងភ្លៀង២ទៅ៣ថ្ងៃបន្ទាប់។
«ដោយសារភ្លៀងជាប់ៗគ្នា ធ្វើឱ្យអ្នកនៅក្បែរភ្នំមានទឹកជន់ តែទឹកទន្លេសាបអត់ទាន់មានជំនន់ទេ។ វាអាចស្រកទៅលឿន ក្នុងករណីអត់ភ្លៀង២ទៅ៣ថ្ងៃ»។ នេះជាការបញ្ជាក់ពីលោក លី វណ្ណៈ។
ជំនន់ទឹកភ្លៀងនៅខេត្តសៀមរាប ក៏បានជន់លិចនៅតាមទីវត្តអារាម និងសាលារៀនមួយចំនួនផងដែរ។
គួរបញ្ជាក់ថា កំណាត់ផ្លូវដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ប្រកាសផ្អាកចរាចរណ៍បណ្ដោះអាសន្នពីថ្ងៃទី៣ តុលាទៅនេះ រួមមាន កំណាត់ផ្លូវជាតិលេខ៦៤ (ដំដែក-អូរប្រាំព្យាម ព្រំប្រទល់ព្រះវិហារ), ផ្លូវជាតិលេខ៦៧ (ប្រាសាទបាគង-អន្លង់វែង), ផ្លូវខេត្តលេខ២៦៥E (រលួស-កំពង់ភ្លុក), ផ្លូវខេត្តលេខ២៦៦C (ស្វាយធំ-បន្ទាយស្រី), ផ្លូវខេត្តលេខ២៦៦F (ពួក-អង្គរជុំ), ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ារិន), ផ្លូវខេត្តលេខ២៦៧៦ (ទួលគ្រួស-តាសៀម), ផ្លូវខេត្តលេខ ២៦៤៥ (ស្វាយលើ-ស្រែណូយ) និងផ្លូវខេត្តលេខ៦២-៣ (បេងមាលា-ខ្វាវ)៕
Tag:
ជំនន់ទឹកភ្លៀង
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com