ជាតិ
យុវតី ទាច ហុន មិនព្រមឱ្យ​កត្តាជីវភាពបំផ្លាញសុបិនខ្លួនដែលចង់សិក្សាខ្ពស់ឡើយ
04, Oct 2023 , 9:39 am        
រូបភាព
កញ្ញា ទាច ហុន និស្សិតឆ្នាំទី៤ នៃសកលវិទ្យា BBU ខេត្តសៀមរាម ជំនាញនីតិសាស្ត្រ។
កញ្ញា ទាច ហុន និស្សិតឆ្នាំទី៤ នៃសកលវិទ្យា BBU ខេត្តសៀមរាម ជំនាញនីតិសាស្ត្រ។
សៀមរាប៖ រស់នៅដាច់ឆ្ងាយពីសាលា ជីវភាពគ្រួសារខ្វះខាត និងកំព្រាម្ដាយ យុវតី ទាច ហុន បានតស៊ូរៀនសូត្រ ឱ្យបានចប់ត្រឹមថ្នាក់បរិញ្ញាបត្រ។ ដោយសារជីវភាពខ្វះខាត និង​ជាបងស្រីច្បងផង យុវតីអ្នកស្រុកបន្ទាយស្រីរូបនេះ ស្ទើរបោះបង់ការសិក្សាទៅហើយ។ ក្រោយជម្នះរឿងទាំងនេះរួច កញ្ញាថា ប្រសិនបើពេលនោះខ្លួនឈប់រៀន ប្រហែលត្រូវ​រៀបការទាំងវ័យក្មេង ហើយក៏សោកស្ដាយពេញមួយជីវិត​ដែរ។


 
តទៅនេះសូមលោកអ្នកនាង ទស្សនាវីដេអូដែលរៀបចំដោយលោក ស៊ុល រ៉វី ដូចខាងក្រោម៖ 

 
យុវតី ទាច ហុន ជាកូនស្រីច្បង ក្នុងចំណោមបងប្អូនប្រុសស្រី៤នាក់ ដែលកំព្រាម្ដាយ និង​មាន​ឪពុកជាអតីតទាហាន។ រស់នៅក្នុងភូមកំព្រហ្ម នៃស្រុកបន្ទាយស្រី បច្ចុប្បន្នយុវតី​រូប​នេះ កំពុងសិក្សាបរិញ្ញាប័ត្រជំនាញនិតិសាស្ត្រ នៅសាកលវិទ្យាបៀលប្រាយ ក្រុងសៀមរាប​។ 
 
រំឭកទៅកាន់អតីតកាល កុមារីទាច ហុន បានធំធាត់ និងបានបញ្ចប់ថ្នាក់បឋមសិក្សាកំព្រហ្ម ក្នុង​ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កាលនៅកុមារភាពក្មេងស្រីរូបនេះរស់នៅតែជាមួយ​ជីដូន ដោយសារឪពុកជាទាហាន ដូច្នេះម្ដាយ និងឪពុក តែងតែផ្លាស់ទីដែលអាចប៉ះពាល់ ដល់ការ​សិក្សា​របស់នាង ទើបត្រូវរស់នៅជាមួយជីដូន។
 
ក្រោយបញ្ចប់ថ្នាក់បឋមសិក្សា គ្រួសាររបស់កុមារីរូបនេះ ក៏មិនមានជីវភាពធូរធារប៉ុន្មាន នោះឡើយ​ ដើម្បីបញ្ចូនកូនទៅបន្តការសិក្សាថ្នាក់អនុវិទ្យាល័យ។ ម្យ៉ាងទៀតដោយគិតថា ក្មេងស្រី និងជាកូនស្រីច្បងក្នុងគ្រួសារផង ក៏ពុំគួររៀនសូត្រខ្ពង់ខ្ពស់អ្វីនោះឡើយ។ ជា​ សំណាងល្អសម្រាប់ ទាច ហុន គឺមានអង្គការមួយ គឺអង្គការដុងឌុយគ័រ (Don du Choeur) បានជួយទំនុកបម្រុងកញ្ញារហូតដល់កញ្ញាបញ្ចប់ការសិក្សា នៅអនុវិទ្យាល័យតាពេន ក្នុង​ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ 
 
