សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើវិបត្តិអចលនទ្រព្យនៅចិននឹងអូសបន្លាយដល់ពេលណា ?
04, Oct 2023 , 9:09 am        
រូបភាព
ទិដ្ឋភាពនៃទីក្រុង Changsha ខេត្ត Hunan ភាគកណ្តាលប្រទេសចិន ។ រូបភាព ៖ Xinhua ។
ទិដ្ឋភាពនៃទីក្រុង Changsha ខេត្ត Hunan ភាគកណ្តាលប្រទេសចិន ។ រូបភាព ៖ Xinhua ។
វិបត្តិ​អចលនទ្រព្យ​នៅ​​ចិន​កំពុង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ​មាន​ការ​រង្គោះរង្គើ ហើយ​ពិភពលោកបាន​បាត់បង់​ម៉ាស៊ីន​កំណើនដ៏ធំ។ ​ក្រុមហ៊ុនអចលនទ្រព្យជាច្រើននៅចិនជាបន្តបន្ទាប់កំពុងធ្លាក់ចុះនៅលើគែមនៃការដួលរលំដោយសារតែការខាតបង់យ៉ាងធ្ងន់ធ្ងរ ជាមួយបំណុលថ្មីកើនលើបំណុលចាស់ដែលពិបាកសង។



 
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ វិស័យអចលនទ្រព្យបានកត់សម្គាល់នូវអត្រាកំណើនយ៉ាងឆាប់រហ័សរបស់ខ្លួន ព្រមទាំងបានដើរតួនាទីឈានមុខគេក្នុងកំណើនសេដ្ឋកិច្ចរបស់ចិន។ វាមិនត្រឹមតែបង្កើតការងារប៉ុណ្ណោះទេ អចលនទ្រព្យក៏ជាកន្លែងរក្សាទុក និងបង្កើនទ្រព្យសម្បត្តិរបស់ក្រុមមនុស្សវណ្ណៈកណ្តាលដែលកំពុងកើនឡើងនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។ រដ្ឋាភិបាលក្នុងតំបន់របស់ចិនក៏បានពឹងផ្អែកលើចំណូលថវិកាពីការផ្តល់សិទ្ធិប្រើប្រាស់ដីធ្លីផងដែរ។
 
យ៉ាងណាមិញ ចំនួនប្រជាជនរបស់ចិនលែងមានការកើនឡើងខ្លាំងដូចកាលពីមុនទៀតហើយ ។ រដ្ឋាភិបាលចិនបានរឹតបន្តឹងការគ្រប់គ្រងលើសកម្មភាពដែលមានហានិភ័យខ្ពស់ក្នុងវិស័យអចលនទ្រព្យ ជាពិសេសការខ្ចីបំណុលដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដើម្បីវិនិយោគ។ ការរួមបញ្ចូលគ្នានៃកត្តាទាំងអស់នេះធ្វើឱ្យវិនិយោគិនអចលនទ្រព្យចិនស្ថិតក្នុងស្ថានភាពប្រឈមមុខនឹងគំនរបំណុលរួមជាមួយនឹងការផ្គត់ផ្គង់លំនៅដ្ឋានដែលច្រើនជាងតម្រូវការ។
 
ដូច្នេះតម្លៃផ្ទះនៅចិនបានធ្លាក់ចុះ ដោយទាញទម្លាក់តម្លៃទ្រព្យសម្បត្តិគ្រួសារ និងទំនុកចិត្តអ្នកប្រើប្រាស់ និងអាជីវកម្ម។ វិបត្តិនេះបានកើតឡើងនៅពេលដែលទីក្រុងប៉េកាំងព្យាយាមផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួនឆ្ពោះទៅរកការពឹងផ្អែកតិចលើគម្រោងវិនិយោគរបស់រដ្ឋ និងការនាំចេញ ដោយពឹងផ្អែកលើការប្រើប្រាស់កាន់តែច្រើន។
 
តើ​វិបត្តិ​អចលនទ្រព្យ​ចិន​ធ្ងន់ធ្ងរ​ដល់កម្រិតណា?
 
យោងតាមការប៉ាន់ប្រមាណដោយក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ច Gavekal Research បំណុលដែលជំពាក់របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនបច្ចុប្បន្នមានចំនួន ៣៩០ពាន់លានដុល្លារ ដែលជាការគំរាមកំហែងដ៏សំខាន់ដល់សេដ្ឋកិច្ចទាំងមូល។ ថ្មីៗនេះ អ្នកជំនាញសេដ្ឋកិច្ចបានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចរបស់ចិន ព្រមទាំងមនុស្សជាច្រើនបាននិយាយថា សេដ្ឋកិច្ចនឹងមិនឈានដល់គោលដៅកំណើនប្រចាំឆ្នាំប្រហែល ៥ភាគរយដែលកំណត់ដោយរដ្ឋាភិបាលនោះទេ។
 
