ជាតិ
លោក ហ៊ុន ម៉ានី អំពាវនាវឱ្យសមាជិកស.ស.យ.ក ចូលរួមជួយក្នុងអំឡុងពេលទឹកជំនន់
03, Oct 2023 , 7:11 pm        
រូបភាព
ភ្នំពេញ៖ ក្នុងរយៈពេល ១សប្ដាហ៍នេះ នៅតាមតំបន់មួយចំនួន រងគ្រោះដោយសារទឹកជំនន់។ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការជួយសង្រ្គោះពលរដ្ឋនៅតាមតំបន់រងគ្រោះ លោក ហ៊ុន ម៉ានី អំពាវនាវដល់សមាជិកត្រូវចេះផ្សារភ្ជាប់ និងនៅជិតពលរដ្ឋជានិច្ច។


នៅរសៀលថ្ងៃទី៣ តុលានេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្ដីណែនាំស្តីពីការចូលរួមចំណែករបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងអំឡុងពេលគ្រោះទឹកជំនន់ ឆ្នាំ២០២៣។ ប្រធានស.ស.យ.ករូបនេះ បានណែនាំដល់សមាជិកឱ្យផ្សារភ្ជាប់ និងនៅជិតប្រជាពលរដ្ឋ តាមរយៈការជួយសង្រ្គោះពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។ 
 
បើតាមសេចក្ដីណែនាំខាងលើ លោក ហ៊ុន ម៉ានី ក៏បានណែនាំឱ្យសមាជិកស.ស.យ.ក គ្រប់លំដាប់ថ្នាក់ សហការជាមួយដៃគូពាក់ព័ន្ធ ក្នុងការប្រមូលថវិកា សម្ភារ និងកម្លាំងពលកម្ម ដើម្បីជួយពលរដ្ឋ។ លើសពីនេះ ត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋានចាត់វិធានការ និងផ្សព្វផ្សាយអំពីស្ថានភាពគ្រោះទឹកជំនន់ ដើម្បីឱ្យពលរដ្ឋប្រុងប្រយ័ត្ន ជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ។ 
 
សូមបញ្ជាក់ថា ភ្លៀងនៅតែបន្តធ្លាក់ដល់ថ្ងៃទី៤តុលានេះ ដោយសារកម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប(ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និងឡាវ រួមជាមួយនឹងខ្យល់មូសុងនិរតីកម្រិតខ្សោយ។ ជាមួយគ្នានេះ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ពោធិ៍សាត់ បាត់ដំបង ព្រះសីហនុ កំពង់ធំជាដើម បានរងគ្រោះដោយសារជំនន់ទឹកភ្លៀង នាពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕
 
 

Tag:
 ទឹកជំនន់
  ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com