ជីវិតឡើងចុះ មិនទៀតទាត់ មានសង្ឃឹម៣ឆ្នាំ ក្ដីសុបិនចង់រៀនបានខ្ពស់ខ្ពស់របស់ យុវតី ហុន ត្រូវបានរលត់ ដោយអាណាព្យាបាលខ្លួនឱ្យឈប់រៀនត្រឹមថ្នាក់ទី៩។ ការណ៍នេះ ក៏ ព្រោះថាសាលានៅឆ្ងាយពីផ្ទះ ដែលមិនអាចជិះកង់ទៅដល់ ស្របពេលគ្រួសារនាងមិនមាន លទ្ធភាពទិញម៉ូតូឱ្យកញ្ញាជិះទៅរៀនបាន។ 
 
ផ្ទុយមកវិញនាងមិនបានឈប់រៀននោះឡើយ គឺនាងស្វែងរកមធ្យោបាយទៅរៀនទាល់តែ បាន ដោយសុំដោយសារជាមួយមិត្តរួមថ្នាក់នាងម្នាក់ ដែលតែងជិះកាត់ផ្ទះនាង ទៅកាន់ សាលារៀន។ ស្របពេលដែលអង្គការ Don du Choeur នៅបន្តជួយផ្គត់ផ្គង់ការសិក្សាកញ្ញា បន្ត។ 
 
ជាអកុសលក្នុងឆ្នាំ២០២០ ម្ដាយរបស់កញ្ញា ហុន បានទទួលមរណភាព ស្របពេលជាឆ្នាំ ប្រឡងសញ្ញាបត្របាក់ឌុប។ តែទោះបីយ៉ាងណាកញ្ញានៅតែខិតខំសិក្សា ឱ្យចប់ចុងចប់ ដើម នៅថ្នាក់វិទ្យាល័យ។ 
 
ភាពតានតឹងកាន់តែកើនឡើង សម្រាប់អ្នកខេត្តសៀមរាបរូបនេះ ក្រោយជាប់បាក់ឌុប ដែល ឆ្នាំនោះ សិស្សទាំងអស់ត្រូវបានជាប់ដោយស្វ័យប្រវត្តិ។ វាជាពេលដ៏លំបាកមួយ សម្រាប់ យុវតីរូបនេះ ក្នុងការសម្រេចចិត្តថាតើ ត្រូវឈប់សិក្សា ឬធ្វើតាមក្ដីស្រមៃ ដែលចង់រៀនបាន ខ្ពង់ខ្ពស់នោះ។ អ្វីដែលកញ្ញាគិតនៅពេលនោះ គឺប្រសិនបើខ្លួនបន្តការសិក្សាមិនមាន នរណាមើលថែប្អូនៗ និងចំណូលក្នុងគ្រួសារ ហើយប្រសិនបើកញ្ញាបញ្ចប់ការសិក្សាត្រឹម នេះ ក៏មិនបានជួយអ្វី ដល់គ្រួសារជាដុំកំភួនដែរ។
 
គ្រួសារមិនមានជីវភាពធូរធារជារឿងមួយទៀត ឯរឿងមួយទៀតគឺខាងអង្គការ Don du Choeur ដែលជួយបានត្រឹមថ្នាក់វិទ្យាល័យប៉ុណ្ណោះ។ 
 
ជាសំណាងល្អកញ្ញាបានស្គាល់អង្គការមួយ ដែលបានជួយផ្គត់ផ្គង់ការសិក្សា និងការរស់នៅ សម្រាប់ថ្នាក់មហាវិទ្យាល័យរបស់កញ្ញារហូតដល់៤ឆ្នាំ។ 
 
ក្រោយហែលឆ្លងកាត់បទពិសោធន៍ និងការពុះពារជម្នះជាជាច្រើនរួចមកកញ្ញាគិតថា ប្រសិនបើពេលនោះខ្លួនបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៩នោះ ប្រហែលជាកញ្ញាសោកស្ដាយ, ត្រូវរៀនការទាំងវ័យក្មេង និងមិនអាចក្លាយជាគម្រូល្អសម្រាប់ប្អូនបាននោះឡើយ៕ 
 

Tag:
 ThmeyThmey
  ទាច ហុន
  សិស្សច្បាប់
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com