ទាំងការនាំចេញ និងការនាំចូលរបស់ចិនបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) ទៅកាន់ចិនក្នុងត្រីមាសទីពីរនៃឆ្នាំនេះបានថយចុះជាង ៨០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ខែកក្កដាបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល២ឆ្នាំ ដែលជាសញ្ញាច្បាស់លាស់ដែលថាអ្នកប្រើប្រាស់កំពុងកាត់បន្ថយការចំណាយ។ សន្ទស្សន៍ Hang Seng នៃទីផ្សារភាគហ៊ុនហុងកុង ដែលសហគ្រាសចិនដីគោកធំៗជាច្រើនបានចុះបញ្ជីភាគហ៊ុនកាលពីសប្តាហ៍មុនបានធ្លាក់ចូលទៅក្នុងស្ថានភាពទីផ្សារធ្លាក់ចុះជាង ២០ភាគរយ បើប្រៀបធៀបទៅនឹងកម្រិតខ្ពស់បំផុតដែលបានកំណត់ក្នុងខែមករា។
 
Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយរបស់ចិន ត្រូវបានគេរំពឹងថានឹងខាតបង ៧,៦ពាន់លានដុល្លារក្នុងរយៈពេល ៦ខែឆ្នាំនេះ។ តម្លៃភាគហ៊ុនរបស់ Country Garden បានធ្លាក់ចុះជិត ៧៤ភាគរយចាប់តាំងពីដើមឆ្នាំមក ហើយភាគហ៊ុននេះទំនងជាត្រូវបានដកចេញពីសន្ទស្សន៍ Hang Seng។ ក្រុមហ៊ុននេះក៏យឺតយ៉ាវក្នុងការទូទាត់មូលបត្របំណុលអន្តរជាតិ ហើយមានហានិភ័យនៃការធ្លាក់ចូលទៅក្នុងការខកខាន។
 
ចំណែក China Evergrande ដែលជាក្រុមហ៊ុនខ្នាតយក្សអចលនទ្រព្យចិនមួយទៀត ថ្មីៗនេះបានដាក់ពាក្យសុំការការពារការក្ស័យធននៅអាម៉េរិក ដើម្បីដំណើរការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ បន្ទាប់ពីមានការខកខានកាលពីឆ្នាំ ២០២១។
 
ភាពរញ៉េរញ៉ៃនៃវិស័យអចលនទ្រព្យកំពុងចាប់ផ្តើមរីករាលដាលដល់ទំនុកចិត្តក្រុមហ៊ុនហិរញ្ញវត្ថុរបស់ចិន ដែលជាអ្នកផ្គត់ផ្គង់សម្ភារៈដល់ក្រុមហ៊ុនវិនិយោគមានប្រាក់កម្ចីដោយទទួលប្រាក់ចំណេញខ្ពស់ជាងបើធៀបការសន្សំប្រាក់ ហើយជារឿយៗប្រើប្រាស់ប្រាក់ដែលប្រមូលពីអតិថិជនដើម្បីចាក់ចូលទៅក្នុងគម្រោងអចលនទ្រព្យ។
 
ទន្ទឹមនេះ ក្រុមហ៊ុន Zhongrong International Trust ដែលគ្រប់គ្រងទ្រព្យសម្បត្តិ ៨៥ ពាន់លានដុល្លារកាលពីពេលថ្មីៗនេះ បានខកខានការបង់ប្រាក់ដល់វិនិយោគិន។ វីដេអូជាច្រើនដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីអ្នកវិនិយោគជាច្រើនបានទៅកាន់ការិយាល័យរបស់ Zhongrong ក្នុងទីក្រុងប៉េកាំង ដើម្បីទាមទារប្រាក់។
 
រដ្ឋាភិបាល​ចិន​កំពុង​ធ្វើអ្វី​ដើម្បី​ដោះស្រាយ​វិបត្តិ​អចលនទ្រព្យ?
 
ទីក្រុងប៉េកាំងបានចាប់ផ្តើមរឹតបន្តឹងការគ្រប់គ្រងលើសកម្មភាពខ្ចីប្រាក់របស់អាជីវកម្មអចលនទ្រព្យក្នុងឆ្នាំ ២០២០ ក្នុងគោលបំណងបង្ខំក្រុមហ៊ុននានាសងបំណុលចាស់មុនពេលទទួលយកបំណុលថ្មី។ បទប្បញ្ញត្តិថ្មីនេះនាំឱ្យមានបញ្ហាចម្រូងចម្រាស់នៅក្នុងក្រុមហ៊ុនអចលនទ្រព្យដែលមានបំណុលច្រើនដូចជា Evergrande ឬ Country Garden ។ ក្រុមហ៊ុនអចលនទ្រព្យជាង ៥០ នៅចិនបានខកខានការទូទាត់បំណុលក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមទិន្នន័យពី Standard & Poor's ។
 
