ជាតិ
ប្រមុខរដ្ឋាភិបាល ស្នើឱ្យម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃបន្ទប់ ស្របពេលកម្មករឡើងប្រាក់ខែគោលថែមទៀត
03, Oct 2023 , 8:19 pm        
រូបភាព
សម្ដេច​ ហ៊ុន ម៉ាំណែត ជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ០៩៩នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ នៅថ្ងៃទី៣ តុលា ២០២៣។
សម្ដេច​ ហ៊ុន ម៉ាំណែត ជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ០៩៩នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ នៅថ្ងៃទី៣ តុលា ២០២៣។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ស្នើឱ្យម្ចាស់ផ្ទះជួលទាំងអស់ កុំដំឡើងថ្លៃបន្ទប់ ស្របពេលកម្មករ និយោជិតរោងចក្រ ទទួលបានប្រាក់ខែគោល២០៤ដុល្លារ នៅឆ្នាំ២០២៤។ សម្ដេច​ ថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ០៩៩នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ នៅថ្ងៃទី៣ តុលា។



សម្ដេច ហ៊ុន ម៉ាណែត ទទួលស្គាល់ថា ម្ចាស់ផ្ទះជួល ក៏ជួបការលំបាកនៅក្នុងបរិបទនេះ ទោះបីជាជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ហើយក្តី ប៉ុន្តែកម្មករ-និយោជិត ក៏ជួបការលំបាកដូចគ្នា នៅក្នុងកាលៈទេសៈនេះ។ បើតាមប្រមុខរដ្ឋាភិបាល នៅក្នុងបរិបទនេះ ត្រូវចែកគ្នារស់ ប្រសើរជាងរកផលចំណេញរៀងខ្លួន។
 
«ខ្ញុំបានចេញសារអំពាវនាវឱ្យម្ចាស់ផ្ទះជួល ជួយធ្វើយ៉ាងម៉េចជួយថែរក្សា (តម្លៃជួលបន្ទប់) អាហ្នឹង ឱ្យមានការយោគយល់គ្នា។ ខ្ញុំដឹងថា ម្ចាស់ផ្ទះជួលក៏លំបាក។ ប៉ុន្តែបើគិតដល់កម្មករ កម្មការិនី ប្រហែលជាគាត់លំបាកជាង»។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត ដែលជំរុញឱ្យអគ្គិសនីកម្ពុជា និងរដ្ឋាករទឹកស្វយ័ត បន្តភ្ជាប់បណ្ដាញទៅដល់តំបន់ផ្ទះជួល ដើម្បីជួយសម្រួលដល់ការចំណាយរបស់កម្មករ និងនិយោជិត។
 
កម្មករ និយោជិត ទទួលបានប្រាក់ខែគោល ២០៤ ដុល្លារ នៅឆ្នាំ២០២៤ តាមរយៈការព្រមព្រៀងរវាងភាគីថៅ និងតំណាងកម្មករ និយោជិត ក្រោយឆ្លងកាត់ការប្រជុំពិភាក្សាជាច្រើនលើក។ ក្នុងនោះ ភាគីថៅកែ និងតំណាងកម្មករ ព្រមព្រៀងការដំឡើង ប្រាក់ខែគោល២ដុល្លារ ហើយសម្តេច ហ៊ុន ម៉ាណែត សម្រេចបន្ថែម២ដុល្លារទៀត។ ប្រាក់ខែគោលកម្មករ និយោជិត ចំនួន២០០ដុល្លារ កាលពីឆ្នាំ២០២៣។
 
សម្រាប់ការដំឡើងប្រាក់ខែគោល៤ដុល្លារបន្ថែមទៀតនេះ ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា វាជាយុទ្ធសាស្រ្ត និងជារូបមន្ត «ចែកគ្នារស់ ជួយគ្នារស់» ។ បានន័យថា ថៅកែរោងចក្រ ក៏អាចទទួលយកបាន ហើយអាចរក្សាការងារសម្រាប់កម្មករនិយោជិត ក្រោយវិបត្តិកូវីដ-១៩ ។
 
គិតត្រឹមដើមខែសីហានេះ វិស័យកាត់ដេរដែលបម្រើឱ្យការនាំចេញរបស់កម្ពុជា មានរោងចក្រសរុប ១ ០៧៧ រោងចក្រ។ ក្នុងនោះ រួមមានរោងចក្រផលិតសម្លៀកបំពាក់ចំនួន៨០២, រោងចក្រផលិតស្បែកជើងមាន១៤០ និងរោងចក្រផលិតកាបូបមាន១៣៤។ រោងចក្រទាំងនេះ ផ្តល់ការងារដល់ពលរដ្ឋកម្ពុជាបានប្រមាណ៧៦ម៉ឺននាក់។ នេះជាការលើកឡើងរបស់លោក គង់ សាង ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) កន្លងមក។ 
 
ដើម្បីស្តារ និងបន្តធានាបាននូវភាពប្រកួតប្រជែង ជាពិសេស ការប្រកួតប្រជែងពីប្រទេសផ្សេងៗដូចជា វៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា បង់ក្លាដែស នោះ កម្ពុជាចាំបាច់ត្រូវដោះស្រាយនូវបញ្ហាប្រឈមសំខាន់ៗចំនួន៥។ ក្នុងនោះមាន តម្លៃពលកម្ម និងផលិតភាពការងារ, តម្លៃភ័ស្តុភារ និង កិច្ចសម្រួលពាណិជ្ជកម្ម, ពន្ធដារ, ការវិនិយោគ និង ការអភិវឌ្ឍឧស្សាហកម្មគាំទ្រ រួមទាំងការអនុវត្តប្រកបដោយចីរភាពបរិស្ថាន និងសង្គម។ លោក គង់ សាង បន្ថែម។
 
ក្នុងឆ្នាំ ២០២២ ការនាំចេញរបស់កម្ពុជាក្នុងវិស័យនេះសម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ១២,៥ពាន់លានដុល្លារ ស្មើនឹងជិត៦០ភាគរយ នៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា ហើយបានចូលរួមចំណែកប្រមាណ ១០ ភាគរយ នៃសេដ្ឋកិច្ចកម្ពុជា៕ 
 

Tag:
 ហ៊ុន ម៉ាណែត
  សេដ្ឋកិច្ច
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com