យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) គេប៉ាន់ស្មានប្រមាណថាមនុស្ស ៣.៥ ពាន់លាននាក់នៅទូទាំងពិភពលោកជួបប្រទះនឹងជំងឺមាត់ធ្មេញ។ ការស្វែងយល់ពីបញ្ហាធ្មេញដែលអាចកើតមានញឹកញាប់បំផុត និងមូលហេតុរបស់វាអាចជាមធ្យោបាយដ៏ល្អសម្រាប់ការបង្ការពីបញ្ហាទាំងនេះ។
នេះគឺជាជំងឺសុខភាពមាត់ធ្មេញ ដែលកើតមានញឹកញាប់បំផុតទាំង៧៖
1. ក្លិនមាត់មិនល្អ៖ ជំងឺអញ្ចាញធ្មេញ ពុកធ្មេញ មហារីកមាត់ មាត់ស្ងួត និងបាក់តេរីនៅលើអណ្តាត គឺជាមូលហេតុមួយចំនួន ដែលអាចបណ្តាលឲ្យមានក្លិនមាត់មិនល្អ។
2. ធ្មេញពុក៖ វាកើតឡើងដោយសារកំណកកំបោរដែលជាប់នឹងធ្មេញ ជាមួយនឹងស្ករក្នុងអាហារ។ ការរួមបញ្ចូលគ្នានេះបណ្តាលឲ្យកើតជាជាតិអាស៊ីតទៅវាយប្រហារលើស្រទាប់ធ្មេញ។
3. ជំងឺអញ្ចាញធ្មេញ៖ វាគឺជាការឆ្លងមេរោគនៅនឹងអញ្ចាញធ្មេញ ហើយវាគឺជាមូលហេតុចម្បងមួយនៃការបាត់បង់ធ្មេញចំពោះមនុស្សពេញវ័យ។
4. សំណឹកធ្មេញ៖ ការបាត់បង់រចនាសម្ព័ន្ធធ្មេញដែលបណ្តាលមកពីអាស៊ីត ដោយវាយប្រហារស្រទាប់ខាងក្រៅរបស់ធ្មេញ។ រោគសញ្ញានៃសំណឹកធ្មេញអាចប្រែប្រួល ចាប់ពីការស្រៀវធ្មេញ រហូតដល់មានស្នាមប្រេះលើធ្មេញ។
5. ស្រៀវធ្មេញ៖ វាជាបញ្ហាទូទៅដែលទាក់ទងនឹងការឈឺ ឬមិនស្រួលនៃធ្មេញដោយសារការញ៉ាំរបស់ផ្អែមភេសជ្ជៈក្តៅឬត្រជាក់ ឬការ៉េមជាដើម។ មនុស្សមួយចំនួនដែលមានបញ្ហាស្រៀវធ្មេញ អាចមានការឈឺចាប់ពេលដុសធ្មេញទៀតផង។
6. ការប្រែពណ៌ធ្មេញ៖ អាហារ ឱសថមួយចំនួន និងថ្នាំជក់ គឺជាមូលហេតុខ្លះនៃការប្រែពណ៌ធ្មេញ។
7. មហារីកមាត់៖ គឺជាជំងឺធ្ងន់ធ្ងរដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់។ កត្តាហានិភ័យចម្បងគឺការប្រើប្រាស់ថ្នាំជក់ និងទទួលទានគ្រឿងស្រវឹង។ ការទៅជួបពេទ្យធ្មេញជាទៀងទាត់អាចជួយដល់ការរកឃើញមហារីកមាត់ទាន់ពេល។
ប្រភព៖
សម្របសម្រួលដោយ៖ ឱសថការី លីណ្ណា ជិញជិញ