ជាតិ
សេដ្ឋកិច្ច
កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTS ពីអង់គ្លេស
04, Oct 2023 , 4:29 pm        
រូបភាព
លោក Dominic Williams ឯកអគ្គរាជទូតប្រទេសអង់គ្លេសប្រចាំកម្ពុជា ចាប់ដៃជាមួយសម្តេច ហ៊ុន ម៉ាណែត ក្នុងជំនួបការងារនាព្រឹកថ្ងៃទីតុលា ឆ្នាំ២០២៣។រូបថត៖ STPM
លោក Dominic Williams ឯកអគ្គរាជទូតប្រទេសអង់គ្លេសប្រចាំកម្ពុជា ចាប់ដៃជាមួយសម្តេច ហ៊ុន ម៉ាណែត ក្នុងជំនួបការងារនាព្រឹកថ្ងៃទីតុលា ឆ្នាំ២០២៣។រូបថត៖ STPM
កម្ពុជា កំពុងអនុវត្តនូវប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មថ្មី DCTS ដែលទទួលបានពីរដ្ឋាភិបាលប្រទេសអង់គ្លេស ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មថ្មីនេះ មានលក្ខណៈនិងអត្ថប្រយោជន៍ស្រដៀងទៅនឹងប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP។

 
កម្ពុជា-អង់គ្លេស ចាប់ផ្តើមអនុវត្តនូវគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (Developing Countries Trading Scheme - DCTS) ប្រកបដោយជោគជ័យ។  លោក Dominic Williams ឯកអគ្គរាជទូតប្រទេសអង់គ្លេសប្រចាំកម្ពុជា បានថ្លែងបែបនេះនៅចំពោះមុខសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត ក្នុងជំនួបការងារ នាព្រឹកថ្ងៃទី៤តុលានេះ។  លោកបានបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធថ្មីមួយនេះ គឺដើរតួនាទីជំនួសឱ្យប្រព័ន្ធអនុគ្រោះពន្ធទូទៅ Generalized System of Preferences  (GSP) បន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប កាលពីដើមឆ្នាំ២០២០។ 
 
កន្លងមក កម្ពុជាទទួលបានអត្ថប្រយោជន៍រួចហើយ ពីប្រព័ន្ធអនុគ្រោះពន្ធGSP របស់រដ្ឋាភិបាលប្រទេសអង់គ្លេស ដោយគ្មានរបាំងពន្ធឡើយ។ សម្រាប់ប្រព័ន្ធអនុគ្រោះDCTS ដែលជំនួសឱ្យGSPនេះ ត្រូវបានកែលម្អនូវការអនុគ្រោះពន្ធច្រើន ទាក់ទងនឹងប្រភពដើមនៃទំនិញដែលបាននាំចេញពីកម្ពុជាទៅទីផ្សារអង់គ្លេស។
 
«ការផ្លាស់ប្តូរដ៏សំខាន់រវាង GSP និង DCTS គឺអំពីច្បាប់នៃប្រភពដើម»។ លោក Dominic Williams ធ្លាប់និយាយមកកាន់សារព័តមានថ្មីៗ (ThmeyThmey)បែបនេះ ដោយបានអះអាងថា ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មថ្មីនេះ ផ្តល់ភាពកាន់តែងាយស្រួលសម្រាប់កម្ពុជា ក៏ដូចប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត​ក្នុងការផលិតទំនិញ ដើម្បីនាំទៅកាន់ទីផ្សារប្រទេសអង់គ្លេស។  
 
ជុំវិញដំណើរការនៃប្រព័ន្ធអនុគ្រោះថ្មីនេះ សម្តេច ហ៊ុន ម៉ាណែត ស្នើសុំអង់គ្លេសឱ្យពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មពីកម្ពុជា បន្ថែមពីលើការនាំចូលផលិតផលវាយនភណ្ឌ និងផលិតផលស្បែកជើង។ 
 
កាលពីថ្ងៃទី៣តុលា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម​បានប្រាប់ដល់ផលិតករ ឬអ្នកនាំចេញទាំងអស់ ត្រូវអនុវត្តតាមវិធានដើមកំណើតទំនិញរបស់ប្រទេសអង់គ្លេស ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ DCTS នេះ។  សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា៖ «ប្រព័ន្ធអនុគ្រោះពន្ធនេះ នឹងផ្តល់ភាពងាយស្រួលបន្ថែមទៀត តាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ ដែលក្នុងនោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក(Local content) ត្រឹម២៥ភាគរយ។ រីឯតម្លៃវត្ថុធាតុដើមនាំចូលសម្រាប់ប្រើប្រាស់(Non originating content) រហូតដល់៧៥ភាគរយ  ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធរហូតដល់៤ទៅ៦ខ្ទង់»។  
 