ថ្មីៗនេះ រដ្ឋាភិបាលចិនបានប្រកាសកម្មវិធីមួយចំនួនដើម្បីលើកកម្ពស់ការចំណាយ និងការវិនិយោគ ប៉ុន្តែព័ត៌មានលម្អិតមិនច្បាស់លាស់។ កាលពីដើមសប្តាហ៍នេះ ធនាគារកណ្តាលនៃប្រទេសចិន (PBOC) បានទម្លាក់អត្រាការប្រាក់មូលដ្ឋាន (LPR) សម្រាប់រយៈពេល ១ ឆ្នាំ ដែលជាអត្រាការប្រាក់បានអនុវត្តចំពោះប្រាក់កម្ចីសាជីវកម្មភាគច្រើន ប៉ុន្តែបានរក្សាអត្រាការប្រាក់ជាមូលដ្ឋានសម្រាប់រយៈពេល៥ឆ្នាំចំពោះអត្រាការប្រាក់អនុវត្តចំពោះប្រាក់កម្ចីទិញផ្ទះ។ កន្លង​មក អ្នកជំនាញ​សេដ្ឋកិច្ច​រំពឹង​ថា​ក្រុង​ប៉េកាំង​នឹង​ចាត់​វិធានការ​ខ្លាំង​ជាង​នេះ ដូច្នេះ​វិធានការ​ដែល​ក្រុង​ប៉េកាំង​បាន​ប្រកាស​រហូត​ដល់​ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ខក​ចិត្ត។
 
តើ​វិបត្តិ​អចលនទ្រព្យ​ចិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល​យ៉ាងដូចម្តេច?
 
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ចិនបានរួមចំណែកច្រើនជាង ៤០ភាគរយនៃកំណើនសេដ្ឋកិច្ចពិភពលោកសរុបបើធៀបទៅនឹង ២២ភាគរយសម្រាប់អាម៉េរិក និង ៩ភាគរយសម្រាប់តំបន់ចាយប្រាក់អឺរ៉ូ ។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ BCA Research ។
 
ការរឹតបន្តឹងរបស់អ្នកប្រើប្រាស់ចិន ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុនបរទេសដែលកំពុងប្រតិបត្តិការក្នុងទីផ្សារចិន ចាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិក រហូតដល់ក្រុមហ៊ុនម៉ាកប្រណីតៗរបស់អឺរ៉ុប។ សេដ្ឋកិច្ចទន់ខ្សោយរបស់ចិនក៏មានន័យថាកាត់បន្ថយតម្រូវការសម្រាប់ទំនិញជាច្រើន ចាប់ពីប្រេងឆៅ រ៉ែ រហូតដល់សម្ភារសំណង់។ ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាម៉េរិក ដោយបាននាំចូលផលិតផលកសិកម្ម និងគ្រឿងចក្រជាច្រើនពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ 
 
តើវិបត្តិអចលនទ្រព្យនៅចិននឹងអូសបន្លាយដល់ពេលណា ?
 
ជុំវិញសំណួរខាងគេក៏មិនទាន់ប្រាកដ១០០ភាគរយដែរថាវិបត្តិអចលនទ្រព្យនឹងបញ្ចប់នៅពេលណា គឺវាអាស្រ័យលើរដ្ឋាភិបាលចិនក្នុងការពន្លឿនដោះស្រាយបញ្ហានេះ។ ដើម្បីដោះស្រាយវិបត្តិអចលនទ្រព្យនៅចិន អ្នកជំនាញរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានស្នើរវិធានការជាបន្តបន្ទាប់រួមទាំងការកាត់បន្ថយអត្រាការប្រាក់កម្ចី ការអនុវត្តបទប្បញ្ញត្តិដើម្បីបង្កើនសមត្ថភាពក្នុងការសងប្រាក់កម្ចីទិញផ្ទះ និងដាក់ចេញនូវវិធានការជំរុញហិរញ្ញវត្ថុ ដើម្បីជំរុញតម្រូវការអចលនទ្រព្យក្នុងស្រុក។
 
បើតាមអ្នកជំនាញ ADB  អ្នកបង្កើតគោលនយោបាយចិនគួរតែបង្កើតកំណែទម្រង់ មួយបែបទន់ភ្លន់ ដើម្បីជាមូលដ្ឋានសម្រាប់ការកែតម្រូវទីផ្សារដើម្បីជៀសវាងការធ្លាក់ចុះភ្លាមៗក្នុងរយៈពេលខ្លី ស្របពេលជាមួយគ្នានេះបន្តអនុវត្តគោលដៅរយៈពេលវែងដើម្បីឱ្យមានតុល្យភាពជាងមុននូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិស័យអចលនទ្រព្យ។
 
វិស័យអចលនទ្រព្យនៅចិនមានប្រហែល ២១ទៅ២៤ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ចិន។ លើសពីនេះ វិស័យនេះក៏ដើរតួជាទ្រព្យសម្បត្តិសន្សំដ៏ពេញវិយមសម្រាប់គ្រួសារជាច្រើននៅចិន ដោយមួយភាគបួននៃប្រាក់កម្ចីនៅក្នុងវិស័យហិរញ្ញវត្ថុត្រូវបានបម្រុងទុកសម្រាប់អចលនទ្រព្យ៕
 

Tag:
 អចលនទ្រព្យ
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com