សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃដាក់គោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ​២០២៧
03, Oct 2023 , 9:59 pm        
រូបភាព
លោក សេដ្ឋា ថាវិស៊ីន នាយករដ្ឋមន្រ្តីថៃថ្មី ។ រូបភាពពី X ឈ្មោះ  Srettha Thavisin  ។
លោក សេដ្ឋា ថាវិស៊ីន នាយករដ្ឋមន្រ្តីថៃថ្មី ។ រូបភាពពី X ឈ្មោះ Srettha Thavisin ។
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានប្រកាសថា រដ្ឋាភិបាលនឹងប្រែក្លាយថៃទៅជាប្រទេសដែលមានចំណូលខ្ពស់នៅរយៈពេល ៤ឆ្នាំបន្ទាប់។

 
នៅក្នុងកិច្ចប្រជុំស្តីពីគោលនយោបាយទាក់ទងថវិកាសារពើពន្ធឆ្នាំ ២០២៤ លោក សេដ្ឋា បាននិយាយថា រយៈពេល ៤ឆ្នាំខាងមុខសេដ្ឋកិច្ចថៃនឹងកើនឡើងជាមធ្យម ៥ភាគរយក្នុងមួយឆ្នាំ​ ហើយប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមានឹងមានចំនួន ៦០០បាតក្នុងមួយថ្ងៃ (១៦,១៥ដុល្លារ) នៅឆ្នាំ ២០២៧។ 
 
ជំហានដំបូង គឺប្រាក់ឈ្នួលអប្បបរមានឹងត្រូវបានដំឡើងបាន ៤០០បាតក្នុងមួយថ្ងៃ(១០,៧៧ដុល្លារ) ហើយប្រាក់ខែសម្រាប់និស្សិតទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនឹងមានចំនួន ២៥ពាន់បាតក្នុងមួយខែ (៦៧៣ដុល្លារ)។ នេះជាផ្នែកមួយដើម្បីឆ្ពោះទៅប្រទេសដែលមានចំណូលខ្ពស់ ខណៈដែលរដ្ឋាភិបាលថៃអាចនឹងប្រមូលពន្ធបានច្រើនបន្ថែមទៀតពីការវិនិយោគ។ 
 
លោក សេដ្ឋា បានលើកឡើងថា ស្ថានភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់សកលបានប៉ះពាល់យ៉ាងខ្លាំងពីជម្លោះភូមិសាស្រ្តនយោបាយ ។ លើសពីនេះ រចនាសម្ព័ន្ធនៃវិស័យផលិតកម្មថៃកំពុងផ្តោតលើផលិតផលមួយចំនួន និងទីផ្សារនាំចេញដែលបានកំណត់តែបណ្ណោះ។
 
ថៃកំពុងប្រឈមមុខបញ្ហាជាច្រើនដែលរដ្ឋាភិបាលថ្មីត្រូវដោះស្រាយតួយ៉ាងដូចជា​ បាតុភូតគ្រោះធម្មជាតិ El Nino ដែលបានប៉ះពាល់ដល់កសិករប្រមាណ ២០លាននាក់ ខណៈកសិករមួយចំនួននៅតែជំពាក់បំណុលគេ បើទោះមានកម្មវិធីព្យួរបំណុលមួយចំនួនដែលផ្តល់ដោយរដ្ឋាភិបាលក៏ដោយ។ 
 
បន្ថែមពីនេះ ភាពចាស់យ៉ាងឆាប់រហ័សនៃចំនួនប្រជាជនក៏បង្ហាញពីបញ្ហាប្រឈម និងហានិភ័យថ្មីជាមួយនឹងផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច សមតុល្យសារពើពន្ធ និងសុខភាព។
 
ក្នុងរយៈពេលខ្លី រដ្ឋាភិបាលថៃនឹងផ្តល់អាទិភាព​ដល់ការបង្កើនប្រាក់ចំណូល កាត់បន្ថយការចំណាយ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ វិធានការដ៏លេចធ្លោមួយរបស់រដ្ឋាភិបាលថៃ គឺគម្រោងផ្តល់ប្រាក់ឌីជីថល ១០ពាន់បាត (២៧០ដុល្លារ) សម្រាប់មនុស្សម្នាក់ចាប់ពីអាយុ១៦ឆ្នាំ នឹងអាចជំរុញទាំងតម្រូវការ និងការផ្គត់ផ្គង់ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចក្នុងស្រុក ។ 
 
ជុំវិញវិស័យទេសចរណ៍ ថៃគ្រោងនឹងអនុវត្តកម្មវិធីគ្មានទិដ្ឋាការដូចដែលបានអនុវត្តចំពោះប្រជាជនចិន និងកាហ្សាក់ស្ថានកន្លងមកដើម្បីពន្លឿនការអភិវឌ្ឍតំបន់ទេសចរ។ 
 
ចំណែកការកាត់បន្ថយថ្លៃចំណាយប្រចាំថ្ងៃ គណៈរដ្ឋមន្រ្តីថៃបានអនុម័តរួចហើយដូចជាកាត់បន្ថយថ្លៃថាមពល ជាពិសេសប្រងម៉ាស៊ូតមកត្រឹម ៣០បាត(០,៨១ដុល្លារ)ក្នុងមួយលីត្រ និងភ្លើងអគ្គិសនី ៣,៩៩បាត (០,១១ដុល្លារ) ក្នុងមួយគីឡូវ៉ាត់ម៉ោរួមទាំងផែនការកាត់បន្ថយថ្លៃហ្គាស។ 
 
លើសពីនេះ ថៃបានអនុម័តគម្រោងការផ្អាកសងបំណុលរបស់កសិករចំនួន ២,៧លាននាក់។ ក្រៅពីការព្យួរបំណុល រដ្ឋាភិបាលនឹងលើកកម្ពស់ការច្នៃប្រឌិត ដើម្បីបង្កើនប្រាក់ចមណូលដល់កសិករដោយកាត់បន្ថយថ្លៃដើមការផលិតជីជាដើម ។ 
 
បន្ថែមពីនេះ ថៃគ្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ជាពិសេសឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងគ្រោងនឹងសាងសង់ព្រលានយន្តហោះបន្ថែមទៀត ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ ជាពិសេសតភ្ជាប់ផ្លូវរថភ្លើងជាមួយចិន៕
 

Tag:
 ថៃ
  សេដ្ឋកិច្ច
  ប្រទេសមានចំណូលខ្ពស់
© រក្សាសិទ្ធិដោយ thmeythmey.com