អង់គ្លេសជាចំណែកទីផ្សារដ៏សំខាន់មួយក្នុងការបញ្ជាទិញទំនិញពីកម្ពុជា ដែលមានលក្ខណៈដូចនឹងទៅសហភាពអឺរ៉ុប។ ទំនិញដែលកម្ពុជានាំទៅទីផ្សារប្រទេសនេះមាន សម្លៀកបំពាក់ ស្បែកជើង កង់ និងកសិផលមួយចំនួនទៀត។ សព្វថ្ងៃ កម្ពុជាកំពុងខិតខំជំរុញការនាំចេញរបស់ខ្លួន ទៅកាន់ទីផ្សារប្រទេសនេះ តាមរយៈការធ្វើពិពិធកម្មទំនិញ។ ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្ម។ 
 
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បាននិយាយប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)យ៉ាងដូច្នេះ៖ «យើងចង់នាំចេញផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ ដែលបច្ចុប្បន្នយើងមានច្រើនដែរគឺបាននាំទៅទីផ្សារអឺរ៉ុប ហើយយើងក៏ចង់នាំផលិតផលកសិកម្មបន្ថែមទៀតទៅកាន់បណ្តាប្រទេសនៅសហភាពអឺរ៉ុប រួមទាំងអង់គ្លេស ផងដែរ»។
 
ផលិតផលសម្គាល់ភូមិសាស្ត្រ(GI) របស់កម្ពុជាដែលត្រូវនាំចេញ និងទទួលបានការគាំទ្រខ្លាំងពីទីផ្សារអឺរ៉ុបនោះ គឺម្រេចកំពត និងស្ករត្នោត។ ក្រៅពីនេះ ក្រូចកោះទ្រង់  អំបិលកំពតកែប, បង្កងតាកែវ, ទឹកត្រីកំពតកែប និងក្តាមថ្មកោះកុង ក៏ជាផលិតផលសម្គាល់ភូមិសាស្ត្រ ផងដែរ។
 
បើតាមលោក ប៉ែន សុវិជាតិ កម្ពុជាក៏កំពុងសិក្សាលទ្ធភាពក្នុងការបង្កើតទំនាក់ទំនងពាណិជ្ជកម្មស៊េរីទ្វេភាគីជាមួយអង់គ្លេស ផងដែរ។ «យើងបានសិក្សា ហើយឃើញសក្កានុពលច្រើនដែរ  តែ[ការសិក្សានោះ]មិនទាន់ចេញជារូបរាងទេ គ្រាន់ស្ថិតក្នុងការវាយតម្លៃបឋម»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម  ដែលសម្លឹងឃើញអង់គ្លេសជាទីផ្សារសក្កានុពលមួយ អាចធ្វើឱ្យកម្ពុជាពិពិធកម្មទីផ្សារបានបន្ថែមទៀត។ 
 
បើតាមលោក សុវិជាតិ ការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអង់គ្លេស អាចមានភាពងាយស្រួល ពីព្រោះអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុប ដែលមិនស្ថិតក្នុងរដ្ឋបាលគយអឺរ៉ុបទៀតឡើយ។
 
យោងតាមស្ថិតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអង់គ្លេស សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ៩៧៧លានដុល្លារ ដែលកើនក្នុងអត្រា ២៣,៩ភាគរយ ធៀបនឹងឆ្នាំ២០២១។ 
 
៨ខែ​នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានជិត៦០០លានដុល្លារ ធ្លាក់ចុះ១៤,៣ភាគរយ ធៀបនឹងពេលដូចគ្នាកាលឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាមាន ៥២៨លានដុល្លារ ខណៈនាំចូលមាន៦០លានដុល្លារ៕
 

Tag:
 ពាណិជ្ជកម្ម
 ​ ប្រព័ន្ធអនុគ្រោះពន្ធ DCTS
© រក្សាសិទ្ធិដោយ thmeythmey.com