ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ ស្នើរដ្ឋាភិបាលបារាំងឱ្យបន្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុកម្ពុជា
03, Oct 2023 , 6:59 pm        
រូបភាព
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា។ រូបថត៖ NBC
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា។ រូបថត៖ NBC
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC) បានសាទរចំពោះរដ្ឋាភិបាលប្រទេសបារាំង ​ តាមរយៈ​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) ដែលបានរួមចំណែក​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​របស់​​កម្ពុជា ។ ជាពិសេស​វិស័យ​មីក្រូហិរញ្ញវត្ថុឱ្យ​ការ​រីកចម្រើនជាលំដាប់។​ លោកស្រី លើកឡើងបែបនេះ នៅចំពោះមុខ ​លោក Jacques Pellet ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា និង​លោកស្រី Sandrine Boucher នាយិកា​ AFD ​ក្នុងជំនួប​ពិភាក្សា​ការងារ​ នាថ្ងៃទី២៩កញ្ញា។​

 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា​ ជំនួបការងារនេះ បានផ្តោតសំខាន់លើសកម្មភាពកិច្ចសហប្រតិបត្តិការរបស់ AFD នៅកម្ពុជានាពេលកន្លងមក។ ជាពិសេស គឺការប្តេជ្ញាចិត្តរបស់ AFD ក្នុងការបន្តអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការបន្តផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេស សំដៅដល់ការពង្រីកលទ្ធភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុឱ្យបានកាន់តែទូលំទូលាយ។
 
លោកស្រី ជា សិរី បានកោតសសើរដល់ AFD ដែលបានចូលរួមគាំទ្រការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានាពេលកន្លងមក។ លោកស្រីបន្តនិយាយដូច្នេះ៖ «[ខ្ញុំ]ថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់ AFD ក្នុងការបន្តសហប្រតិបត្តិការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបន្ថែមទៀត ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើឱ្យប្រសើរឡើងនៃជីវភាពប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច»។ 



ជាមួយគ្នានេះ លោកស្រីទេសាភិបាលធនាគារជាតិ​ ក៏បានស្នើសុំបង្កើនកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រដល់ការបណ្តុះបណ្តាល ជាពិសេសសម្រាប់មជ្ឈមណ្ឌលសិក្សាបច្ចេកទេសធនាគារ ដើម្បីពង្រីកវិសាលភាព និងគុណភាពសិក្សា រួមទាំងការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សា និងមុខវិជ្ជាសិក្សា។  លើសពីនេះ លោកស្រី ក៏បានស្នើឱ្យ AFD ជួយពង្រឹងសមត្ថភាពមន្រ្តីបុគ្គលិកលើផ្នែកគ្រប់គ្រងសារមន្ទី និងជំនាញទាក់ទងធនាគារកណ្តាល តាមរយៈការផ្តល់អាហារូបករណ៍ ឬការចែករំលែកជំនាញពីប្រទេសបារាំង ផងដែរ។
 
លោកស្រី Sandrine Boucher បានលើកឡើងពីសកម្មភាពការងាររបស់AFDនៅកម្ពុជា  ដែលបាន​ពង្រឹង​សមត្ថភាព​ស្ថាប័ន​ និង​រួមចំណែក​លើកកម្ពស់​គោល​កាណ៍កា​រពារ​អតិថិជន​។ លោកស្រី Sandrine Boucher បានអះអាងថា៖ AFD ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបន្ថែមទៀត និង រីករាយបន្តកិច្ចសន្ទនាដោយបើកចំហជាមួយធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងហានិភ័យ និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ»។  
 
លោកស្រីក៏បាននិយាយពីកិច្ចសហប្រតិបត្តិការរបស់ AFD លើផ្នែកហិរញ្ញប្បទានបៃតង ថាមពល ទឹកស្អាត និងអគ្គីសនី ជាដើម​នៅកម្ពុជា។ 
 
​គិត​ត្រឹម​ឆមាសទី១​ឆ្នាំ​២០២៣ នៅ​កម្ពុ​ជាមាន​ធនាគារចំនួន៦៤, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​៥, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុមិន​ទទួល​ប្រាក់​បញ្ញើ​មាន៨២, គ្រឹះស្ថាន​ឥណទាន​ជនបទ មានចំនួន ​១១៨​។ នេះបើយោងតាម​របាយការណ៍​របស់ធនាគារជាតិ។​
 
របាយការណ៍ដដែលបានបង្ហាញថា  ឥណទាន​អតិថិជននៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុនេះ បាន​កើនឡើង ១៤,៨​ ភាគរយ ដែលមានទំហំដទឹកប្រាដល់ក់ ៩,៧​ពាន់​លាន​ដុល្លារ​។​ ឥណទាន​ទាំងនោះ ​ផ្តល់​ទៅ​វិស័យ​សំខាន់ៗ​ដូចជា៖ អង្គភាព​គ្រួសារមានចំនួន ៣៤​ ភាគរយ នៃទំហំសរុប, ពាណិជ្ជកម្ម​និង​ជំនួញមាន២៣,២ភាគរយ កសិកម្ម ១៧,៧ភាគរយ សេវាកម្ម​១៣,៤ ដឹកជញ្ជូនមាន៤,២​ភាគរយ សំណង់មាន៤,៤​ ភាគរយ កម្មន្តសាលមាន១,៩ភាគរយ ​​ និង​ផ្សេងៗ ១,៣ ​ភាគរយ។ វិស័យនេះ ​បានទទួល​ប្រាក់​បញ្ញើ ​៤,៩​ ពាន់​លាន​ដុល្លារ ស្មើនឹង​ ២,៧​ លាន​គណនី​៕ 

Tag:
 ហិរញ្ញវត្ថុ
  ធនាគារជាតិនៃកម្ពុជា
  AFD
© រក្សាសិទ្ធិដោយ thmeythmey.com