ជាតិ
ទឹកជំនន់៖ ក្រសួងកសិកម្ម ត្រៀមគ្រាប់ពូជចែកជូនកសិករ ដើម្បីស្ដារ​ស្រូវ​ និងដំណាំខូចខាត​
03, Oct 2023 , 9:29 pm        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ដឹកនាំមន្ដ្រីជំនាញពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ដោយទឹកជំនន់ កាលពីថ្ងៃទី១ តុលា នៅខេត្តពោធិ៍សាត់។ រូបភាព៖ ក្រសួងកសិកម្ម
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ដឹកនាំមន្ដ្រីជំនាញពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ដោយទឹកជំនន់ កាលពីថ្ងៃទី១ តុលា នៅខេត្តពោធិ៍សាត់។ រូបភាព៖ ក្រសួងកសិកម្ម
ភ្នំពេញ៖ ក្រសួងកសិកម្ម បានត្រៀមគ្រាប់ពូជសម្រាប់ចែកជូនកសិករ ដើម្បីស្ដារស្រូវ និងដំណាំផ្សេងៗឡើងវិញ ក្រោយពេលទឹកជំនន់ស្រក។ នេះបើតាមការបញ្ជាក់របស់ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣ ខែតុលា។



បើតាមអ្នកនាំពាក្យរូបនេះ ក្រសួងកសិកម្ម មិនទាន់អាចវាយតម្លៃពីផលប៉ះពាល់នៃដំណាំ ដែលបានរងគ្រោះដោយទឹកជំនន់នៅឡើយទេ។ ប៉ុន្តែបើតាមការចុះពិនិត្យដោយផ្ទាល់របស់មន្រ្តីជំនាញ ផលប៉ះពាល់លើដំណាំស្រូវ និងសាវប្បកម្មផ្សេងៗ មិនមានលក្ខណៈធ្ងន់ធ្ងរ ដូចឆ្នាំ២០២២ នោះទេ។​
 
​ក្រសួងកសិកម្ម នឹងវាយតម្លៃឱ្យបានច្បាស់លាស់ពីផលប៉ះពាល់ ក្រោយពេលទឹកស្រក។  ក្រសួងនឹងកំណត់វិធានការឆ្លើយតប និងត្រៀមគ្រាប់ពូជដែលចេញពីប្រព័ន្ធស្បៀងបម្រុង សម្រាប់ផ្ដល់ជូនកសិករ។ នេះជាការបញ្ជាក់របស់ កញ្ញា អ៊ឹម រចនា ។
 
កញ្ញា រចនា បន្ថែមដូច្នេះថា៖«ចំពោះការអន្តរាគមន៍ និងការផ្ដល់ពូជ រដ្ឋាភិបាលកម្ពុជាមានប្រព័ន្ធស្បៀងបម្រុងសម្រាប់ផ្ដល់ជូន តែការផ្ដល់ជូនក្នុងកម្រិតណា ចំនួនប៉ុន្មាន ត្រូវរង់ចាំការវាយតម្លៃជាមុនសិន»។ 
 
​លោក យ៉ង សាំងកុមារ រដ្ឋ​លេ​​ខា​ធិ​ការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពីថ្ងៃទី ២៩ ខែកញ្ញា បានលើកឡើងថា កម្ពុជាបានត្រៀមពូជបម្រុង នៅស្ថានីយផលិតពូជស្រូវ «ព្រៃផ្តៅ» ដើម្បីទុកជួយដល់ពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ក្នុងការស្តារផលិតកម្មស្រូវឡើងវិញ។
 
បច្ចុប្បន្ន​ កម្ពុជាមានស្ថានីយផលិតគ្រាប់ពូជស្រូវ ៦កន្លែង និងមានកិច្ចសហការបន្ថែមជាមួយសហគមន៍កសិករអ្នកផលិតគ្រាប់ពូជស្រូវជាច្រើនកន្លែងទៀត។ នេះគឺជាផ្នែកសំខាន់មួយនៃប្រព័ន្ធស្បៀងបម្រុងរបស់រដ្ឋាភិបាលកម្ពុជា។
 
គិតត្រឹមថ្ងៃទី១ តុលា ទឹកជំនន់បានបំផ្លាញដំណាំកសិកម្ម នៅតាមស្រុកមួយចំនួន ក្នុងខេត្តចំនួន១០ ដូចជា កំពង់ធំ ត្បូងឃ្មុំ ព្រះសីហនុ ព្រះវិហារ បាត់ដំបង ក្រចេះ ពោធិ៍សាត់ កំពង់ចាម ប៉ៃលិន និងកណ្ដាល៕  

Tag:
 ក្រសួងកសិកម្ម
  គ្រាប់ពូជ
  ទឹកជំនន់
  អ៊ឹម រចនា
© រក្សាសិទ្ធិដោយ thmeythmey.com