កីឡាជាតិ
ជាតិ
សាលី ហ្វីលីន មិនជឿថាខ្លួន ឈ្នះមេដាយមាសម៉ូតូទឹកកម្រិតពិភពលោក
04, Oct 2023 , 10:59 am        
រូបភាព
កីឡាករម៉ូតូទឹកកម្ពុជា សាលី ហ្វីលីន ឈ្នះមេដាយមាស១ និងប្រាក់១ ពីព្រឹត្តិការណ៍ Jet Ski World Series 2023 នៅទីក្រុង Lake Havasu សហរដ្ឋអាម៉េរិក នៅថ្ងៃទី៣ ខែតុលា​។ ហ្វីលីន ដែលជាប្អូនប្រុស សាលី អ៊ូមើត​ ស្ទើតែមិនជឿថារូបគេ អាចដណ្ដើមបានមេដាយមាសកម្រិតពិភពលោក ព្រោះពេលចាប់ផ្តើម ម៉ូតូខ្លួន នៅចំណាត់ថ្នាក់ទី១០ តាមពីក្រោយគូប្រជែង ដែលមានកម្លាំងម៉ាស៊ីនខ្លាំងៗ ប៉ុន្ដែតាមប្រដេញម្ដងមួយៗ រហូតបញ្ចប់ចំណាត់ថ្នាក់លេខ១។



សាលី ហ្វីលីន ដណ្ដើមបានមេដាយមាស១ លើវិញ្ញាសា Amateur Runabout 1100 Limited និងមេដាយប្រាក់ ១ លើវិញ្ញាសា Amateur Runabout Rec Lites ហើយនៅសល់មួយវិញ្ញាសាទៀត។

ចំពោះមេដាយមាសនោះ ហ្វីលីន បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា រូបលោក ហាក់ស្ទើតែមិនជឿថា អាចធ្វើបានដោយជោគជ័យឡើយ។ កីឡាករកម្ពុជារូបនេះ ប្រឹងអស់ពីសមត្ថភាព និងប្រើបច្ចេកទេសរួមជាមួយ បទពិសោធន៍ប្រកួតកន្លងមក ដើម្បីជោគជ័យនេះ។ ហ្វីលីន ពន្យល់ដូច្នេះថា ពេលចេញដេប៉ាប្រកួត ម៉ូតូរបស់គេ នៅចំណាត់ថ្នាក់លេខ ១០ តាមពីក្រោយគេ ព្រោះមានបញ្ហាបច្ចេកទេសម៉ាស៊ីនបន្ដិចបន្ដួច ប៉ុន្ដែអំឡុងពេលប្រកួតយូរទៅម៉ូតូចាប់ស្ទុះ ហើយប្រដេញឈ្នះ ម៉ូតូ ដែលនាំមុខម្ដង១ៗ។ 
 
ក្រោយដឹងថាឈ្នះពេលមកដល់ទី ហ្វីលីន រត់ទៅអោប សាលី អ៊ូមើត​ បងប្រុសរបស់ខ្លួន ហើយក៏ជាគ្រូបង្វឹក ដែលតែងតែប្រាប់ពីបច្ចេកទេសផងដែរ។ កីឡាករកម្ពុជារូបនេះ បញ្ជាក់ពីអារម្មណ៍ខ្លួនថា ពិតជារំភើបចំពោះមេដាយកម្រិតពិភពលោកនេះ។
 
«ខ្ញុំ អត់នឹកស្មានថា ឈ្នះមេដាយមាស។ ពេលចាប់ប្រកួតភ្លាម ម៉ូតូខ្ញុំចេញយឺតជាងគេ ហើយនៅចំណាត់ថ្នាក់លេខ១០ ដោយសារ ម៉ូតូយើង ខ្សោយជាងគេបន្ដិច ប៉ុន្ដែ យើង មានបទពិសោធន៍ប្រកួតច្រើន ដូច្នេះ ខ្ញុំប្រើបទពិសោធន៍នោះ ដើម្បីប្រកួត»។ សាលី ហ្វីលីន បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា កីឡាករ៩ រូបបានចូលរួមប្រកួតព្រឹត្តិការណ៍ Jet Ski World Series 2023 នៅសហរដ្ឋអាម៉េរិក ជុំផ្ដាច់ព្រ័ត្រ ដែលធ្វើពីថ្ងៃទី៣-៨ ខែតុលា ឆ្នាំ២០២៣៕ 
 

Tag:
 សាលី ហ្វីលីន
  ម៉ូតូទឹក
© រក្សាសិទ្ធិដោយ thmeythmey.com