ជាតិ
សេដ្ឋកិច្ច
ក្រសួងប្រៃសណីយ៍ ដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន៦
03, Oct 2023 , 4:28 pm        
រូបភាព
កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល​របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការជាមួយគ្រឹះស្ថានឧត្តមសិក្សាចំនួន៦ នៅរាជធានីភ្នំពេញ​ នាថ្ងៃទី២តុលានេះ។ ការដាក់ឱ្យដំណើរការនូវកម្មវិធីនេះ គឺជាការចូលរួមកសាងធនធានមនុស្សឌីជីថល ដែលឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាល រួមទាំងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល។

 
បច្ចុប្បន្ន កម្ពុជាបានផ្តោតចម្បងលើការជំរុញឌីជីថលភាវូបនីយកម្ម និងបដិវត្តកម្មឌីជីថល ដោយផ្តល់អាទិភាពទៅលើការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច សង្គម និងពលរដ្ឋឌីជីថល ដើម្បីបង្កើតលទ្ធភាព និងកសាងភាពធន់នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ដើម្បីចូលរួមកសាងធនធានមនុស្សឌីជីថល ក្រសួងប្រៃសណីយ៍​ បានបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (Digital Skill Development Program / DSDP) នេះឡើង។ 
 
បើតាមលោកស្រី​ ហ៊ាន ប៉ូលីណេ ដែលជាអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះ នឹងធ្វើឡើងតាមរយៈការផ្តល់ថវិកាកម្ចីសិក្សា ដោយមិនមានការប្រាក់​ ,ការប្រឹក្សាយោបល់ដល់និស្សិត ,ការសម្របសម្រួល និងការស្នាក់នៅរបស់និស្សិត។ លើសពីនេះ ក្រសួង​បានសហការជាមួយគ្រឹះស្ថានសិក្សា និងស្ថាប័នពាក់ព័ន្ធនានា ដែលផ្តោតលើការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់បម្រើដល់ការអប់រំថែមទៀត។
 
ក្នុងពិធីដាក់ឱ្យដំណើរការនូវកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល នៅទីស្តីការក្រសួងប្រៃសណីយ៍ លោកស្រី ហ៊ាន ប៉ូលីណេ បានបញ្ជាក់ថា​ ចក្ខុវិស័យនៃកម្មវិធីអភិវឌ្ឍន៍នេះ គឺដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រដ្ឋាភិបាល។ «ជាពិសេស គឺលើកកម្ពស់ស្តង់ដាអប់រំលើជំនាញដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យសាឌីជីថល និងគាំទ្រដល់ដំណើរការការអភិវឌ្ឍធនធានមនុស្សឌីជីថល»។​ នេះជាការរៀបរាប់របស់លោកស្រី ប៉ូលីណេ ដែលបន្ថែមថា ចក្ខុវិស័យទាំងនេះ គឺកំពុងដើរស្របតាមការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល​ ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល​ ២០២២-២០៣៥។ 
 
ការលើកកម្ពស់ការអប់រំលើជំនាញបច្ចេកវិទ្យាឌីជីថលប្រកបដោយគុណភាព  គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់ក្រសួងប្រៃសណីយ៍ ក្នុងការធ្វើបដិវត្តកម្មឌីជីថលបម្រើដល់ការអប់រំនៅកម្ពុជា។ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍  ជឿជាក់ថា  ការអនុវត្តកម្មវិធីនេះ នឹងទទួលជោគជ័យក្នុងការបង្កើតធនធានមនុស្សឌីជីថល​ ដែលជាកម្លាំងយ៉ាងសកម្មក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល​ ដើម្បីនាំកម្ពុជាក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ 
 
ចំពោះគ្រឹះស្ថានឧត្តមសិក្សាទាំង៦ ដែលដើរតួអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលរបស់ក្រសួងប្រៃសណីយ៍នេះ រួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល,​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យជាតិគ្រប់គ្រង, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​, សាកលវិទ្យាល័យអាម៉េរិកកាំងភ្នំពេញ និងសាកលវិទ្យាល័យផ៉ារ៉ាហ្គន៕

Tag:
 សេដ្ឋកិច្ចឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com