ជាតិ
សេដ្ឋកិច្ច
លោក ជា វ៉ាន់ដេត យកខេត្តតាកែវ ធ្វើជាគំរូនៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល
04, Oct 2023 , 8:39 am        
រូបភាព
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកំណត់យកខេត្តតាកែវទាំងមូល ធ្វើជាគំរូនៃការអនុវត្តគម្រោង​អភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលដល់សិស្ស និងប្រជាពលរដ្ឋមូលដ្ឋាន។ លោក បានអះអាងថា ការអនុវត្តគម្រោងនេះ ​គឺជាទិសដៅមួយនៃការកសាងពលរដ្ឋឌីជីថល​ ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។​

 
«នៅសប្តាហ៍ក្រោយ ខ្ញុំនឹងទៅសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល នៅស្រុកបាទី ហើយចេញពីស្រុកបាទី ខ្ញុំនឹងយកខេត្តតាកែវទាំងមូល ធ្វើជាគំរូ[នៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល]។ ធ្វើបានល្អហើយ បានយើងរុញចេញខេត្តផ្សេងៗទៀត»។ លោក ជា វ៉ាន់ដេត ថ្លែងបែបនេះក្នុងពិធីដាក់ឱ្យដំណើរការ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលរបស់ក្រសួងប្រៃសណីយ៍ ជាមួយសាកលវិទ្យាល័យ-វិទ្យាស្ថានចំនួន៦ នៅរាជធានីភ្នំពេញ នាថ្ងៃទី២តុលា​ ឆ្នាំ២០២៣។​
 
បើតាមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ក្នុងឆ្នាំ២០២៤ ខេត្តតាកែវ នឹងមានមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលយ៉ាងតិច ២០កន្លែង។ ​ លោក ជា វ៉ាន់ដេត បានបញ្ជាក់ថា តួនាទីសំខាន់របស់មជ្ឈមណ្ឌលនេះ នឹងបង្រៀនកូនសិស្សកម្រិតវិទ្យាល័យ ឱ្យចេះ​បច្ចេកវិទ្យាឌីជីល​ថល​ ដោយបង្រៀនចេញពីរាជធានីភ្នំពេញ តាមប្រព័ន្ធអនឡាញ។  
 
បច្ចុប្បន្ន ក្រសួងក្រសួងប្រៃសណីយ៍ បានរៀបចំកម្មវិធីសិក្សាតាមអនឡាញ(E-Learning Platform)រួចហើយ ដោយត្រូវសហការជាមួយក្រសួងពាក់ព័ន្ធនានា ដើម្បីឱ្យគ្រូនៅតាមសាលានីមួយៗ ដែលឆ្លងកាត់ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ជាអ្នកបង្រៀនសិស្ស។ ប៉ុន្តែ ក្នុងករណីក្រសួង-ស្ថាប័នពាក់ព័ន្ធមិនសហការលើគម្រោងខាងលើនេះទេ ក្រសួងប្រៃសណីយ៍ នឹងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល នៅក្រៅសាលារៀន។ នេះជាការរៀបរាប់របស់លោក ជា វ៉ាន់ដេត ។
 
លោកបានបន្ថែមថា មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលនេះ ក៏អនុញ្ញាតឱ្យប្រជាកសិករ ក៏ដូចប្រជាពលរដ្ឋ ដែលមានបំណងចង់ស្វែងយល់ពីវិស័យឌីជីថល​ អាចចុះឈ្មោះចូលរៀនបាន ផងដែរ។ លោក​​និយាយដូច្នេះ៖ «ដូចជា គាត់ [កសិករ] អត់ចេះបង់លុយតាមប្រព័ន្ធអនឡាញ អត់ចេះទិញទំនិញតាមអនឡាញ អត់ចេះសុំសេវាសាធារណៈតាមអនឡាញ...ជាដើម គឺយើងមានបន្ទប់មួយក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលយើង ស្វាគមន៍គាត់មករៀន»។  
 
បើតាមលោក ជា វ៉ាន់ដេត មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលនេះ ក៏អាចជាកន្លែងបណ្តុះបណ្តាលមន្ត្រីរាជការមូលដ្ឋាន ផងដែរ។ 
 
ក្រសួងប្រៃសណីយ៍ប្រឹងប្រែងអនុវត្តបែបនេះ ជាការឆ្លើយតបនឹងការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ​ដែលសម្រេចឱ្យបាននៅឆ្នាំ២០៣៥។ ក្របខណ្ឌគោលនយោបាយនេះ ផ្តោតសំខាន់លើកសាងពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី៕ 
 

Tag:
 សេដ្ឋកិច្ចឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com